អ្នកការទូតកំពូលរបស់រុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មកកាន់ប្រទេសចិន ក្នុងដំណើរទៅអន្តរជាតិដ៏កម្រ ដើម្បីចូលរួមវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ» ខួប ១០ ឆ្នាំ នៅថ្ងៃ១៧ និង១៨ ខែតុលា នេះ។
ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីប្រទេសចំនួន ១៣០ ដែលទំនងជានឹងផ្ដោតលើការពិភាក្សាអំពីបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្គាហ្សា។
ដំណើរទស្សនកិច្ចទៅកាន់មហាអំណាចចិនលើកនេះ គឺជាលើកដំបូងរបស់លោកពូទីន រាប់ចាប់តាំងពីការឈ្លានពានទឹកដីអ៊ុយក្រែន មក។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនមានឈ្មោះថាTwitter ថា «លោក ឡាវរ៉ូវ បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់ប្រទេសចិន ហើយ»។
ទីក្រុងប៉េកាំងកំពុងដើរតួធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមួយ ដែលមានតំណាងប្រទេសចំនួន ១៣០ ចូលរួម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ ដើម្បីប្រារព្ធខួបមួយទសវត្សរ៍នៃយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាគម្រោងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បីពង្រីកវិសាលភាពជាសកលរបស់ប្រទេសចិន។
ប៉ុន្តែគ្រប់ភាគីទាំងអស់ហាក់ដូចជាផ្ដោតការចាប់អារម្មណ៍ទៅលើវត្តមានរបស់លោក ពូទីន ដែលកាលពីខែមុន លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅទីក្រុងស៊ានផេថឺស្បឺក (Saint Petersburg) ថាលោកនឹងទទួលការអញ្ជើញរបស់លោក ស៊ី ដោយក្ដីរីករាយក្នុងការទៅទស្សនកិច្ចនៅប្រទេសចិនក្នុងឱកាសនៃកិច្ចប្រជុំអំពី BRI។
ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន និងការប្រឈមមុខជាមួយភាពឯកោនៅលើឆាកអន្តរជាតិ លោក ពូទីន កាន់តែពឹងផ្អែកទៅលើប្រទេសចិន។ កាលពីសប្តាហ៍មុន លោកក៏បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងចំនួនជនស៊ីវិលដែលបានស្លាប់និងរងរបួសនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា។
ឯកអគ្គរដ្ឋទូតវិមានក្រឹមឡាំងប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការផ្អាកជម្លោះរវាងក្រុមហ៉ាម៉ាស់នៅហ្កាហ្សា និងអ៊ីស្រាអែល និងបានស្ដីបន្ទោសសហរដ្ឋអាមេរិកថាជាអ្នករួមចំណែកនៅក្នុងជម្លោះនេះ។ គួរកត់សម្គាល់ថា ការទិញប្រេងរបស់ចិន ពីរុស្ស៊ី បានកើនឡើងយ៉ាងច្រើន ដែលជាកត្តាជួយដល់រុស្ស៊ី ក្នុងអំឡុងពេលដែលលោកខាងលិចបាននិងកំពុងដាក់ទណ្ឌកម្ម។
ប្រទេសចិន បានបដិសេធមិនថ្កោលទោសសង្គ្រាមដែលរុស្ស៊ី បានបង្កឡើងនៅអ៊ុយក្រែន ហើយបានព្យាយាមបង្ហាញថា ខ្លួនជាភាគីអព្យាក្រឹត ខណៈដែលកំពុងផ្តល់ការគាំទ្រផ្នែកការទូត និងហិរញ្ញវត្ថុដល់ទីក្រុងម៉ូស្គូ។
រុស្ស៊ី និងចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ ពីព្រោះពួកគេទាំងពីរត្រូវការគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងការត្រួតត្រារបស់លោកខាងលិច។ លោក ពូទីន បាននិយាយថា ប្រទេសទាំងពីរមានទំនាក់ទំនងរឹងមាំ ហើយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន គឺល្អខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី រូបនេះ បានបន្ថែមថា ពិភពលោកកំពុងឈានឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ដែលមានប្រទេសមហាអំណាចជាច្រើន ហើយគំនិតរបស់លោកប្រធានាធិបតី ស៊ីជីន ពីង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកក៏បានរំលេចថា «លោកប្រធានាធិបតី ស៊ី ជីនពីង ជាមេដឹកនាំដែលមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ និងជាមេដឹកនាំពិភពលោកដ៏ពិតប្រាកដ»។
លោកពូទីន ក៏បានលើកឡើងអំពីពេលវេលាល្អៗដែលលោកធ្លាប់មានជាមួយប្រធានាធិបតី ស៊ី ហើយលោកសង្ឃឹមថា ពួកគេទាំងពីរ នឹងបន្តមានទំនាក់ទំនងល្ អនៅពេលដែលពួកគេជួបគ្នានៅប្រទេសចិន នាពេលខាងមុខនេះ។
មេដឹកនាំជាច្រើនផ្សេងទៀតបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងរួចហើយសម្រាប់ចូលរួមកិច្ចប្រជុំកំពូលនេះ រួមមាននាយករដ្ឋមន្ត្រីហុងគ្រី ប្រធានាធិបតីឈីលី ប្រធានាធិបតីកេនយ៉ា និងនាយករដ្ឋមន្ត្រីអេត្យូពីជាដើម៕