ក្រសួង​ទេសចរណ៍ ​និងកី​ឡា​របស់​ប្រទេស​ថៃ​ គ្រោង​នឹង​ប្រើ​ប្រាស់​ថវិកា​ចំនួន​ ៦០០ លាន​បាត​ (១៦ លាន​ដុល្លារ​អាមេរិក​) ​​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​រដូវ​កាល​ដើរ​លេង​នេះ​ ខណៈ​​ការ​បញ្ចេញ​ថវិកា​សារពើពន្ធ​ឆ្នាំ​ ២០២៤​ ​​រំពឹង​ថា ​នឹង​ពន្យារ​ពេល​រហូត​ដល់​ខែ​មេសា​ ឆ្នាំ​ក្រោយ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​កីឡា​ លោក​ស្រី​ SudawanWangsuphakijkosol​ បាន​និយាយ​ថា​ ថវិកា​ដែល​បាន​ស្នើឡើ​ង​ នឹង​ត្រូវ​បែង​ចែក​ទៅ​ឱ្យ​អាជ្ញាធរ​ទេសចរណ៍​ថៃ​ (TAT) ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ ដោយ​ចាប់​ផ្តើម​ពី​ត្រី​មាស​ទី​ ៤​ ក្នុ​ង​ឆ្នាំ​នេះ​ រហូត​ដល់​ត្រី​មាស​ទី​១​ ឆ្នាំ​ ២០២៤​។​


​គម្រោង​​ផ្សព្វ​ផ្សាយទេសចរណ៍​​សំខាន់​ៗ​រួម​មាន​តាម​រយៈ​កម្មវិធី​​ Amazing Thailand Passport Privileges ​ដែល​ត្រូវ​ការ​ចំណាយ​ ១៥០ លាន​បាត​ ​​ដើម្បី​ផ្សព្វ​ផ្សាយ​ប្រទេសថៃ​​ជា​គោលដៅ​ទិញ​ទំនិញ​​ដ៏​ល្អ​ ខណៈ​ដែល​ប្រាក់​ ១៥០ លាន​បាត​​ផ្សេង​ទៀត​ នឹង​​បែង​ចែក​សម្រាប់​យុទ្ធនាការ​ទីផ្សារ​ សម្រាប់​ទីផ្សារ​អន្តរជាតិ​ទាំង​អស់​។​

​ថវិកា​ប្រហែល​ ២០០​ ​លាន​បាត​នឹង​​រំលែក​​ប្រើ​សម្រាប់​យុទ្ធនាការ​ Thailand Festival Experience​ ដោយ​ផ្សព្វ​ផ្សាយ​ពិធី​បុណ្យ​ធំ​ៗ​នៅ​ទូទាំង​តំបន់​ចំនួន​​៥​។


លោក​ស្រី ​Sudawan បាន​និយាយ​ទៀត​ថា​ ​ប្រាក់​ដែល​នៅ​​សល់​ នឹង​ត្រូវ​​​​​​ប្រើ​សម្រាប់​យុទ្ធនាការ​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​The Link Local to Global» ឬ​«ភ្ជាប់​ប្រជាជន​ក្នុង​តំបន់​ទៅ​សកល​» ដែល​មាន​​​បំណង​ជំរុញ​ការ​ធ្វើ​ដំណើរ​ឆ្លង​តំបន់​។

បើ​តាម​លោក​ស្រី​រដ្ឋ​មន្រ្តី​​គម្រោង​ទាំង​អស់ ​ដែល​ត្រូវ​ចំណាច​នេះ​ អាច​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ពិធី​បុណ្យ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​រដូវ​កាល​គេ​ដើរ​លេង​ រួម​ទាំង​ពិធី​បុណ្យ​ Loy Krathong ​ការ​រាប់​ថយ​ក្រោយ​ឆ្នាំ​ថ្មី​ និង​បុណ្យ​ចូល​ឆ្នាំ​ចិន​ ហើយ​ថែម​ទាំង​អាច​បន្ត​ដល់​ថ្ងៃ​បុណ្យ​​​សង្រ្កាន្ត​ចូល​ឆ្នាំ​ថៃ​​ក្នុង​ខែ​មេសា​ផង​ដែរ​។

គួរ​​បញ្ជាក់​ថា​ ថៃ​គឺ​ជា​ប្រទេស​មួយ​ ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ ដើម្បី​ជា​ចរន្ត​សេដ្ឋកិច្ច​។ការ​លើក​ស្ទួយ​វិស័យ​អាច​នឹង​ជួយសេដ្ឋកិច្ច​ថៃ​ ឱ្យ​ស្ទុះ​ងើប​ឡើង​វិញ​ ខណៈ​វិស័យ​មួយ​នេះ​បាន​ដួល​រលំ​ដោយ​សារ​វិបត្តិ​កូវីដ១៩​ មុន​ពេល​ងើប​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ​​​៕