អង្គការសហប្រជាជាតិ (UN) បាន​និយាយ​កាលពី​ថ្ងៃទី​ ១៥ ​ខែតុលាថា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង​ ១​ លាន​នាក់ ​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​របស់ខ្លួន​ពី​ភាគ​ខាងជើង​នៃ​តំបន់​ហ្គា​ហ្សា ខណៈ​ជម្លោះ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន បន្ត​តានតឹង​ចូលដល់​សប្ដាហ៍​ទី​ ២ ហើយ​មានការ​ព្រមាន​ថា សង្គ្រាម​អាច​នឹង​រីក​រាលដាល​ដល់​ក្នុង​តំបន់​ទាំងមូល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP​។

UN បាន​និយាយថា ការបង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​ខ្លួនឯង​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដ៏​សន្ធឹក​សន្ធាប់​នេះ កើតមានឡើង​ចាប់​តាំងពី​អ៊ី​ស្រា​អែល​បានចាប់ផ្តើម​វិធានការ​ទម្លាក់​គ្រាប់បែក​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស់​ទូទាំង​តំបន់​ហ្គា​ហ្សា ក្រោយ​ក្រុម​ប្រដាប់អាវុធ​នេះ​បើក​ការវាយប្រហារ​ជា​ប្រវត្តិសាស្ត្រ​លើ​អ៊ីស្រា​អែល​ កាលពី​ថ្ងៃទី ​៧ ខែតុលា​។

​មនុស្ស​ជិត​ ១​ លាន​នាក់​នេះ ស្ទើរតែ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ក្នុង​តំបន់​ហ្គា​ហ្សា​សរុប​ទាំងអស់​។


​ខណៈដែល​ស្ថានភាព​ជម្លោះ​នៅតែ​បន្ត​តានតឹង អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ ឱ្យ​ក្រុម​ហា​ម៉ាស់​ដោះលែង​ចំណាប់ខ្មាំង​ទាំង​ប្រមាណ​ ១៥០ ​នាក់​ពី​អ៊ីស្រា​អែល ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។

​បន្ថែម​ពីនេះ លោក​បាន​ទទូច​ភាគីអ៊ី​ស្រា​អែល​ឱ្យ​បើកផ្លូវ​ជំនួយ​មនុស្សធម៌​ចូលទៅក្នុង​តំបន់​ហ្គា​ហ្សា ដោយ​លើកឡើងថា តំបន់​នេះ​ជិត​ធ្លាក់​ទៅក្នុង «​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ជាទីបំផុត​» ហើយ​កត់សម្គាល់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «​ហ្គា​ហ្សា​កំពុង​អស់​ទឹក អគ្គិសនី និង​ការ​​ផ្គត់ផ្គង់​ចាំបាច់​ផ្សេងៗ​ទៀត​» ដោយសារ​ការ​កាត់ផ្ដាច់​របស់អ៊ី​ស្រា​អែល ដែល​ទើបតែ​បើកទឹក​ឱ្យប្រើ​ប្រាស់​នៅ​តំបន់​ភាគ​​ខាងត្បូង​ហ្គា​ហ្សា​វិញ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។


​ការទាមទារ​របស់​ម​ន្ត្រី​ជាន់ខ្ពស់ UN នេះ ធ្វើឡើង​ចំពេល​ដែល​មេដឹកនាំអ៊ីស្រា​អែល បាន​ប្ដេជ្ញា​រំលាយ​ក្រុម​ហា​ម៉ាស់​បន្ទាប់ពី​ព្រមាន​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​រស់នៅ​ភាគ​ខាងជើង​តំបន់​​ហ្គា​ហ្សា​រាប់លាន​នាក់​ផ្លាស់​ទី​ទៅ​ភាគខាងត្បូង​ដើម្បី​ត្រៀមខ្លួន​ពង្រាយ​ទ័ព​ចូល​វាយ​តំបន់​ហ្គា​ហ្សា​ដោយផ្ទាល់​។ ការណ៍​នេះ បង្ក​ការលើកឡើង​ពី​សម្ព័ន្ធ​អារ៉ាប់ និង​សហភាព​អ្រា​ហ្វិ​កថា ការ​លុក​លុយ​តំបន់​ហ្គា​ហ្សា​អាច​នាំឱ្យមាន ​«​ការ​ប្រល័យពូជសាសន៍​ក្នុង​សមាមាត្រ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​» ពី​សំណាក់​កងកម្លាំង​អី​ុ​ស្រា​អែល​។​

​ក្រុមគាំទ្រ​ប៉ា​ឡេ​ស្ទី​ន ហៅ​សកម្មភាព​របស់​អ៊ី​ស្រា​អែល​បច្ចុប្បន្ន​ថា ជា «​អំពើ​ប្រល័យពូជសាសន៍​» និង «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ជា​អ្វីដែល​អ៊ី​ស្រា​អែល​ច្រានចោល​។

​រដ្ឋមន្ត្រីការបរទេសអ៊ី​រ៉ង់ លោក Hossein Amir Abdollahian ក៏បាន​ព្រមាន​ពី​ការរីក​រាល​ដាល​សង្គ្រាម​ក្នុង​តំបន់​ទាំងមូល បើអ៊ី​ស្រា​អែល​វាយ​ចូល​តំបន់​ហ្គា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន​៕