សង្គ្រាមពាក្យសម្តី​កម្រិត​កំពូល​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​កើតឡើង​ដំបូង ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សង្គ្រាម​រវាង​ប្រទេស​អ៊ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន ដែល​ត្រូវបាន​គេ​មើលឃើញថា បាន​ផ្លាស់ប្តូរ​មុខមាត់​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ ដោយ​ភាគី​ទាំង​​ ២ ​​បាន​ព្រលយ​ពី​ការធ្វើ​សង្គ្រាម​រវាង​គ្នា និង​គ្នា​ក្នុង​បរិបទ​ដ៏​សែន​តានតឹង​បំផុត​នេះ​។

​កាលពី​សប្តាហ៍​មុន គណៈ​កម្ម​ការដែល​តែងតាំងឡើង​ដោយ​សភា​អាមេរិក បានផ្តល់​យោបល់​ឱ្យ​អាមេរិក​ធ្វើសង្គ្រាម​ក្នុងពេល​ដំណាលគ្នា​ជាមួយ​មហាអំណាច​បច្ចាមិត្ត ​២ គឺ​រុស្ស៊ី និង​ចិន តាមរយៈ​ការ​ចងសម្ព័ន្ធ​ភាព​ជាមួយ​ប្រទេស​ស​ម្ត័​ន្ធ​មិត្ត នៅ​ថ្ងៃអាទិត្យ​កន្លងទៅនេះ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី រុស្ស៊ី បានឱ្យដឹងថា សង្គ្រាម​ណាមួយ​រវាង​ប្រទេស​ទាំង ​២ (​អាមេរិក និង​រុស្ស៊ី​) គឺ​ខុសពី​កម្រិត​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ខ្លួន​កំពុង​លុកលុយ​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំនេះ​។​

​លោក ពូ​ទីន ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅ​ថ្ងៃទី​ ១៧ និង​ ១៨ ខែតុលា​នេះ សម្រាប់​ការចូលរួម​វេទិកា​ «​ខ្សែ​ក្រវាត់ និង​ផ្លូវ​»​ ក្នុង​ខួប​ ១០ ​ឆ្នាំ បាន​និយាយថា កម្រិត​សង្គ្រាម​នឹងមាន​លក្ខណៈ​ខុសគ្នា​ទាំង​ស្រុង​ពី​សង្គ្រាម​ដែល​កំពុង​កើត​មាននៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉​យ​ទ័​រ លោក ពូ​ទីន មិនបាន​បញ្ជាក់​អំពី​ភាពខុសគ្នា​កម្រិតណា​នោះទេ ប៉ុន្តែ​មានការ​វិភាគ​ខ្លះ​ថា សង្គ្រាម​នុយក្លេអ៊ែរ​នឹង​កើតមានឡើង នៅពេលដែល​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​២​ប៉ះគ្នា​ដោយផ្ទាល់​នោះ​។​

​រយៈពេល​ ២០ ​ខែ​នៃ​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​ហៅ​ត្រឹម​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​» សហរដ្ឋអាមេរិក​មិន​ប្រឈម​ផ្ទាល់​ជាមួយ​រុស្ស៊ី​ទេ ប៉ុន្តែ​បានចេញ​មុខជា​ចំហ​ក្នុងការ​ផ្គត់ផ្គង់​អាវុធ​ទំនើបៗ និង​ការឧបត្ថម្ភ​នានា​ដល់​អ៊ុយ​ក្រែ​ន​សម្រាប់​ប្រយុទ្ធប្រឆាំង​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​


​គណៈកម្មាធិការ​អាមេរិក ដែល​តែងតាំង​ដោយ​សភា​អាមេរិក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​រៀបចំ​សម្រាប់​សង្គ្រាម​ក្នុងពេល​ដំណាលគ្នា​ដែល​អាច​កើតមាន​ជាមួយ​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​​ប៉េកាំង ដោយ​ពង្រីក​កងកម្លាំង​ធម្មតា​របស់ខ្លួន ពង្រឹង​សម្ព័ន្ធភាព និង​ពង្រឹង​កម្មវិធី​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ជាការ​ឆ្លើយតប​នៅ​ថ្ងៃអាទិត្យ​កន្លងទៅនេះ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា ការផ្តល់​យោបល់​រៀបចំ​សម្រាប់​សង្គ្រាម​ប្រឆាំងនឹង​រុស្ស៊ី និង​ចិន គឺជា​រឿង​មិន​សម​ហេតុ​សម​ផល ហើយ​បាន​ព្រមាន​លោកខាងលិច​ថា សង្គ្រាម​ណាមួយ​ប្រឆាំងនឹង​រុស្ស៊ី​នឹង​ស្ថិតក្នុង​កម្រិត​ខុសគ្នា​ទាំងស្រុង​ពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

​លោកពូ​ទីន​បាន​និយាយ​នៅក្នុង​ឃ្លី​ប​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ Telegram ថា​៖ «​ខ្ញុំ​មិន​គិតថា​ទាំងនេះ​ជា​គំនិតល្អ​នៅក្នុង​ចិត្ត​របស់​មនុស្ស​ដែលមាន​សុខភាព​ផ្លូវចិត្ត​ល្អ​ទេ ពីព្រោះ​និយាយថា សហរដ្ឋអាមេរិក​កំពុង​រៀបចំ​សង្គ្រាម​ជាមួយ​រុស្ស៊ី អ៊ីចឹង​យើងទាំងអស់គ្នា​កំពុង​រៀបចំ​សង្គ្រាម ព្រោះ​យើង​ធ្វើតាម​គោលការណ៍​បុរាណ​៖ បើ​អ្នក​ចង់បាន​សន្តិភាព សូម​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​»​។​

​លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​យើង​ចង់បាន​សន្តិភាព​។ លើសពីនេះទៅទៀត ដើម្បី​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី និង​ចិន វា​មិន​សម​ទៅរួច​ទេ​។ ខ្ញុំ​មិន​គិតថា វា​ជាក់​​លាក់​ទេ​។ ខ្ញុំ​គិតថា ពួកគេ​គ្រាន់តែ​បំភ័យ​គ្នា​ទៅវិញ​ទៅ​​មក​ប៉ុណ្ណោះ​»​។​

​ស្របពេល​មានការ​ប្រជែង​យ៉ាងខ្លាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ប្រទេស​ចិន និង​រុស្ស៊ី បាន​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ ដោយ​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ ២ អភិវឌ្ឍ​ភូមិសាស្ត្រ​នយោបាយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​លោកខាងលិច​មួយ​កំពុង​មើល​ដោយ​ក្ដី​តប់ប្រមល់​។​

​តាម​រ៉​យ​ទ័​រ សហរដ្ឋអាមេរិក​ចាត់​ទុក​ប្រទេស​ចិន​ជា​គូប្រជែង​ដ៏​ធំ​បំផុត​របស់ខ្លួន ហើយ​រុស្ស៊ី​ជាការ​គំរាមកំហែង​រដ្ឋ​ដ៏​ធំ​បំផុត​របស់ខ្លួន​។

​រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​ ៥ ៨៨៩ គិត​ត្រឹម​ឆ្នាំ ​២០២៣ ធៀប​នឹង ៥ ២៤៤ ដែល​គ្រប់​​គ្រង​ដោយ​អាមេរិក​។ រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ប្រហែល ​១ ៦៧៤ ​គ្រាប់ ខណៈ​អាមេរិក​មាន​ប្រហាក់ប្រហែលគ្នា​គឺ ១ ៦៧០ ​គ្រាប់​៕