រយៈ​ពេល ​២​ សប្តាហ៍​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Siam Paragon​ ដែល​បាន​បណ្តាល​ឱ្យ​ទេសចរ​ចិន​ម្នាក់​បានស្លាប់​ក្នុង​ចំណោម​អ្នកស្លាប់ ​៣ ​នាក់​ និង​របួស​ ៤​ នាក់ ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​​ប្រមាណ ​៦ ម៉ឺន​នាក់។


យោង​តាម​ការ​ផ្សាយ​របស់​បាង​កក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៧​ខែ​តុលា​នេះ ភ្ញៀវ​ទេសចរ​​ប្រហែល​៦០០០០​នាក់​ពី​ប្រទេស​ចិន​​បាន​លុប​ចោល​ដំណើរ​កម្សាន្ត​ទៅ​កន់​ប្រទេស​ថៃ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​ Siam Paragon​​ដ៏​កក្រើក​​ទីក្រុង​​បាងកក​ និង​ការ​រីក​សា​យ​ព័ត៌មាន​ដ៏​ឆាប់រហ័ស​កាល​ពីថ្ងៃទី​៣ខែ​​តុលា។ ការ​បាញ់​ប្រហារ​នោះ កើត​ឡើង​តែ​​ជាង​១សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់ពីរដ្ឋាភិបាល​ថៃ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​​ទាក់ទាញ​ទេសចរ​ចិន​និង​​កាហ្សាក់ស្ថាន​ តាមរយៈ​ការ​លើក​លេង​ទិដ្ឋាការ​រយៈពេលវែង​។

បាង​កក​ប៉ុស្តិ៍ ​បាន​ឱ្យ​ដឹង​ថា ​ទិន្នន័យ​អាកាស​យានដ្ឋាន​របស់​ថៃ​បង្ហាញ​ថា​ ភ្ញៀវ​ទេសចរ​​ចិន​មក​ដល់​បាន​ធ្លាក់​ចុះ​ ៩,២ភាគ​រយ ​ពី​៦៥០០០០ នាក់ ដល់ ៥៩០០០០ បន្ទាប់​ពី​ឧបទ្ទវ​ហេតុ។​


ចិន​ជា​ទីផ្សារ​បរទេស​​ធំបំផុត​របស់​ប្រទេស​ថៃ មុន​ការ​រីក​រាល​ជំងឺ​កូវីដ​១៩ ​ដែល​មាន​ប្រមាណ​១១​លាន​​នាក់​ក្នុងឆ្នាំ​២០១៩។


សារ​ព័ត៌មាន​ បាង​កក​ប៉ុស្តិ៍​ក៏បាន​ផ្សាយ​ថា ​សហគ្រិន​ក្នុង​សេវា​ស្នាក់​នៅ​ និង​ទេសចរណ៍ ក្នុង​ខេត្ត​ឈៀងម៉ៃ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​​ការ​គ្រប់គ្រង​អាវុធ ដើម្បី​ធានា សុវត្ថិភាព សម្រាប់​ទេសចរ​ បន្ទាប់​ពី​ឧបទ្ទវតហេតុ​នៃ​ការ​បាញ់​នៅ​ក្នុង​ផ្សារ​ទំនើប កាល​ពី​ថ្ងៃ​ទី​៣​ខែ​តុលា។


បាង​កក​ប៉ុស្តិ៍ បាន​ដក​ស្រង់សម្តី ​អាជ្ញាធរ​​ទេសចរណ៍​ថៃ ​ប្រចាំ​តំបន់​ភាគ​ខាងជើង ដោយ​បាន​និយាយថា ​«​ការ​លើក​លែង​ទិដ្ឋាការ ដែល​ដាក់​ចេញ​ដោយ​​រដ្ឋាភិបាល និង​មាន​រហូត​ដល់​ខែ​កុម្ភៈឆ្នាំ​​បន្ទាប់ ​ ដែល​មាន​ពេញ​រដូវ​កំណើន​​ទេសចរ​ខ្ពស់ ​កំពុង​ទាក់​​ទាញ​ទេសចរ​បន្ថែម​ទៀត​​ពី​ចិន និង​កាហ្សាក់ស្ថាន។

​យោង​តាម​ទិន្នន័យ ​ចំនួន​សរុប​នៃ​ទេសចរ​ចិន​ទស្សនា​ប្រទេស​ថៃ ប្រហែល​៤,២​លាន​នាក់ សម្រាប់​ឆ្នាំ​២០២៣។

អំឡុង​ពេល​ត្រីមាស​ទី​៣ ​ទេសចរ​ចិន​​ប្រហែល​១,៨​លាននាក់ ដែលស្នាក់​នៅ​ជាមធ្យម​៤ទៅ​១០​ថ្ងៃ ក្នុង​ដំណើរ​កម្សាន្ត​មួយ​លើក ហើយ ចំណាយ​ប្រាក់​ចន្លោះ ៣ម៉ឺន​ទៅ​១០ម៉ឺន​បាត​ក្នុង​ម្នាក់៕​