អ៊ីរ៉ង់​​បាន​​ព្រមាន​​កាល​ពី​​​ថ្ងៃ​​ចន្ទ​​ អំពីលទ្ធភាព​នៃ​​ «​ចំណាត់​ការ​​ទុក​​ជា​មុន​» ​​​ប្រឆាំង​​នឹង​​អ៊ីស្រាអែល​​ក្នុង​រយៈ​ពេល​​ «​ប៉ុន្មាន​​ម៉ោង​​ខាង​​មុខ​»​ ខណៈ​​អ៊ីស្រាអែល​​ត្រៀម​​ខ្លួន​​ដើម្បី​ចូល​​វាយ​លុក​​ដោយ​ផ្ទាល់​នៅ​តំបន់​ហ្គាហ្សា​​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ការ​​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​តេអេរ៉ង់​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​លុក​លុយ​ដោ​យ​ផ្ទាល់​នៅ​លើ​តំបន់​ហ្គាហ្សា​ ​​នឹង​រង​​ការ​ឆ្លើយ​តប​​ពី​កង​​ប្រដាប់​អាវុធ​តស៊ូ​ផ្សេង​ៗ​ទៀត​ ដែល​ការណ៍​នេះ​ជំរុញ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ ជម្លោះ​អ៊ីស្រាអែល​ និង​ហាម៉ាស់​នឹង​រីក​រាល​ដាល​​ក្នុង​តំបន់​។ ​

​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​Hossein Amir-Abdollahian​ បាន​និយាយ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​មួយ​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​​អ៊ីរ៉ង់​​ថា​​៖ «​លទ្ធភាព​នៃ​ចំណាត់​ការ​ទុក​​ជា​មុន​ដោយ​ទ័ព​តស៊ូ​ ​​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​»​។ លោក​មិន​បាន​បញ្ជាក់ព័ត៌មាន​លម្អិត​ស្ដី​ពី​ចំណាត់​ការ​បែប​ណា​នោះ​ទេ​។


នៅ​ព្រឹក​ថ្ងៃ​ចន្ទទី១៦ ខែតុលា ​ផង​ដែរ​ មន្ត្រី​ការ​ទូត​ និង​ប្រធានាធិបតី​កំពូល​របស់​អ៊ីរ៉ង់​ លោក ​EbrahimRaisi​ បាន​និយាយ​ថា​វា​អស់​ពេល​វេលា​​ក្នុង​ការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ​ហើយ​ និង​បាន​ព្រ​មាន​ប្រឆាំង​នឹង​​ការ​រាល​ដាល​នៃ​​សង្រ្គាម​​អ៊ីស្រាអែល-​ក្រុម​ហាម៉ាស់​​ ទៅ​កាន់​ក្រុម​កង​ទ័ព​ប្រដាប់​អាវុធ​ផ្សេង​ទៀ​ត​។ ​

លោក​ Amir-Abdollahianដដែល​ បាន​និយាយ​នៅ​​ថ្ងៃ​ចន្ទ​ទៀត​ថា​​៖«​មេ​ដឹក​នាំ​​ក្រុម​តស៊ូ​នឹង​មិន​អ​នុញ្ញា​ត​ឱ្យ​អ៊ីស្រាអែល​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​តែ​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ​​។ លោក​បន្ថែម​ថា​៖ «​​​​ប្រ​សិន​បើ​យើង​មិន​ការពារ​ហ្គាហ្សា​នៅ​ថ្ងៃ​នេះ​ទេ​ ​ថ្ងៃ​ស្អែក​ យើង​ត្រូវ​តែ​ការពារ​ប្រឆាំង​នឹង​​ការ​ទម្លាក់​គ្រាប់​បែក​​​លើ​​​មន្ទីរ​ពេទ្យ​កុមារ​​ក្នុង​ប្រទេស​របស់​យើង​»​។


អ៊ីស្រាអែល​បាន​ប្រកាស​សង្រ្គាម​លើ​ក្រុម​ហាម៉ាស់របស់​​ប៉ាឡេស្ទីន​​១​ថ្ងៃ​បន្ទាប់​ពី​ក្រុមសកម្ម​ប្រ​យុ​ទ្ធ​មួយ​​នេះ​​ទម្លុះ​ព្រំដែន​យោធា​ពី​ហ្គាហ្សា​ បើក​ការ​វាយ​ប្រហារ​​លើ​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ ហើ​យ​​បាន​សម្លាប់​មនុស្ស​ជាង​ ១ ៤០០ នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ គិត​មក​ត្រឹម​ពេល​នេះ​។ ​​អ៊ីស្រាអែល​​បាន​ឆ្លើយ​តប​វិញ​ ដោយ​ការ​វាយ​លុក​លើ​តំបន់​ហ្គាហ្សាស្ទ្រីប​ ​រួម​ទាំង​ការ​ទម្លាក់​គ្រាប់​បែក​ និង​ផ្លោង​គ្រាប់​ឥត​ឈប់​ឈរ​ ​ដោយ​សម្លាប់​មនុ​ស្ស​ជាង​ ២ ៧០០ នាក់​ ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ប៉ាឡេស្ទីន​សាមញ្ញ​ដូច​គ្នា​។ ​

កន្លង​មក​ អ៊ីរ៉ង់​​បាន​​អបអរ​​ការ​​វាយ​​ប្រហារ​​របស់​​ក្រុម​​ហាម៉ាស់​ ប៉ុន្តែ​​បាន​​ទទូច​​ថា​ ខ្លួន​​មិន​​ជាប់​​ពាក់​ព័ន្ធ​​នោះ​​ឡើយ​។​ យ៉ាង​ណា​មិញ​ ការ​ព្រមាន​ពី​ចំណាត់​ការ​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ចន្ទ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​អ៊ីស្រាអែល​ត្រៀ​ម​ខ្លួន​ចូល​លុក​លុយ​តំបន់​ហ្គាហ្សា​ ដើម្បី​បោក​សម្អាត​ក្រុម​ហាម៉ាស់​ ​ដែល​បង្ក​ជា​ការ​ភ័យ​ខ្លាច​ ថា​នឹង​ធ្វើ​ឱ្យ​​ជន​ស៊ី​វិល​ស្លាប់​កាន់​តែ​ច្រើន​។

ការ​ព្រមាន​ដដែល​ ក៏​កើត​ឡើង​ផង​ដែរ​ ចំពេល​សហរដ្ឋ​អាមេរិក​បាន​​​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា​ ជម្លោះ​នឹង​រីក​រាល​ដាល​ពី​ក្នុង​តំបន់​ ដោយ​ក្រុម​ហេសប៊ូឡាហ៍​របស់​ប្រទេស​លីបង់ បន្ថែម​​ធ្វើ​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​ពី​ភាគ​ខាង​ជើង​ ក៏​ដូច​ជា​អ៊ីរ៉ង់​នឹង​លូក​ដៃ​ចូល​ជម្លោះ​។

ក្រុម​ហេសប៊ូឡាហ៍ ក៏​ធ្វើ​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​ផង​ដែរ​ ដោយ​និយាយ​ថា​ ជា​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រុម​ហាម៉ាស់​ ដែល​សុទ្ធ​សឹង​តែ​ជា​ក្រុម​ទទួល​បាន​ការ​គាំទ្រ​ពី​អ៊ីរ៉ង់​ដូច​គ្នា៕