ប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន ​ដែល​ចេញ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេសដ៏កម្រ​ នៅ​​ថ្ងៃពុធនេះ ​បានលើក​សរសើរប្រធានាធិបតីចិន លោក ស៊ី ជីនភីង សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងបានអញ្ជើញការវិនិយោគសកលសម្រាប់​គម្រោង​​ផ្លូវ​សមុទ្រ​ភាគ​ខាងជើង ដែលលោកបាននិយាយថា អាចធ្វើឱ្យពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងខាងកើត និងខាងលិច។

ការ​ឡើង​ថ្លែង​ជា​អន្តរជាតិ​ដ៏កម្រ​នៅក្នុងដំណើរទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ដែលគេស្គាល់ជាលើកទី២របស់​លោក នៅខាងក្រៅអតីតសហភាពសូវៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនមក លោកពូទីនបានថ្លែងអំណរគុណ​ដល់មេដឹកនាំចិនសម្រាប់ការអញ្ជើញរូបគាត់ ហើយបាននិយាយថាប្រទេសរុស្ស៊ីអាចដើរតួយ៉ាងសំខាន់ក្នុងដំណើរការរៀបចំឡើងវិញ ក្នុងសម័យទំនើប នៃផ្លូវសូត្របុរាណរបស់ប្រទេសចិន។ ​នេះ​បើ​យោងតាមសេចក្តី​រាយការណ៍​របស់រ៉យទ័រ​។​

លោក ពូទីន បានសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ការនាំពិភពលោករួមគ្នា។ ក៏ប៉ុន្តែ​ តាមសេចក្តី​​រាយការណ៍​នោះ​ មាន​បណ្តាគណៈប្រតិភូ​​អឺរ៉ុប​ខ្លះ​មិន​ចូលរួម​ស្តាប់​សុន្ទរកថា​របស់ពូទីននោះទេ។


អ្នក​យក​ព័ត៌មាន​រ៉យទ័រ បាន​សង្កេត​​ឃើញ​ថា នៅ​មុនបន្តិច​ពេល លោក ពូទីនចាប់ផ្តើមនិយាយ គណៈប្រតិភូអឺរ៉ុបមួយចំនួន តូច រួមទាំងអតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean-Pierre Raffarin បានដើរចេញពីបន្ទប់។

លោកពូទីនបាននិយាយ៖«រុស្ស៊ី និងចិន ក៏ដូចជាប្រទេសភាគច្រើននៃពិភពលោក ចែករំលែកបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចជាសកល និងយូរអង្វែងប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គម ខណៈពេលដែលគោរពភាពចម្រុះនៃអរិយធម៌ និងសិទ្ធិនៃរដ្ឋនិមួយៗ ចំពោះគំរូអភិវឌ្ឍន៍ផ្ទាល់របស់ពួកគេ»។


លោកពូទីនបាននិយាយថា BRI ស័ក្តិសមនឹងរុស្ស៊ីដែលលោកបាននិយាយថាកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនដើម្បីឆ្លងកាត់ប្រទេសដ៏ធំបំផុតរបស់ពិភពលោកជាពិសេសពីផ្លូវសមុទ្រខាងជើងដែលរត់ពី Murmansk នៅជិតព្រំដែនរុស្ស៊ីជាមួយន័រវេសឆ្ពោះទៅកាន់ច្រកសមុទ្រ Bering នៅជិត Alaska ។

​លោក ពូទីន និយាយថា៖​«ចំពោះផ្លូវសមុទ្រខាងជើង រុស្ស៊ីមិនគ្រាន់តែផ្តល់ដៃគូរបស់ខ្លួនឱ្យប្រើប្រាស់សក្តានុពលដឹកជញ្ជូនរបស់ខ្លួនយ៉ាងសកម្មនោះទេ ខ្ញុំនឹងនិយាយបន្ថែមទៀត៖ យើងសូមអញ្ជើញរដ្ឋដែលចាប់អារម្មណ៍ឱ្យចូលរួមដោយផ្ទាល់នៅក្នុងការអភិវឌ្ឍន៍របស់ខ្លួន ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវនាវា បំបែកទឹកកកដែលអាចទុកចិត្តបាន ការទំនាក់ទំនង និងការផ្គត់ផ្គង់»។

​លោក បន្ថែមថា៖​«ចាប់ផ្តើមនៅឆ្នាំក្រោយ ការធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដឹកទំនិញឆ្លងកាត់ទឹកកក តាមបណ្តោយប្រវែងទាំងមូលនៃផ្លូវសមុទ្រខាងជើងនឹងក្លាយទៅជាពេញមួយឆ្នាំ»។