អ្នកថតរូបឱ្យទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ទី ១៧ ខែតុលា ក្រុមប៉ូលិសអង់គ្លេសបានចាប់ខ្លួនអ្នកធ្វើយុទ្ធនាការអាកាសធាតុជនជាតិស៊ុយអែតដ៏ល្បីល្បាញមួយរូប គឺកញ្ញា ហ្គ្រេតា ធុនបឺក (Greta Thunberg) ចេញពីការតវ៉ានៅខាងក្រៅការជួបជុំប្រចាំឆ្នាំរបស់បណ្ដាក្រុមហ៊ុនថាមពលនៅទីក្រុងឡុងដ៍។
សកម្មជនបរិស្ថានដ៏ល្បីល្បាញ វ័យ២០ឆ្នាំរូបនេះ បានក្លាយជាមុខសញ្ញាសំខាន់នៃចលនាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កញ្ញាត្រូវបានក្រុមប៉ូលិស២នាក់បានចាប់យកទៅដាក់ខាងក្រោយឡានប៉ូលិសនៅខាងក្រៅវេទិកាជួបជុំគ្នារបស់ប ណ្ដាក្រុមហ៊ុនផលិតថាមពលទាំងអស់នោះ។
អំឡុងពេលមានការតវ៉ាដ៏ធំនោះ កញ្ញា ធុនបឺកបានរិះគន់កិច្ចព្រមព្រៀងសម្ងាត់រវាងអ្នកនយោបាយ និងក្រុមហ៊ុនឧស្សាហកម្មឥន្ធនៈហ្វូស៊ីល។ កញ្ញាបានចោទប្រកាន់អ្នកនយោបាយថាបានសមគំនិតជាមួយអ្នកបញ្ចុះបញ្ចូលតំណាងក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលទាំងអស់នោះនៅក្រោយឆាក។
ទាំងនេះគឺជាអ្វីដែលកញ្ញា ធុនបឺក បានធ្វើអត្ថាធិប្បាយនៅខាងក្រៅកន្លែងនៃកម្មវិធីជួបជុំប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ។
បាតុកររាប់រយនាក់មកពីអង្គការបរិស្ថានឈ្មោះថា Fossil Free London និងអង្គការបរិស្ថាន Greenpeace បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ InterContinental London Park Lane ដែលជាទីតាំងនៃកម្មវិធីជួបជុំនោះ ដើម្បីធ្វើបាតុកម្មក្រោមយុទ្ធនាការ «លុបបំបាត់ឥទ្ធិពលប្រេងឥន្ធនៈហ្វូស៊ីលទៅលើវិស័យហិរញ្ញវត្ថុ»ដោយបានបិទច្រកចូលទៅកាន់ទីកន្លែងជួបជុំនោះទាំងអស់ផងដែរ។
កន្លងមក ឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកស្រលាញ់បរិស្ថាន។ ពួកគេបានលើកឡើងថា ការវិនិយោគទៅលើវិស័យឥន្ធនៈហ្វូស៊ីល បានធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗហើយមិនអាចឈានទៅរកការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញបាននោះទេ។
កញ្ញា ធុនបឺកបានបន្ថែមថា៖ «ពិភពលោកកំពុងលិចលង់ក្នុងអន្ទាក់ប្រេងឥន្ធនៈហ្វូស៊ីល។ ក្តីសង្ឃឹម និងក្តីសុបិន និងជីវិតរបស់យើងកំពុងវិនាសបន្តិចម្ដងៗ ដោយសារតែគម្រោងបៃតងភូតកុហកនិងការបោកប្រាស់។
អស់ជាច្រើនទសវត្សរ៍មកហើយ ឧស្សាហកម្មឥន្ធនៈហ្វូស៊ីលបានទទួលស្គាល់អំពីគ្រោះថ្នាក់ដែលពួកគេកំពុងបង្ក ប៉ុន្តែពួកគេបែរជាមិនធ្វើអ្វីសោះ។ ផ្ទុយទៅវិញ ពួកគេបានធ្វើការពន្យារពេល បង្វែរការយកចិត្តទុកដាក់ និងបានបដិសេធថាវិបត្តិអាកាសធាតុកើតមានឡើងដោយសារពួកគេ»។
នៅថ្ងៃអង្គារម្សិលមិញ ឥស្សរជនសំខាន់ៗមកពីឧស្សាហកម្មដូចជានាយកប្រតិបត្តិក្រុមហ៊ុន Shell លោក វែល សាវ៉ាន (WaelSawan)នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergiesលោក ផាទ្រីក ភូយ៉េន (Patrick Pouyanne)និងនាយកប្រតិបត្តិក្រុមហ៊ុន Saudi Aramco លោក អាមីន ណាសេ (Amin Nasser)ក៏បានឡើងថ្លែងសន្ទរកថានៅក្នុងវេទិកាជំនួបនោះផងដែរ។
ទន្ទឹមនឹងនោះ នៅផ្នែកខាងក្រៅនៃវេទិកាជួបជុំឯណោះវិញ ក្រុមអ្នកតវ៉ាអាកាសធាតុបានស្រែកហ៊ោកញ្ជ្រៀវនូវពាក្យស្លោកជាច្រើន រួមមានដូចជា «ត្រូវបញ្ឈប់ការផលិតប្រេងឥន្ធនៈ បញ្ឈប់ការផលិតឧស្ម័នពុល» និង «យើងជាក្រុមបរិស្ថានដែលគ្មានអ្នកណាអាចបញ្ឈប់សកម្មភាពរបស់យើងបាននោះទេ» ក៏ដូចជាឃ្លា «ការបង្កើតពិភពលោកមួយដែលស្រស់បំព្រង គឺយើងអាចធ្វើទៅបាន» ជាដើម។
អ្នកតវ៉ាម្នាក់បាននិយាយថា ខ្លួនមានសុបិនអាក្រក់អំពីអនាគតចៅៗរបស់ខ្លួន ដោយសារតែការប្រែប្រួលអាកាសធាតុ។ បន្ថែមលើនេះ សកម្មជនបរិស្ថានដទៃជាច្រើនទៀតបានអះអាងថា ឧស្សាហកម្មឥន្ធនៈហ្វូស៊ីលកំពុងវិនិយោគប្រាក់ចំណេញរបស់ពួកគេទៅក្នុងថាមពលកខ្វក់ ជំនួសឱ្យថាមពលបៃតង។
ប៉ូលិសក្រុងក្នុងតំបន់បានលើកឡើងថា អ្នកចូលរួមវេទិកាជួបជុំជាច្រើននាក់ មិនអាចចូលទៅកាន់កម្មវិធីខាងក្នុងបាននោះទេនៅព្រឹកនេះ ដោយសារតែមានការបិទផ្លូវច្រកចូលដោយក្រុមតវ៉ា។ ដោយឡែក បាតុករចំនួន ៥នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានធ្វើការរារាំង បិទផ្លូវធំសម្រាប់ធ្វើដំណើរ៕