អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ថៃ​ លោក​ Torsak Sukvimol កាល​ពី​ថ្ងៃទី ១៧ ខែតុលា​​​ បាន​ទាម​ទារ​ឱ្យ​​មន្ទីរពេទ្យ​ទូទៅ​ប៉ូលីស​ (PGH) ​ក្រុង​បាងកក​ បញ្ជូន​របាយការណ៍​ស្តី​ពី​ការ​ព្យាបាល​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​ដែល​សម្រាក​ព្យាបាល​ជំងឺ​របស់​លោក​ក្រៅ​ពន្ធនាគារ​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

ការ​ទាម​ទារ​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​ផ្ទុះ​ការ​រិះ​គន់កាល​ពី​សប្ដាហ៍​មុន​ ​ចំពោះ​​​​រូប​ថត​មួយ​សន្លឹក​ ដែល​​​គេ​ចែក​ចា​យ​លើ​បណ្ដាញ​សង្គម​ ​​បង្ហាញ​ពី​លោក​ ថាក់ស៊ីន​ ដែល​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​អ្នក​ជំងឺ​ ពាក់​ម៉ាស់​ និង​នៅ​​លើ​គ្រែ​ពេទ្យ​ ត្រូវ​បាន​គេ​​អូស​​យក​ទៅ​ធ្វើ​​ការ​ស្កេនកុំព្យូទ័រ​ (CT)​​និង​​​ស្កែន​រូប​ភាពអនុភាព​​ម៉ាញេទិក​ (MRI)។ អ្នក​រិះ​គន់​លើក​ឡើង​ថា​ លោក​ ថាក់ស៊ីន​ ជា​អ្នក​ទោស​ដែល​ទទួល​បាន​ឯកសិទ្ធិ​ និង​ការ​ព្យាបាល​ពិសេ​ស​។

មាន​ការ​ចោទ​ប្រកាន់​ថែម​ទៀត​ថា​ ​រូបថត​​នេះ​ត្រូវ​បានគេ​រៀប​ចំថត​ និង​​​​​ចែក​ចាយ​ដោយ​ចេតនា​​ ដែល​​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ ក្នុង​គោល​បំណង​ផ្តល់​ចំណាប់​អារម្មណ៍​ថា​ លោក​ ថាក់ស៊ីន​ នៅ​តែ​ឈឺ​ធ្ងន់​ ហើ​យ​​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម​ទៀត​នៅ​មន្ទីរពេទ្យ​​ក្រៅ​ពន្ធនាគារ​ ខណៈ​​​ពេល​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​​ក្រៅ​​ពន្ធនាគារ​​របស់​​លោក​ ​ថាក់ស៊ីន ​រយៈ​ពេល ​៩០ ​ថ្ងៃ​​ ត្រូវ​​ផុត​​កំណត់​​នា​​​ថ្ងៃ​​សុក្រ​នេះ​។


ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​​ ​ លោក​ Torsak បាន​​និយាយ​ទទួល​ស្គាល់​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​លោក​បាន​ដឹង​តិច​តួច​ពី​បញ្ហា​ចូល​មន្ទីរ​ពេទ្យ​​របស់​លោក​ ថាក់ស៊ីន​ ដោយ​សារ​តែ​លោក​ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​ស្នង​ការ​ន​គរបាល​ជាតិ​ថ្មីៗ​នេះ​។

លោក​ ថាក់ស៊ីន​​​ ស្ថិត​​ក្រោម​​ការ​​គ្រប់​​គ្រង​​របស់​​នាយកដ្ឋាន​​កែ​ប្រែ​ថៃ​ ​ដែល​​ស្នើ​​ឱ្យ​​ប៉ូលិស​​ជួយ​​ផ្តល់​​សន្តិសុខ​​ដល់​​អតីត​​នាយក​​រ​ដ្ឋ​មន្ត្រី​រូប​នេះ​។ លោក​​បាន​ត្រឡប់​ចូល​​​ប្រទេស​​ថៃ​​វិញ​​នៅ​​ថ្ងៃ​​ទី ​២២ ​ខែ​​សី​ហា​ ក្រោយ​​​ពី​​និរទេស​​ខ្លួន​ ១៥ ​ឆ្នាំ​ ហើយ​​ត្រូវ​​បាន​​កាត់​​ទោស​​ឲ្យ​​ជាប់​​ពន្ធនាគារ​​សរុប​ ៨​ ឆ្នាំ​ ក្នុង​​សំណុំ​រឿង​ ៣​ ករណី។


ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ត្រូវ​បាន​គេ​បញ្ជូន​ពី​ពន្ធនាគារ​បាងកក​ ទៅ​កាន់​ PGH ​នៅ​យប់​​ថ្ងៃ​ដំបូង​នោះ​ ដោយ​សារ​ហេតុ​ផល​សុខភាព​ ហើយ​បន្ត​នៅ​ទីនោះ​តាំង​ពី​ពេល​នោះ​មក​។​​

ក្រោយ​​​ពី​​បាន​​សុំ​​ការ​​លើក​​លែង​​ទោស​​ពី​​ព្រះ​​មហាក្សត្រ​​លោក​ ថាក់​ស៊ីន​ ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ជាប់​​ពន្ធនាគារ​​​ត្រឹម​តែ​រយៈ​ពេល​១​ឆ្នាំ​វិញ​៕