ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) បាន​​​ទៅដល់​ទីក្រុង​តែល អាវីវ​​ ប្រទេសអ៊ីស្រាអែល​​ នៅ​ថ្ងៃ​ពុធ​ និង​បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន ​​នឹង​ផ្តល់ឱ្យ​អ៊ីស្រាអែល​ នូវ​អ្វី​គ្រប់យ៉ាង​ ដែល​អ៊ីស្រាអែល​​ ត្រូវការ​ដើម្បី​ការពារ​ខ្លួន ខណៈដែល​​អ៊ីស្រាអែល​​​​ កំពុង​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហាម៉ាស់​ ដែល​បាន​​ផ្តើម​​បាញ់​រុក្កែត​រាប់ពាន់​គ្រាប់​ និង​វាយ​​តាមផ្លូវគោក និង​ផ្លុវទឹក​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល ​កាល​ពីថ្ងៃទី​ ៧ ខែ​តុលានេះ។

​មាន​សេចក្តីរាយការណ៍ ដំណើរ​ទៅកាន់​​មជ្ឈិមបូព៌ា​​របស់​ប្រធានាធិបតី​អាមេរិក​លើក​នេះ មាន​កា​រប្រែប្រួល​​ខ្លាំង​ដោយសារ​ លោក​បាន​​លុបចោល​ការ​ធ្វើ​ដំណើរ​ ដែលបាន​គ្រោង​ទុក​ទៅកាន់​ប្រទេស​​ ហ្ស៊ក​ដានី ដោយសារ​តែ​ការ​បាញ់​ប្រហារ​របស់​អ៊ីស្រាអែល​ ទៅ​លើ​មន្ទីរពេទ្យ​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់រហូត​ដល់​ ៥០០​ នាក់​ នៅ​ក្នុងទឹកហ្គាហ្សា​។​

ទោះបី​យ៉ាងណា លោក បៃដិន​ មិនបាន​លុប​ចោល​​ដំណើរ​ទស្សនកិច្ច​គាំទ្រ​ទៅកាន់​អ៊ីស្រាអែល ឡើយ ដោយ​លោក​បាន​ទៅដល់​ប្រទេស​អ៊ីស្រាអែល​​ និង​​បាន​ជួប​នាយករដ្ឋមន្ត្រី Benjamin Netanyahu ។


ប្រធានាធិបតី​អាមេរិក ​បាន​និយាយថា ក្រុម​ហា​ម៉ា​ស់គឺ​អាក្រក់​ជាង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ចំពោះ​ការសម្លាប់​ជន​ស៊ីវិល​អ៊ីស្រាអែល​ ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​ទី៧​ ខែតុលា ដែល​បង្កឱ្យមាន​ការកើនឡើង​ចុងក្រោយ​នៃ​អំពើហិង្សា​អ៊ីស្រាអែល-ប៉ា​ឡេ​ស្ទី​ន។

លោក បៃដិន បាន​និយាយថា លោក «សោកសៅ និង​ខឹងសម្បារ» ចំពោះ​ការផ្ទុះ​នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​តំបន់ហ្គាហ្សាកាលពី​ថ្ងៃ​អង្គារ ដែល​ក្រុម​ហា​ម៉ាស់​បាន​និយាយថា បានសម្លាប់​មនុស្ស​រាប់​រយ​នាក់។


ប៉ុន្តែ​លោក​បាន​បន្ថែមថា វា​ហាក់ដូចជា «ក្រុម​ផ្សេងទៀត» ទទួលខុសត្រូវ ដោយយោង​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន។

លោក បៃដិន បាន​និយាយថា ជនជាតិ​អាមេរិក​ចំនួន ៣១ នាក់ ស្ថិតក្នុង​ចំណោម​ជនជាតិ​អ៊ីស្រាអែល ​ជាង ១​៤០០ នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ថ្ងៃទី ៧​ខែតុលា របស់​ក្រុម​ហា​ម៉ាស។

ចាប់តាំងពី​ការវាយលុក​នោះ អ៊ីស្រាអែល ​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្នុង​គោលបំណង​បំផ្លាញ​ក្រុម​ហា​ម៉ាស់ ដែល​គ្រប់គ្រង​តំបន់​នោះ។ យ៉ាងហោចណាស់​មាន​ជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន ៣០០០ នាក់​ ត្រូវបាន​សម្លាប់​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល៕​