ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​​ឱ្យ​ដឹង​ថា​ ​រដ្ឋ​មន្ត្រី​ការបរទេស ​​លោក សឺហ្គេយ ឡាវរ៉ូវ (Sergei Lavrov) ​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ សម្រាប់​ការ​គាំទ្រ​សង្គ្រាម​​នៅ​ប្រទេស​អ៊ុយក្រែន​​ ​ហើយ​បាន​សន្យា​ថា រុស្ស៊ី​​​នឹង​​គាំទ្រ និង​សាមគ្គី​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​មេ​ដឹក​នាំ​​កូរ៉េ​​ខាង​​ជើង​​លោក​​ គីម​ ជុងអ៊ុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ឡាវរ៉ូវ ​​ថ្លែង​យ៉ាង​ដូច្នេះ​ ក្រោយ​​​ធ្វើ​ដំណើរ​​ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ចូល​រួម​​កិច្ច​ប្រជុំផ្សេងៗ​​​ ដែល​គេ​មើល​ឃើញ​ថា​ ​ជា​ការ​រៀប​ចំ​​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ លោក​ វ្ល៉ាឌីមៀ ពូទីន។ ​

​​ថ្លែង​ក្នុង​​ពិធី​ទទួល​​​របស់​​កូរ៉េខាងជើង​ កាល​ពី​ថ្ងៃ​ពុធ​ លោក​​ ឡាវរ៉ូវ ​បាន​និយាយ​ថា​ ទីក្រុង​ម៉ូស្គូ​ឱ្យ​តម្លៃ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​គាំទ្រ​​​ឥត​ងាករេ​ និង​ជា​គោលការណ៍​ចំពោះ​​ «​ប្រតិបត្តិការ​យោធា​ពិសេស​»​ នៅ​អ៊ុយក្រែន​ របស់​ក្រុង​ព្យុងយ៉ាង​។ នេះ​បើ​តាម​សំណេរ​សុន្ទរកថា​ ដែល​មាន​ផ្សាយ​​លើ​​គេហទំព័រ​ក្រសួង​ការ​បរទេស​រុស្ស៊ី​។


លោក​បន្ត​ថា​៖​«​​ដូច​គ្នា​នេះ​ដែរ​ សហព័ន្ធ​រុស្ស៊ី​​ផ្ដល់​​ការ​​គាំទ្រ​​ និង​​សាមគ្គី​​ភាព​យ៉ាង​ពេញ​ទំហឹង​របស់​ខ្លួន​ចំពោះ​​​​​​សេចក្តី​​ប្រាថ្នា​​រ​បស់​​កូរ៉េ​ខា​​ង​ជើង​​លើ​ផ្លូវ​នៃ​ការ​អភិវឌ្ឍន៍​​របស់​ខ្លួន​។ ​

គួរ​គូស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​​២​ថ្ងៃ​របស់​ លោក​ឡាវរ៉ូវ ធ្វើ​ឡើង​​១​ខែ​ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​​ពោល​គឺ​នៅ​ពេល​ដែល​​លោក​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​រុស្ស៊ី​-កូរ៉េខាង​ជើង​ ហើយ​បាន​​អញ្ជើញ​លោក​ ពូទីន​ឱ្យ​ធ្វើ​ទស្សនកិច្ច​មក​​កាន់​ទីក្រុង​ព្យុងយ៉ាង។


​​

​លោក ​ឡាវរ៉ូវ ​បាន​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​នៅ​សប្តាហ៍​នេះ​នឹង​ផ្តល់​«​ឱកាស​ដ៏​មាន​តម្លៃ​» ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ និង​រៀប​រាប់​ពី​ជំហាន​ជាក់​ស្តែង​ សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែល​បាន​សម្រេច​រវាង​មេដឹកនាំ​នៃ​ប្រទេស​​​ទាំង​​២​។​

គួរ​​កត់​សម្គាល់​ថា​ ​​ក្រៅ​​​ជំហរ​គាំទ្រ​ការ​ទូត​លើ​ឆាក​អន្តរជាតិ​​ ប្រទេស​កូរ៉េខា​ង​ជើង​ថ្មី​ៗនេះ​ បាន​រង​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​ ថា​​បាន​ផ្គត់​ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន​​។ រុស្ស៊ី​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​នេះ​ថា​ មិន​យោង​ទៅ​តាម​ភស្តុ​តាង​ច្បាស់​លាស់​៕