មហាសេដ្ឋី​បច្ចេកវិទ្យា លោក Elon Musk និង​ជា​ម្ចាស់​បណ្តាញ​សង្គម​យក្ស​ X ​ដែល​បាន​ប្តូរ​ឈ្មោះ​មកពី Twitter កំពុង​ពិចារណា​ដក​កម្មវិធី​ដែល​ខ្លួន​ទើបនឹង​ទិញ​បាន​ចេញពី​អឺរ៉ុប ជាការ​ឆ្លើយតប​ទៅនឹង​បទ​ប្បញ្ញត្តិ​អ៊ី​ន​ធឺ​ណិ​ត​ថ្មី​ដែល​ទ្វីបអឺរ៉ុប​បានកំណត់​។​តាម​គេហទំព័រ​ព័ត៌មាន Insider រាយការណ៍​កាលពី​ថ្ងៃ​ពុធ​។​

​បើតាម​មនុស្ស​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន X បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា Elon Musk បាន​ពិភាក្សា​រួចហើយ​អំពី​ការដក​កម្មវិធី​នេះ​ចេញពី​ក្នុង​តំបន់ ឬ​រារាំង​អ្នកប្រើប្រាស់​ដែលមាន​ទីតាំង​នៅក្នុង​សហភាព​អឺរ៉ុប​មិន​ឱ្យចូល​ប្រើប្រាស់​វា​បាន​។​

​សហភាព​អឺរ៉ុប​កាលពី​ខែសីហា​បានអនុម័ត​ច្បាប់​សេវាកម្ម​ឌីជីថល (DSA) ដែល​កំណត់​ច្បាប់​សម្រាប់​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មាតិកា​ដែល​អាច​បង្ក​គ្រោះថ្នាក់ មាតិកា​ដែល​ត្រូវបាន​ហាមឃាត់ ឬ​អាច​កំណត់​គោលដៅ​អ្នកប្រើប្រាស់​ជាក់លាក់ បូករួម​ជាមួយនឹង​ច្បាប់​អំពី​ការ​ចែករំលែក​ទិន្នន័យ​ផ្ទៃក្នុង​មួយ​ចំនួន​ជាមួយ​និយតករ និង​អ្នក​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​។​


​មកទល់ពេលនេះ អ្នកតំណាង ឬ​ភាគី​ក្រុមហ៊ុន ​X​ មិនបាន​ឆ្លើយ​​តប​ភ្លាមៗ​ចំពោះ​សំណើ​សម្រាប់​ការអត្ថាធិប្បាយ​ពី​សំណាក់​សារ​ព័ត៌មាន​ណាមួយ​នោះទេ​។​

​កាលពី​សប្តាហ៍​មុន​សហភាព​អឺរ៉ុប ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​កម្មវិធី X ដោយសារ​ការ​ល្មើសច្បាប់​បច្ចេក​វិទ្យា​ថ្មី​របស់ខ្លួន ជុំវិញ​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​មិន​បានល្អ​ទាក់ទិន​ទៅនឹង​ការវាយប្រហារ​របស់​ហា​ម៉ាស់​លើ​អ៊ី​ស្រា​អែល​។​


​ចំណែកឯ និយតករ​អូស្ត្រាលី​វិញ​បាន​ពិន័យ​កម្មវិធី​បណ្តាញ​សង្គម X នេះ​ចំនួន​​ ៣៨​ ម៉ឺន​ដុល្លារ សម្រាប់​ការខកខាន​ក្នុងការ​សហការ​ជាមួយនឹង​ការ​ស៊ើប​​អង្កេត​លើ​ការអនុវត្ត​គោលការណ៍​ប្រឆាំងនឹង​ការរំលោភបំពាន​លើ​កុមារ​៕