ខណៈ​អ៊ីស្រា​អែល​បន្ត​ការ​ផ្លោង​តាមផ្លូវ​អាកាស​ចូល​តំបន់​ហ្គា​ហ្សា​ឈានចូល​សប្តាហ៍​ទី​​៣ ដោយ​ដាក់​គោលដៅ​លើ​មូលដ្ឋាន​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ី​ស្រា​អែល បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គាំទ្រអ៊ី​ស្រា​អែល ខណៈ​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​ក្តៅក្រហាយ​។

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ២១ ខែតុលា បានស្នើ​ឡើង​នូវ​សេចក្តីព្រាង​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលមាន​ខ្លឹមសារ​ថា​«​អ៊ីស្រា​អែល​មាន​សិទ្ធិ​» ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន និង​ទាមទារ​ឱ្យ​អ៊ី​រ៉ង់​បញ្ឈប់​ការនាំចេញ​អាវុធ​ទៅកាន់​ក្រុម​ភេរវ​ករ​ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ទូទាំង​តំបន់​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រឱ្យដឹងថា សេចក្ដីព្រាង​សម្រេច​នោះបាន​អំពាវនាវ​ឱ្យមាន​ការការពារ​ជន​ស៊ីវិល​រួម​ទាំង​មនុស្ស​គ្រប់គ្នា​ដែល​កំពុង​ស្វះស្វែង​រក​ទី​សុវត្ថិភាព និង​បាន​កត់សម្គាល់ថា រដ្ឋ​ត្រូវ​​តែ​គោរព​តាមច្បាប់​អន្តរជាតិ​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​ការវាយប្រហារ​លក្ខណៈ​ភេរវកម្ម​និង​ជាពិសេស​បន្តសកម្មភាព​នាំ​ជំនួយ​មនុស្ស​ធម៌​ទៅកាន់​តំបន់​ហ្គា​ហ្សា​។​


​ប៉ុន្តែ​យ៉ាងណា​រហូតមក​ដល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ពេលណា​សហរដ្ឋអាមេរិក​នឹងដាក់​សេចក្ដីព្រាង​នេះ​ទៅជា​ការបោះឆ្នោត​សម្រេច​ឡើយ​។​

​ក្នុងករណីនេះ​ដើម្បី​អនុម័ត​ដំណោះ​​ស្រាយ​ខាងលើ គេ​ត្រូវការ​សំឡេងគាំទ្រ​យ៉ាងតិច​ ៩ ចេញពី​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ដោយ​មិន​រាប់បញ្ចូល​សំឡេង​របស់​រុស្ស៊ី ចិន សហរដ្ឋ អាមេរិក បារាំង​ឬ​អង់គ្លេស​ទេ​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​ ១៥ ​ប្រទេស ដោយ​៥​ជា​ក្រុមប្រឹក្សាសន្តិសុខ​អចិ​ន្រៃ្ត​យ៍ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី​។


​ចំណាត់ការ​របស់​សហ​រដ្ឋ​អាមេរិក​នាពេលនេះ កើតឡើង បន្ទាប់ពី​ខ្លួន​បដិសេធ​មិន​ទទួលស្គាល់​សេចក្ដីព្រាង​សម្រេច​មួយ​របស់​ប្រេ​ស៊ី​ល​ដែល​អំពាវនាវ​ឱ្យមាន​ការ​ផ្អាក​សកម្មភាព​មនុស្ស​ធម៌​នៅក្នុង​ជម្លោះ​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​និយាយថា​ដំណោះស្រាយ​ដែល​រៀបចំឡើង​ដោយ​អ្នក​ការទូត​ប្រេ​ស៊ី​ល គឺ​មិនអាច​ទទួលយក​បានទេ​ព្រោះ​វា​មិនបាន​និយាយ​ពី​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ី​ស្រា​អែល​ឡើយ​។ ចក្រភព​អង់គ្លេស​ក៏បាន​បដិសេធ​ដោយ​និយាយថា ដំណោះស្រាយ​នេះ​ខ្វះ​ការលើកឡើង​ពី​វិធី​ដែល​ក្រុម​ហា​ម៉ាស់​កំពុង​ប្រើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្លូតត្រង់​ជា​ខែល​ការពារ​ពួកគេ​។​

​ស្ថានភាព​សង្គ្រាម គិត​ត្រឹម​ថ្ងៃទី​ ២២ ខែតុលា គឺ​ឈានដល់​ដំណាក់​កាលដែល​អ៊ីស្រា​អែល​ប្រើប្រាស់​ការវាយប្រហារ​តាមផ្លូវ​អាកាស ខណៈដែល​ការវាយប្រហារ​បែបនេះ គឺ​កម្រ​មាន​ណាស់​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ី​ស្រា​អែល​នៅតែ​បន្ត​ការទម្លាក់​គ្រាប់បែក​របស់ខ្លួន​ទៅលើ​តំបន់​ហ្គា​ហ្សា​ពេញ ១​ យប់ រួមទាំង​ការវាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​លក់ទំនិញ និង​ហាង​កាហ្វេ​ដ៏​ពេញនិយម​នៅ​តំបន់​ហ្គា​ហ្សា​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Aljazeera បានឱ្យដឹងថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​ ៤ ៣៨៥​ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ី​ស្រា​អែល​លើ​តំបន់​កា​ហ្សា​ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា​មក​។

​ជនជាតិ​អ៊ី​ស្រា​អែល​ជាង​ ១ ៤០០​ នាក់​ទៀត​ក៏ត្រូវ​បានសម្លាប់​ដែល​ភាគច្រើនបំផុត ​គឺ​នៅក្នុង​អំឡុងពេល​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​នៅ​ភាគ​ខាងត្បូង​អ៊ីស្រា​អែល​នៅ​ថ្ងៃទី​ ៧ ខែតុលា​៕