​ប្រទេស​កូរ៉េខាងជើង​ដែល​ទើប​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ​យ ឡាវ​រ៉ូ​វ ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ចេញមុខ​រិះគន់​ចំពោះ​សហរដ្ឋអាមេរិក​ដែល​ផ្តល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​កាលពីពេល​ថ្មីៗ​នេះ​។​

​កូរ៉េខាងជើង​ដែលជា​សម្ព័ន្ធមិត្ត​ស្លាប់​រស់​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍​ ទី​ ២១​​ ខែតុលា បាន​ថ្កោលទោស​សហរដ្ឋ​អាមេរិក​សម្រាប់​ការផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ឈ្មោះ ATACMS ទៅឱ្យ​អ៊ុយ​ក្រែ​ន ដោយ​និយាយថា ការវាយប្រហារ​ណាមួយ​លើ​ប្រទេស​រុស្ស៊ី​ដោយ​ប្រើ​អាវុធ​ប្រភេទ​នេះ​នឹង​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​ការ​ថ្កោលទោស​ពី​សម្ព័ន្ធមិត្ត​ប្ដូរផ្ដាច់​របស់​រុស្ស៊ី​នេះ ធ្វើឡើង​បន្ទាប់ពី​អ៊ុយ​​ក្រែ​ន​បាន​និយាយថា ខ្លួន​បាន​ប្រើ​ប្រាស់ ATACMS ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក ជា​លើកដំបូង ដោយបាន​ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​លើ​អាកាស​យានដ្ឋាន​ចំនួន​ ២ ​នៅក្នុង​តំបន់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​កាន់កាប់​។


​លោក Sin Hong Chol ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​រុស្ស៊ីបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ថា​៖ «​ទីបំផុត សហរដ្ឋអាមេរិក​បាន​ប្រគល់​ប្រព័ន្ធ​បាញ់​មី​ស៊ី​លពី​ដី ATACMS ដល់​អ៊ុយ​ក្រែ​ន បើទោះបីជា​មានការ​​ព្រួយបារម្ភ និង​ការប្រឆាំង​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​»​។​

​លោក​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​រាល់​ការវាយប្រហារ​នៅ​ផ្នែក​ខាងក្នុង​នៃ​ប្រទេស​រុស្ស៊ី ដែលជា​មហាអំណាច​នុយក្លេអ៊ែរ នឹងមិន​ជួយ​ឱ្យ​ស្ថានការណ៍​អ៊ុយ​ក្រែ​ន​បញ្ចប់ ឬ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ដូចដែល​អ្នកតស៊ូ​មតិ​របស់​សហរដ្ឋអាមេរិក​និយាយ​នោះទេ ប៉ុន្តែ​នឹង​ដើរតួ​ជា​កាតាលីករ​សម្រាប់​ដាក់​អឺរ៉ុប​ទាំងមូល ឱ្យ​ធ្លាក់​ចូលទៅក្នុង​ភាពច្របូកច្របល់​គ្មាន​ទីបញ្ចប់ និង​សង្គ្រាម​អូសបន្លាយ​»​។​


​ប្រភេទ​នៃ ​ATACMS អាច​ផ្ទុក​គ្រាប់​​បែក​ចង្កោម​ហើយ​ប្រព័ន្ធ​នេះ អាចមាន​សមត្ថភាព​បា​ញ់​មី​ស៊ី​ល​រហូតដល់​រយៈ​ចម្ងាយ ៣០០ ​គីឡូម៉ែត្រ​។

​កន្លងមក អ៊ុយ​ក្រែ​ន​បាន​ទទូច​ឱ្យ​សហរដ្ឋអាមេរិក​ផ្តល់​មី​ស៊ី​ល​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​អ្វីដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​ក្នុងពេល​កន្លងមក ប៉ុន្តែ​រដ្ឋបាល​ប្រធានាធិបតី​ ចូ បៃ​ដិ​ន បាន​ច្រានចោល​អស់​រយៈ​ពេល​ជាច្រើន​ខែ ដោយ​ព្រួយបារម្ភ​ថា ទីក្រុង​កៀវ​អាច​ប្រើប្រាស់​សព្វាវុធ​ប្រភេទ​នេះ វាយប្រហារ​ចូលក្នុង​ទឹកដី​រុស្ស៊ី​ដោយ​កំហឹង ដែល​ធ្វើឱ្យ​ជម្លោះ​កាន់តែ​តានតឹង​។

​ការ​ថ្កោលទោស​សហរដ្ឋអាមេរិក​របស់​កូរ៉េខាងជើង​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​សេត​វិមាន​បាន​ចោទ​ប្រ​កាន់​ទីក្រុង​ព្យុងយ៉ាងថា ​បាន​ដឹកជញ្ជូន​សព្វាវុធ​ទៅឱ្យ​រុស្ស៊ី​នាពេល​ថ្មីៗ​នេះ ដោយ​ហៅ​ការណ៍​នេះ​ថា ជា​ការវិវឌ្ឍ​ដ៏​តានតឹង និង​បង្កើន​ការព្រួយបារម្ភ​អំពី​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ ២ ​នេះ​៕