ប្រទេស​ចិន និង​ហ្វីលីពីន​ បានធ្វើការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ជុំវិញ​ការប៉ះទង្គិច គ្នា​កាលពី​ថ្ងៃទី ​២២ ខែតុលា រវាងទូក​ដឹក​ស្បៀងអាហារ​របស់​ហ្វីលីពីន​និង​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ដែនទឹក​កំពុងមាន​ជម្លោះ​។​

​ការប៉ះទង្គិច​គ្នា​នេះ ​គឺ​បណ្ដាលមកពី​នាវា​ចិន​បាន​បុក​ជាមួយ នឹង​ទូក​ហ្វីលីពីន​ដែល​បាន​ដឹក​ស្បៀង​ផ្គត់​ផ្ត​ង់​ដល់​ក្រុម​យោធា​ប្រចាំការ​នៅលើ​ខ្មោច​នាវាចម្បាំង ដែល​គាំង​នៅ​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas ដែល​ស្ថិតក្នុង​ប្រជុំ​កោះ Spratley​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង មកនេះ​ប្រទេស​ទាំងពីរ​បាន​បង្កជម្លោះ​នឹង​គ្នា​ជាច្រើន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas​។ ជារឿយៗ​ហ្វីលីពីន​តែងតែបាន​ដឹកជញ្ជូន​ស្បៀងអាហារ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅលើ​ខ្មោច​នាវា​​ចាស់​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ ដែល​បាន​បង្ក​ឱ្យ​ចិន​មាន​ការមិន​ពេញចិត្ត ហើយ​បាន​បញ្ជូន​ឆ្មាំ​សមុទ្រ​ទៅ​រំខាន​និង​រារាំង​ដល់​បេសកកម្ម​ផ្គត់ផ្គង់ ស្បៀងអាហារ​របស់​ហ្វីលីពីន​ជាច្រើនលើក​ទៀតផង​។​


​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​លើក​នេះ ប្រទេស​ចិន​ បាន​លើកឡើងថា កប៉ាល់​របស់ខ្លួន​កំពុង​រារាំង​ទូក​របស់​ហ្វីលីពីន មិនឱ្យ​ធ្វើ​ការដឹក​សម្ភា​រ​សំណង់ ខុសច្បាប់​ទៅកាន់​ខ្មោច​នាវា​​ចម្បាំង​នោះឡើយ​។ ដោយឡែក ហ្វីលីពីន​បាន​ឆ្លើយតប​ថាស​កម្ម​ភាព​របស់​ចិន​គឺជា​ចេតនា ចង់​បង្ក គ្រោះថ្នាក់​ដែល​ខុស​ទៅនឹង​ច្បាប់ អន្តរជាតិ​។ រីឯ​សហរដ្ឋអាមេរិក​វិញ ក៏បាន​គាំទ្រ​ហ្វីលីពីន​ជុំវិញ​បញ្ហា​នេះ​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​ថ្លែងថា​៖ «​សហរដ្ឋអាមេរិក​គាំទ្រ​ហ្វីលីពីន ក្នុងការ​ការពារ​អធិបតេយ្យភាព​របស់ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ​​ប៉ាស៊ីហ្វិក​»​។ ជាការ​កត់សម្គាល់ ហ្វីលីពីន​បាន​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​ចាប់តាំងពី​ប្រធានាធិបតី​ថ្មី លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស (Ferdinand Marcos) ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន​។


​អាមេរិក​ក៏​ធ្លាប់បាន​អះអាង​ផងដែរ​ថា ខ្លួន​នឹង​ការពារ​ហ្វីលីពីន ប្រសិនបើ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ត្រូវបាន​វាយប្រហារ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

​ប្រទេស​ចិន​បានទាមទារ​ចង់​គ្រប់គ្រង​តំបន់​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ផ្នែក​ខ្លះ​បាន​ត្រួតស៊ីគ្នា​ទៅនឹង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នៃ​ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូ​​នេ​ស៊ី​។ ប៉ុន្តែ កាលពី​ឆ្នាំ​ ២០១៦ តុលាការ​អាជ្ញាកណ្តាល​អ​ចិ​ន្រៃ្ត​យ៍ បានចេញ​សេចក្ដីសម្រេច​ថា ការទាមទារ​របស់​ភា​គី​ចិន​មិនមាន​មូលដ្ឋាន​ច្បាប់​នោះទេ​។ កាលពី​សប្តាហ៍​មុន ហ្វីលីពីន និង​ចិន​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​សកម្ម​ភាពគ្រោះថ្នាក់​ផ្សេងៗ​ដែល​បាន​កើតមានឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

​យ៉ាងណាក៏ដោយ ហ្វីលីពីន​បានលើកឡើង​ថា ខ្លួន​នឹង​នៅតែ​បន្ត​ផ្គត់ផ្គង់​ស្បៀង​និង​សម្ភារ​ផ្សេងៗ​ទៅកាន់​កង​កម្លាំង​របស់ខ្លួន បើទោះជា​ចិន​កំពុង​ព្យាយាម​បញ្ឈប់​ពួកគេ​ក៏ដោយ​។ បន្ទាប់ពី​មានការ​បើក​បុក​គ្នា​កាលពី​ម្សិលមិញ ហ្វីលីពីន​បាន​ហៅ​សកម្មភាព​របស់​ចិន​ថា ជា​ទង្វើ​បង្កហេតុ និង​គ្មាន​ទំនួល​ខុសត្រូវ ហើយ​ជា​រឿង​ដែល​ខុស​ទៅនឹង​ច្បាប់​អន្តរជាតិ​។​

​យ៉ាងណាមិញ ឆ្មាំ​សមុទ្រ​ចិន​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​មូលហេតុ​នៃ​ការបុក​នេះ​គឺ​ដោយសារតែ​ទូក​ហ្វីលីពីន​មិនបាន​អើពើ​នឹង​ការព្រមាន​ម្តង​ហើយ​ម្តងទៀត​របស់​យើង ហើយ​បាន​បើក​ឆ្លងកាត់​ផ្លូវ​របស់​កប៉ាល់ ដោយមាន​ចេតនា បង្កបញ្ហា ទើបបានជា​បណ្តាល ឱ្យមាន​ការប៉ះទង្គិច​បែប​នេះ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ឆ្មាំ​សមុទ្រ​ចិន​នោះបាន​បន្ថែមថា «​អាកប្បកិរិយា​របស់​ហ្វីលីពីន​គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​អន្តរជាតិ​ស្តីពី​ការចៀសវាង​ការប៉ះទង្គិច​គ្នា​នៅ​តំបន់​សមុទ្រ និង​ជាការ​គំរាមកំហែង​ដល់​សុវត្ថិភាព​នាវាចរណ៍​នៃ​នាវា​របស់​យើង​»​។​

​គួររំឭកថា ក្នុង​ឆ្នាំ​ ១៩៩៩ ហ្វីលីពីន​បាន​បោះបង់ចោល​នាវាចម្បាំង​ដែលមាន​ឈ្មោះថា BRP Sierra Madre ដោយ​ចេតនា​នៅ​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas ដែល​ស្ថិតក្នុង​ប្រជុំ​កោះ Spratley ដើម្បី​បង្ហាញថា​តំបន់​នេះ​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួកគេ ដោយសារតែ​វា​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ដែលមាន​ចម្ងាយ​ប្រមាណ​ជា ៣២១ គីឡូម៉ែត្រ ឬ ២០០ ម៉ា​យ​ពី​ឆ្នេរសមុទ្រ​ហ្វីលីពីន​៕