សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ដែលកំពុងបាញ់គ្រាប់រ៉ុក្កែត និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទៅលើយោធាអាមេរិក នៅមូលដ្ឋានទ័ពក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យសេតវិមានអាមេរិក បានអះអាងថា អាមេរិក នឹងធ្វើការឆ្លើយតបវិញដោយមិនអត់ធ្មត់ចំពោះការគំរាមកំហែងទាំងនេះទេ។ ជាការកត់សម្គាល់ ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ (Hamas)។
សហរដ្ឋអាមេរិក បាននិងកំពុងគាំទ្រអ៊ីស្រាអែល ក្នុងការវាយបកទៅនឹងការវាយប្រហារដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។ សហរដ្ឋអាមេរិកបានលើកឡើងថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួនហើយបានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់។ អាមេរិកក៏បានចោទប្រកាន់អ៊ីរ៉ង់ ផងដែរ ថាបានគាំទ្រក្រុមហាម៉ាស់ និងហេសបូឡា (Hezbollah) និងថាបានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារទាំងអស់នេះដើម្បីកេងចំណេញផលប្រយោជន៍ នេះបើយោងតាមលោក ខឺប៊ី ដែលបានថ្លែងនៅសេតវិមាន។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ៖ «អាមេរិកដឹងថាអ៊ីរ៉ង់ចង់បដិសេធ ដោយលើកហេតុផលផ្សេងៗ ប៉ុន្តែយើងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងនោះទេ»។
លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនក្រុមទីប្រឹក្សាយោធា ដែលមានបទពិសោធ ទៅកាន់អ៊ីស្រាអែល ដើម្បីជួយផ្ដល់អនុសាសន៍ក្នុងការអនុវត្តន៍ប្រតិបត្តិការយោធា។
យ៉ាងណាមិញ គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលអ៊ីរ៉ង់នៅឡើយទេ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ តែងតែគាំទ្រខាងផ្នែកនយោបាយទៅកាន់ក្រុមហាម៉ាស់ ក្រុមហេសបូឡា និងក្រុមហ្ស៊ា (Shia) នៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែពួកគេមិនផ្តល់ជំនួយយោធាដល់ក្រុមទាំងនេះទេ។ ថ្មីៗនេះ មេដឹកនាំអ៊ីរ៉ង់បានព្រមានថា ប្រសិនបើមានការវាយលុកពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នោះនឹងមានក្រុមផ្សេងៗទៀតក្នុងតំបន់ធ្វើការវាយប្រហារអ៊ីស្រាអែលវិញជាការឆ្លើយតប។
មេដឹកនាំអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) បានព្រមានថា «ប្រសិនបើសកម្មភាពរបស់អ៊ីស្រាអែល នៅតែបន្ត ជនជាតិមូស្លីម និងក្រុមកម្លាំងតស៊ូផ្សេងទៀតអាចនឹងទ្រាំមិនបាន នៅពេលនោះ គ្មាននរណាអាចបញ្ឈប់ពួកគេបាននោះទេ»។ លោកក៏បានអំពាវនាវឲ្យបញ្ចប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាជាបន្ទាន់។ មុនពេលផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ រដ្ឋបាលរបស់លោក បៃដិន ធ្លាប់បានសរសើរអ៊ីស្រាអែល ថា អាចរក្សាសន្តិភាពជាមួយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នេះបាន។
ដោយឡែក ចាប់តាំងពីថ្ងៃពុធមក មានការវាយប្រហារជាច្រើនលើកដោយប្រើគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនបីកន្លែងនៅមជ្ឈិមបូព៌ា។ មូលដ្ឋានទាំងនេះ សុទ្ធតែបានទទួលទាហានអាមេរិកដែលជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស (ISIS)។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាដូឡាហ៊ាន (Hossein Amirabdollahian) បាននិយាយថា ៖ «ទីក្រុងតេហេរ៉ង់មិនបានបញ្ជាឱ្យក្រុមតស៊ូក្នុងតំបន់ទាំងនោះធ្វើការវាយប្រហារនោះទេ ហើយក៏មិនបានរារាំងពួកគេពីការសម្រេចចិត្តធ្វើដូច្នោះដែរ ព្រោះវាគឺដើម្បីផលប្រយោជន៍របស់ពួកគេ»។
លោក អាមីរ៉ាដូឡាហ៊ាន បានឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក បានផ្ញើសារមកកាន់អ៊ីរ៉ង់ ថា អាមេរិកមិនចង់ឱ្យជម្លោះកើតឡើងនោះទេ។ ពួកគេចង់ឱ្យទីក្រុងតេហេរ៉ង់ មានការប្រុងប្រយ័ត្ន និងណែនាំក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលកំពុងពិចារណាលើការវាយប្រហារ ត្រូវបញ្ឈប់សកម្មភាពរបស់ពួកគេជាបន្ទាន់។
លោក អាមីរ៉ាដូឡាហ៊ាន បានរិះគន់លោកប្រធានាធិបតី បៃដិនវិញថា ៖ «លោក បៃដិន អើយ!គួរតែបញ្ឈប់ការលាក់ពុតរបស់អ្នកឯង។ តើនេះជាយុទ្ធនាការបោះឆ្នោតរបស់អ្នកមែនទេ ដែលខំប្រឹងមកសន្យាគាំទ្រសិទ្ធិមនុស្សទូទាំងពិភពលោកបែបនេះ?»។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រផ្នែកយោធាជើងទឹក រួមទាំងនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងកងម៉ារីន ដល់អ៊ីស្រាអែល ហើយក៏បានសន្យាផ្តល់ជំនួយផ្នែកការពារជាតិយ៉ាងច្រើនបន្ថែមទៀតបន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាង ១៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
នៅតំបន់ហ្កាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា មនុស្សជាង ៥០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ដោយបានបំផ្លាញតំបន់នេះទាំងមូល៕