មេដឹកនាំក្រុងហុងកុង លោក ចន លី (John Lee) និយាយនៅថ្ងៃពុធ ទី ២៥ ខែតុលានេះថា ទីក្រុងនឹងបង្កើតច្បាប់សន្តិសុខជាតិថ្មីនៅឆ្នាំ ២០២៤ ពោលគឺជិត ៤ ឆ្នាំ បន្ទាប់ពីក្រុងប៉េកាំង ដាក់ចេញច្បាប់សន្តិសុខជាតិសម្រាប់ក្រុងពាក់កណ្ដាលស្វយ័តនេះ ដោយបង្កការរិះគន់ថា ជាឈ្នាន់ដើម្បីបំបិទសម្លេងប្រឆាំង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក លី បាននិយាយក្នុងអំឡុងសុន្ទរកថាមួយនាថ្ងៃទី២៥ ខែតុលា ថា៖ «ប្រទេសមួយចំនួន កំពុងធ្វើឱ្យខូចដល់ប្រទេសចិន និងការអនុវត្តប្រទេស១ប្រព័ន្ធ២នៅក្រុងហុងកុង»។ មេដឹកនាំដែលរដ្ឋាភិបាលក្រុងប៉េកាំងលើកបន្តុបរូបនេះ បានបន្តថា៖ «កងកម្លាំងខាងក្រៅ នៅតែបន្តជ្រៀតជ្រែកក្នុងកិច្ចការហុងកុងប៉ុន្តែក្រុងនេះបន្តការពារសន្តិសុខជាតិ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ពាក់ព័ន្ធរបស់ខ្លួន»។
លោក លី បានបន្ថែមថា៖ «រដ្ឋាភិបាល(ក្រុងហុងកុង)កំពុងរុលទៅមុខ លើការរៀបចំជម្រើសនីតិប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ហើយនឹងបញ្ចប់កិច្ចការនេះនៅឆ្នាំ ២០២៤ដើម្បីបំពេញកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញរបស់យើង»។
ក្រោមច្បាប់មូលដ្ឋានឬរដ្ឋធម្មនុញ្ញខ្នាតតូចរបស់ហុងកុង ក្រុងនេះត្រូវបង្កើតច្បាប់សន្តិសុខជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងសន្តិសុខចំនួន៧ រួមទាំងការក្បត់ជាតិ និងចារកម្ម។
មកទល់ពេលនេះ ភារកិច្ចរបស់រដ្ឋាភិបាលមិនទាន់បានសម្រេចឡើងនៅឡើយទេ ដោយបានអូសបន្លាយជាង ២៥ មកហើយ រាប់តាំងពីក្រុងនេះត្រឡប់ទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ។ ការប៉ុនប៉ងបង្កើតច្បាប់នេះចុងក្រោយ ធ្វើឡើងក្នុងឆ្នាំ ២០០៣ប៉ុន្តែត្រូវបានផ្អាកវិញក្រោយប្រជាជនហុងកុងកន្លះលាននាក់ដើរតាមផ្លូវដើម្បីបង្ហាញការប្រឆាំងតវ៉ា។
ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមដំណាច់ខែកញ្ញា មនុស្សចំនួន ២៨០ នាក់ត្រូវបានចាប់ខ្លួន និង ៣០ នាក់ រងការកាត់ទោសក្រោមច្បាប់សន្តិសុខជាតិបច្ចុប្បន្ន ដែលចិនដាក់ចេញក្នុងឆ្នាំ ២០២០។ នេះបើតាមការិយាល័យសន្តិសុខរបស់ហុងកុង។
បាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបានផ្ទុះឡើងក្នុងក្រុងហុងកុងនៅឆ្នាំ ២០១៩ ដោយមនុស្សរាប់សែននាក់បានដើរតាមផ្លូវអំពាវនាវសុំសិទ្ធិសេរីភាពឱ្យទូលាយជាងមុន រួមមានទាំងភាពឯករាជ្យពីរដ្ឋាភិបាលចិន។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដើម្បីដាក់ទោសឧក្រិដ្ឋកម្មធំៗចំនួន៤ រួមមាន ការបះបោរ វិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ដោយមានទាំងទោសជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត។ ក្រុមអ្នករិះគន់បាននិយាយថា ច្បាប់នេះមានប្រសិទ្ធិភាពខ្លាំងក្នុងការបំបិទសម្លេងប្រឆាំង៕