​មន្ត្រី​កំពូល​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​ប៉ះ​សម្តី​ជាមួយ​អ្នកការទូត​អ៊ីស្រា​អែល​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​អ៊ី​ស្រា​អែល​-ប៉ា​ឡេ​ស្ទី​ន​ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​​ ៧ ​​ខែតុលា ដែល​រហូត​ពេលនេះ​មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជិត​ ៦ ០០០ ​នាក់ និង​ជាង ​១ ៤០០ ​នៅ​ភាគី​អ៊ី​ស្រា​អែល​បាន​បាត់​បង់ជីវិត​។​

​សហគមន៍​អន្តរជាតិ​នានា​ជាពិសេស​ក្រុម​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់​ដែលមាន​សមាជិក​ ២២ ​ប្រទេស និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ រួមទាំង​មហាអំណាច​ចិន និង​រុស្ស៊ី​ផង បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​មួយ​នៅក្នុង​សង្គ្រាម​នោះ ប៉ុន្តែ​ភាគី​អ៊ី​ស្រា​អែល​បន្ត​បាញ់ស្រោច​មី​ស៊ី​ល​តាមផ្លូវ​អាកាស​ចូល​តំបន់​ហ្គា​ហ្សា​យ៉ាងខ្លាំង និង​ត្រៀម​វាយលុក​តាមផ្លូវ​គោក​ដើម្បី​ចូលទៅ​បោសសម្អាត​ក្រុម​ហា​ម៉ាស់​។

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​ផ្សាយ​ថា លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់ថា ​បាន​រំលោភច្បាប់​អន្តរជាតិ​នៅក្នុង​តំបន់​ហ្គា​ហ្សា និង​បាន​ជំរុញឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅក្នុង​សុន្ទរកថា​ដែល​បានធ្វើឱ្យអ៊ី​ស្រា​អែល​ខឹងសម្បា​។​


​ថ្លែង​ពេល​បើក​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​នេះ លោក ហ្គុ​យ​តឺ​រ៉េ​ស ដោយ​មិនបាន​លើក​ចំៗ​ចំពោះ​ឈ្មោះ​ប្រទេសអ៊ី​ស្រា​អែល បាន​និយាយថា​មិនមាន​លេស​សម្រាប់​អំពើហិង្សា​ដ៏ ​«​គួរឱ្យ​រន្ធត់​» ដោយ​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស់​កាលពី​ថ្ងៃទី ​៧​ ខែតុលា រួច​ប្រើ​ «​ការដាក់ទណ្ឌកម្ម​សមូ​ហ​ភាព​»​ លើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នោះទេ​។

​តាម​ការដកស្រង់​សម្តី លោកនិយាយថា​៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការរំលោភ​យ៉ាងច្បាស់​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែល​យើង​កំពុង​ធ្វើជា​សាក្សី​នៅ​ហ្គា​ហ្សា​។ ខ្ញុំ​សូមបញ្ជាក់​ឱ្យ​ច្បាស់​ចំណុច​នេះ គឺថា គ្មាន​ភាគី​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​ស្ថិតនៅ​ពីលើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ទេ​»​។​


​លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​រំឭកថា ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ «​មិនបាន​កើតឡើង​នៅក្នុង​លម្ហ​ដែរ នៅពេលដែល​ប៉ា​ឡេ​ស្ទី​ន «​ត្រូវបាន​ទទួលរង​នូវ​ការកាន់កាប់​ដោយ​ការ​ខ្ទប់​ដង្ហើម​អស់​រយៈពេល ៥៦ ឆ្នាំ​»​។​

​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​អ៊ីស្រា​អែល លោក Eli Cohen បានបង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ដោយ​ចោទ​សួរថា​៖ «​លោក​អគ្គលេខាធិការ តើ​អ្នករស់នៅ​លើ​លោក​នេះ​ទេ​?»​។

​ចំណែកឯ​ឯកអគ្គរដ្ឋទូត​អ៊ីស្រា​អែល​ប្រចាំ​អង្គការសហប្រជាជាតិ លោក Gilad Erdan បានស្នើ​ឱ្យ​លោក ហ្គុ​យ​តឺ​រេស​លាលែង​ពី​តំណែង​នេះ​៕