កាលពី​ថ្ងៃព្រហស្បតិ៍​ ម្សិលមិញ បេសកជន​អ៊ីស្រាអែល​ប្រចាំនៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ បានលើកឡើង​ថា តៃវ៉ាន់​គឺជាសម្ព័ន្ធមិត្ត​ដ៏មានតម្លៃ​របស់​អ៊ីស្រាអែល ដោយបាន​កោតសរសើរ​ចំពោះ​ការគាំទ្រ​របស់​តៃវ៉ាន់ ជុំវិញ​បញ្ហា​សង្គ្រាម​នៅហ្គាហ្សា​ផងដែរ។ ដោយឡែក អ៊ីស្រាអែល​បានយល់ឃើញ​ថា ការឆ្លើយតប​របស់​ចិន​ចំពោះ​ការវាយប្រហារ​របស់​ពួក​ហាម៉ាស់ គឺជារឿង​ដែលមិនសម​ហេតុផល។

អ៊ីស្រាអែល ក៏ដូចជា​ប្រទេស​ភាគច្រើន​ដទៃទៀតដែរ ពោល​គឺមិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ដែលតែងតែ​ត្រូវបាន​ចិន ដីគោក​ទាមទារ​ដាក់ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​នោះទេ។ ប៉ុន្តែ​តៃវ៉ាន់ បានចាត់ទុក​អ៊ីស្រាអែល​ជាដៃគូ​ប្រជាធិបតេយ្យ​ដ៏សំខាន់មួយ​នៅលើ​ពិភពលោក។

គួររំឭកថា រដ្ឋាភិបាល​ក្រុងតៃប៉ិ​បានចេញមុខ​ថ្កោលទោស​ការវាយ​ប្រហារ​នៅថ្ងៃ​ទី៧ ខែតុលា ទៅលើ​ប្រទេស​អ៊ីស្រាអែល​ដោយពួក​សកម្មប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន ហើយបានបង្ហាញ​ពីការគាំទ្រ​យ៉ាងខ្លាំង​របស់​តៃវ៉ាន់ ក៏ដូចជា​ក្ដីអាណិត​អាសូរ​ដល់​អ៊ីស្រាអែល​ផងដែរ។


ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​នៅទីក្រុង​តៃប៉ិ បេសកជន​របស់​អ៊ីស្រាអែល ឬអាចហៅបាន​ថា ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំនៅ​តៃវ៉ាន់ អ្នកស្រី ម៉ាយ៉ា យ៉ារ៉ុន (Maya Yaron) បានលើកសរសើរ​ការគាំទ្រ​យ៉ាងខ្លាំងក្លា​ពីសំណាក់​រដ្ឋាភិបាល​តៃវ៉ាន់ រួមទាំង​ពីប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen)។

លោកស្រី សៃ អ៊ីងវេន បាននិយាយ​ថា «តៃវ៉ាន់​គឺជាមិត្ត​ដ៏ល្អ​សម្រាប់​អ៊ីស្រាអែល ហើយយើង​ពិតជា​ពេញចិត្ត​ចំពោះ​អ្វីគ្រប់យ៉ាង​ដែលយើង​ទទួលបាន។ ខ្ញុំ​កំពុង​ទាក់ទង​យ៉ាងជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស ដូច្នេះ​ខ្ញុំ​ដឹង​ថា​ប្រជាជន​មានការព្រួយ​បារម្ភ​ខ្លាំង»។


ចិន បានរិះគន់​អំពើហិង្សា និងការវាយ​ប្រហារ​លើជន​ស៊ីវិល​ក្នុង​ជម្លោះ​សង្គ្រាមមួយ​នេះ ហើយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាននិយាយ​ថា «សកម្មភាព​របស់​អ៊ីស្រាអែល​ត្រូវបាន​ចាត់ទុក​ថា​ហួសពី​វិសាលភាព​នៃគោលការណ៍​ការពារ​ខ្លួនហើយ» ប៉ុន្តែ​លោកមិនបាន​ប្រើប្រាស់​ពាក្យ​ថា ក្រុមហាម៉ាស់ នៅក្នុង​ការអត្ថា​ធិប្បាយ​របស់​លោកនោះទេ។

កាលពី​ថ្ងៃពុធ ប្រទេស​ចិន និងប្រទេស​រុស្ស៊ី បានធ្វើ​ការវេតូ​ទៅលើ​សំណើ​របស់​សហរដ្ឋអាមេរិក ដែលបាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្វើ​សកម្មភាព​អំពាវនាវ​ឱ្យ​ផ្អាក​ការប្រយុទ្ធគ្នា ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមរងគ្រោះ​អាចទទួល​បានជំនួយ​មនុស្សធម៌ ការការពារ​ជនស៊ីវិល និងបញ្ឈប់ការ​ផ្ដល់​អាវុធ​ដល់ក្រុម​ហាម៉ាស់​នៅតំបន់​ហ្គាហ្សា។

អ្នកស្រី យ៉ារ៉ុន បានសម្តែងការ​មិនពេញចិត្ត​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ចំពោះ​ប្រទេស​ចិន ដែលមិន​បានថ្កោលទោស​ការវាយ​ប្រហារ​របស់ក្រុម​ហាម៉ាស់​ទៅលើ​ជនស៊ីវិល។ ដូច្នេះហើយ អ្នកស្រី​បានលើកឡើង​ថា «យើង​អាចមើល​ឃើញ​ពីគោល​ជំហរ​របស់​ចិន​លើបញ្ហា​នេះហើយ»៕