​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន​បានចេញ​សេចក្តី​ប្រ​កាស​រួមគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ថ្កោលទោស​កូរ៉េខាងជើង យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​រុស្ស៊ី​សម្រាប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គិត​មក​ថ្ងៃនេះ​មាន​រយៈ​ពេល​ ៦១១ ​ថ្ងៃ និង​គ្មាន​សញ្ញាណ​នៃ​លទ្ធភាព​ចរចា​នោះទេ​។​

​ប្រតិកម្ម​របស់​ត្រី​សម្ព័ន្ធ​នៅ​តំបន់​អាស៊ី​ខាងកើត​នេះ​បាន​កើតឡើង​ជិត ​១​ សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ើ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ​ ទៅកាន់​ទីក្រុង​ព្យុ​យ៉ាង ដែល​ត្រូវគេ​ជឿថា ភាគី​ទាំង​ ២​ បាន​ជជែក​គ្នា​រឿង​អនុវត្ត​កិច្ចព្រមព្រៀង​ដោះដូរ​អាវុធ ក្រោយ​ប្រមុខ​ប្រទេស​កុម្មុយនីស្ត​ទាំង​ ២​ បាន​ឯកភាពគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​រុស្ស៊ី​កាលពី​ខែកញ្ញា​។

​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក បាន​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការផ្គត់ផ្គង់​សព្វាវុធ និង​បរិក្ខារ​យោធា​ដោយ​កូរ៉េខាងជើង ដល់​ប្រទេស​រុស្ស៊ី ហើយ​បាន​និយាយថា ពួកគេ​បាន​អះអាង​ពី​ការ​ប្រគល់​អាវុធ​ជាច្រើន​ប្រភេទ​។


​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា រុស្ស៊ី និង​កូរ៉េខាងជើង​បាន​បដិសេធ​ការផ្ទេរ​សព្វាវុធ​ពី​កូរ៉េខាងជើង ទៅកាន់​ប្រទេស​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ក៏មាន​របាយការណ៍​ដែលថា ទីក្រុង​វ៉ាស៊ីនតោន និង​អ្នក​​ស្រាវជ្រាវ​បានបង្ហាញ​ពី​ការ​ចល័ត​របស់​នាវា​ផ្ទុក​កុងតឺន័រ​ទំនងជា​មាន​អាវុធ​រវាង​កំពង់ផែ​នៃ​ប្រទេស​ទាំង​២​។​

​ខណៈពេលដែល​វា​មិនអាច​បញ្ជាក់​ខ្លឹមសារ​នៃ​ការដឹកជញ្ជូន​នោះ របាយការណ៍​លើកឡើងថា កុងតឺន័រ​ដែល​សង្ស័យ​ពី​កូរ៉េ​​ខាងជើង​ត្រូវបាន​គេ​មើលឃើញថា ក្រោយមក​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ផ្ទុក​គ្រាប់​របស់​រុស្ស៊ី នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែលមាន​ជម្លោះ​។​


​សេចក្តីថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា​៖ «​សាធារណរដ្ឋ​កូរ៉េ សហរដ្ឋ​អាមេរិក និង​ជប៉ុន ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​​ផ្តល់​សម្ភារ​យោធា និង​អាវុធ​ដោយ​កូរ៉េខាងជើង ដល់​សហព័ន្ធរុស្ស៊ី សម្រាប់​ប្រើប្រាស់​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយ​ក្រែ​ន​»​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង ​៣​ បាន​និយាយថា​៖ «​ការ​ចែកចាយ​អាវុធ​បែបនេះ ដែល​ភាគច្រើន យើង​សូមបញ្ជាក់ ឥឡូវនេះ​ថា បានបញ្ចប់​ហើយ​នោះ​នឹង​ធ្វើឱ្យ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ច្រើន​នៃ​សង្គ្រាម​ឈ្លា​ន​​ពាន​របស់​រុស្ស៊ី​»​។​

​ស្របពេល​មានការ​ចោទប្រកាន់​អំពី​ការផ្តល់​អាវុធ និង​សម្ភារ​យោធា​ទៅឱ្យ​ប្រទេស​រុស្ស៊ី កូរ៉េ​ខាងជើង​ក៏​កំពុង​ស្វែងរក​ជំនួយ​យោធា​ពី​សហព័ន្ធរុស្ស៊ី​ ដើម្បី​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​។​

​ក្រោយ​ជំនួប​កំពូល​រវាង​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី និង​សម​ភាគី​កូរ៉េខាងត្បូង លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃទី ​១៣​ ខែកញ្ញា រដ្ឋសភា​ប្រទេស​កូរ៉េខាងជើង​បានសម្រេច​ដាក់បញ្ចូល​បាវចនា​ជា ​«​រដ្ឋ​នុយក្លេអ៊ែរ​»​ ទៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន​។​

​យោងតាម​សារព័ត៌មាន Al Jazeera ដែល​បាន​តាមដាន​យ៉ាង​ដិតដល់​លើ​សង្គ្រាម​ក្នុងប្រទេស​អ៊ុន​ក្រែ​ន ក្នុង​រយៈពេល​ ៦​ ថ្ងៃ​ចុងក្រោយ ទាហាន​រុស្ស៊ី​ស្លាប់​និង​របួស​ប្រមាណ​ ២ ៥០០ ​នាក់ នៅពេល​កងទ័ព​ថ្មើរជើង​រុស្ស៊ី​ព្យាយាម​ដណ្ដើម​ចូល​សមរ​ភូមិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជូន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ «ATACM» ទៅឱ្យ​អ៊ុយ​ក្រែ​ន ដែល​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ទទូច​ចង់​បានជា​យូរ​មកហើយ​សម្រាប់​ការធ្វើ​សង្គ្រាម​នេះ​។

​កូរ៉េខាងជើង​ និង​រុស្ស៊ី​ បាន​សន្យា​កិច្ចសហប្រតិបត្តិការ​យោធា​កាន់តែ​ជិតស្និទ្ធ​នៅពេលដែល​មេដឹកនាំ​របស់​ពួកគេ​បាន​ជួបគ្នា​ក្នុង​ខែកញ្ញា​ នៅ​ភាគ​ខាងកើត​របស់​រុស្ស៊ី​។​

​តាមរយៈ​សេចក្តីប្រកាស​ចុង​ក្រោយ ត្រី​សម្ព័ន្ធមិត្ត​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​សម្ភារ​ទាំងឡាយណា​ដែល​រុស្ស៊ី​ផ្តល់​ដល់​កូរ៉េ​ខាង​ជើង ដើម្បី​គាំទ្រ​ដល់​គោលដៅ​យោធា​របស់​ទីក្រុង​ព្យុងយ៉ាង​» ដោយ​បន្ថែមថា ប្រតិបត្តិការ​អាវុធ​ណា​មួយ​ជាមួយ​កូរ៉េ​ខាង​ជើងបាន​រំលោភ​លើ​ដំណោះ​ស្រាយ​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ទីក្រុង​ម៉ូស្គូ​ខ្លួនឯងបាន​បោះឆ្នោត​គាំទ្រ​នោះ​៕