ទិន្នន័យ​នៃ​ការស្លាប់​និង​របួស​ក្នុង​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល ​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​បាន​ឡើងដល់​ ៣២៧ ៥៩​ នាក់ គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២៦ ខែតុលា ក្រោយ​ផ្ទុះ​សង្គ្រាម​ជិត​ ២០ ​ថ្ងៃ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ AL Jazeera ដែលមាន​មូលដ្ឋាន​នៅ​កាតា​។​

​តាម​ទិន្នន័យ​នោះ ការស្លាប់​និង​របួស​បាន​បែក​ចែកជា​ ៣ ​ផ្នែក​ធំៗ ដែល​រួមមាន ការ​ស្លាប់ និង​របួស​ក្នុងប្រទេស​អ៊ីស្រា​អែល តំបន់​វ៉េ​ស​ប៊ែ​ង និង​តំបន់​ហ្គា​ហ្សា​។​

​សម្រាប់​តំបន់​ហ្គា​ហ្សា​មាន​ចំនួន​អ្នកស្លាប់​និង​របួស​ច្រើនជាងគេ គឺ​ចំនួន​សរុប ​២៤ ០៨៥ នាក់ ដោយ​អ្នកស្លាប់​ចំនួន ៦ ៥៤៦​ នាក់ និង​អ្នករបួស​ចំនួន ១៧ ៤៣៩ ​នាក់​។


​ចំណែក​តំបន់​វ៉េ​ស​ប៊ែ​ង (West Bank)​ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន មាន​អ្នកស្លាប់​ ១០២ ​នាក់ និង អ្នក​រងរបួស​ ១ ៨៣៦​ នាក់​។ ភាគី​អ៊ី​ស្រា​អែល​មាន​អ្នកស្លាប់​សរុប​ចំនួន ១ ៤០៥​ នាក់ និង​រងរបួស ​៥ ៤៣១ ​នាក់​។

​សង្គ្រាម​នេះ​បាន​ផ្ទុះឡើង​ដោយសារ​ក្រុម​ហា​ម៉ាស់​បាន​វាយឆ្មក់​ចូល​ទឹកដី​អ៊ី​ស្រា​អែល​កាលពី​ថ្ងៃទី​ ៧ ខែតុលា ហើយ​ជាការ​សងសឹក អ៊ី​ស្រា​អែល​បានប្រកាស​វាយកម្ទេច​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ដែល​គ្រប់​​គ្រង​តំបន់​ហ្គា​ហ្សា​។


​ចាប់តាំងពី​ពេលនោះ​មក អ៊ីស្រា​អែល​បាន​បង្កើន​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ដ៏​ខ្លាំងក្លា​មិន​ធ្លាប់មាន កម្ទេច​មូលដ្ឋាន​អាវុធ​នានា​របស់​ក្រុម​ហា​ម៉ាស់ ដែល​ត្រូវបាន​រាយការណ៍​ថា បានដាក់​នៅ​ទីតាំង​នានា​ក្បែរ​សាលារៀន មន្ទីរពេទ្យ និង​វិហារ​សាសនា​ជាដើម ហើយ អ៊ី​ស្រា​អែល​បាន​ត្រៀម​សម្ភារ​សឹក​មាន​រថក្រោះ រថយន្ត ជាច្រើន​ដាក់​តាម​បណ្តោយ​ព្រំដែន​ហ្គា​ហ្សា​ដើម្បី​វាយ​ចូល​តំបន់​នេះ​តាម​ផ្លូវគោក​៕