សមាជិក​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​អង់គ្លេស​បាន​រិះគន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស (Antonio Guterres) ជុំវិញ​ការអត្ថាធិប្បាយ​របស់លោក​អំពី​ជម្លោះ​រវាង​ប្រទេស​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ហា​ម៉ាស់​។

​អ៊ីស្រាអែល​បាន​អំពាវនាវ​ឱ្យ​លោក ហ្គុ​យ​តឺ​រ៉េ​ស លាលែង​ចេញពី​តំណែង បន្ទាប់ពី​លោក​បាន​ថ្លែង​ក្នុងអំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា «​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ទៅលើ​អ៊ីស្រាអែល មិនមែន​កើតឡើង​ដោយ​គ្មាន​ហេតុផល​នោះទេ​»​។ កាលពី​ថ្ងៃ​ពុធ លោក​បាន​បញ្ជាក់ថា ការដែល​លោក​ព្រម​ទទួលស្គាល់​ពី​ទុក្ខលំបាក​របស់​ប៉ា​ឡេ​ស្ទី​ន មិនមែន​មានន័យថា​លោក​ចាត់ទុក​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ថា​ជា​រឿង​ត្រឹមត្រូវ​នោះទេ​។

​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក អូ​លី​វឺ ដូ​ដេ​ន (Oliver Dowden) បាន​អំពាវនាវ​ឱ្យ​លោក ហ្គុ​យ​តឺ​រ៉េ​ស ធ្វើការ​បកស្រាយ​បញ្ជាក់បន្ថែម​អំពី​ការបញ្ចេញមតិ​របស់គាត់​។ រីឯ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) ក៏បាន​គាំទ្រ​ដល់​ការអំពាវនាវ​របស់​ឧបនាយករដ្ឋមន្ត្រី​រប​ស់​ខ្លួន​ផងដែរ​។


​លោក ដូ​ដេ​ន បាន​ប្រាប់​ទៅកាន់​ប៉ុស្ដិ៍​វិទ្យុ​មួយ​ឈ្មោះ Times Radio ថា «​ខ្ញុំ​ពិតជា​មិន​យល់ស្រប​នឹង​ការលើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​នោះទេ ដូចដែល​យើង​បានដឹង​ស្រាប់​ហើយ​អំពី​ការលើកឡើង​របស់គាត់ ដែល​ត្រូវបាន​រាយការណ៍​ជា​បន្តបន្ទាប់​»​។

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​យល់ថា មានការ​បកស្រាយ​ជា​បន្តបន្ទាប់​អំពី​ការលើកឡើង​របស់លោក ហ្គុ​យ​តឺ​រ៉េ​ស ប៉ុន្តែ​យើង​មិនគួរ​បន្ទោស​នរណាម្នាក់​ក្រៅពី​ភេរ​វករ​នៅ​ហ្គា​ហ្សា ចំពោះ​ការវាយប្រហារ​នេះ​នោះទេ​។ វា​អាច​នឹង​ជួយ​សម្រួល​ស្ថានការណ៍​បាន​ខ្លះ​ប្រសិនបើ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អាច​បញ្ជាក់​ពី​រឿងនេះ​សាជាថ្មី​»​។


​បន្ថែម​លើ​នេះ នៅពេលដែល​មានការ​សាកសួ​រ​អំពី​ការ​ថ្លែង​របស់លោក ហ្គុ​យ​តេ​រ៉េ​ស លោក ស៊ូ​ណាក់ បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា «​ក្រុម​ហា​ម៉ាស់ ​គឺជា​ក្រុម​សកម្មប្រយុទ្ធ​តែមួយគត់​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​។ ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដ៏​គួរឱ្យ​ភ័យខ្លាច និង​ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ជាច្រើន​»​។

​ការលើកឡើង​របស់លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​បង្កឱ្យមាន​ការបែកបាក់​គ្នា​ក្នុងចំណោម​មេដឹកនាំ​នៅ​អឺរ៉ុប​។ ជាក់ស្ដែង ក្រសួងការបរទេស​ព័រ​ទុយ​ហ្គា​ល់​បាន​ចេញមុខ​គាំទ្រ​គោលជំហរ​របស់លោក ហ្គុ​យ​តឺ​រ៉េ​ស ខណៈដែល​អ្នកនាំពាក្យរ​ដ្ឋា​ភិ​បាល​អាល្លឺម៉ង់​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ថា​ទីក្រុង​ប៊ែ​រ​ឡាំង​នៅតែមាន​ទំនុកចិត្ត​លើ​ប្រមុខ​អង្គការសហប្រជាជាតិ​។

​បន្ទាប់ពី​ការវាយប្រហារ​ដ៏​សាហាវ​របស់​ក្រុម​ហា​ម៉ាស់​នៅ​ដើមខែ​តុលា​នេះ ភាគី​អ៊ីស្រាអែល​បានធ្វើការ​វាយបក​ត្រលប់​វិញ ជាពិសេស​តាមរយៈ​ដែនអាកាស​ដើម្បី​សងសឹក ហើយ​បានដាក់​តំបន់​ហ្គា​ហ្សា​នៅក្រោម​ការឡោមព័ទ្ធ​ទាំងស្រុង ដោយ​កាត់ផ្តាច់​ប្រេងឥន្ធនៈ អគ្គិសនី និង​ទឹក​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​៕