អាជ្ញាធរ​ហ្វីលីពីន​​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​​ ទី​ ២៨ ខែ​តុលា​​ថា ប៉ូលិស​ហ្វីលីពីន​បាន​ឃុំ​ខ្លួន​មនុស្ស​ជិត​ ៦០០ ​នាក់​ ក្នុង​ប្រតិបត្តិការ​​ឆ្មក់​​​ចូល​ទីតាំង​សង្ស័យ​ ក្រោម​​ប្រតិបត្តិការ​ជួញ​ដូរ​មនុស្ស​ និង​​ឆបោក​តាម​​អ៊ិនធឺណិត​នៅ​ទីក្រុង​ម៉ា​នីល​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ​

​គណៈកម្មាធិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ (PAOCC) របស់​ហ្វីលីពីន​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ជ​ន​ជាតិ​ចិន​ កូរ៉េ ​វៀតណាម ​និង​ហ្វីលីពីន​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ដែល​ក្រុម​ប៉ូលិស​​រក​ឃើញ​នៅ​ខាង​ក្នុង​ប​រិវេណ​​អំឡុង​ពេល​ប្រតិបត្តិការ​ឆ្មក់ចូល​​​កាល​ពី​យប់​ថ្ងៃ​សុក្រ​។​

​លេខាធិការ​ក្រសួង​​យុត្តិធម៌​ លោក​ Crispin Remulla​ បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ អាជ្ញាធរ​កំពុង​សម្ភា​ស​អ្នក​ជាប់​ឃុំ​ចំនួន​ ៥៩៨ នាក់​ ​ដើម្បី​កំណត់​ថា​ អ្នក​ណា​ជា​ជន​រង​គ្រោះ ឬ​អ្នក​ណា​ជា​ជន​សង្ស័យ​។​​


បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ AFP ​ស្ថាន​ទូត​ចិន​ទទួល​បាន​ការ​ស្នើ​សុំ​​ឱ្យ​ជួយ​កំណត់​អត្តសញ្ញាណ​មនុស្ស​ ៩​ នាក់​ ដែល​សង្ស័យ​ថា​ បាន​ដំណើរការ​អាជីវកម្ម​​​ពាក់​ព័ន្ធ​​ ដែល​ទទួល​បាន​​អាជ្ញាបណ្ណ​​ថា​ជា​ក្រុមហ៊ុន​ហ្គេម​អ៊ីនធឺណិត​។​​

ការ​បង្រ្កាប​របស់​ប៉ូលិស​ហ្វីលីពីន​​នា​នេះ​ ធ្វើ​ឡើង​ចំ​ពេល​មាន​កំណើន​នៃ​ការ​ព្រួយ​បារម្ភ​ជា​អ​ន្ត​រ​ជាតិ​​​ជុំ​វិញ​ការ​បោក​ប្រាស់​តាម​អ៊ិនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ជា​រឿយ​ៗ​​ប្រើ​​​​​​ជន​រង​គ្រោះ​នៃ​កា​រ​ជួញ​ដូរ​មនុស្ស​ដោយ​បង្ខំ​​​ឱ្យ​ធ្វើ​ការ​បោក​បញ្ឆោត​ ឬ​​​​​​​ផ្សព្វ​ផ្សាយ​ការ​វិនិយោគ​គ្រីបតូ​ក្លែង​ក្លាយ​។


​លោក​ Remullaបាន​និយាយ​ថា​ អាជ្ញាធរ​ហ្វីលីពីន​ កំពុង​ដាក់​ពាក្យ​សុំ​ដីកា​ ដើ​​ម្បី​ចូល​​ឆែក​កុំព្យូទ័រ​ដែល​បាន​រក​ឃើញ​នៅ​ខាង​ក្នុង​បរិវេណ​​បង្រ្កាប​​។

ចំណែក​ឯ​ PAOCC វិញ​ បាន​និយាយ​ថា​ ក្នុង​អំឡុង​​នៃ​ការ​វាយ​ឆ្មក់​នោះ​ ជន​ជាតិ​ចិន​​២​នាក់​បាន​និយាយ​ថា ​ពួក​គេ​​ត្រូវ​បានគេ​​ឃុំ​ខ្លួន​ ​ហើយ​មាន​ស្នាម​គេ​​ធ្វើ​ទារុណកម្ម​លើ​ដង​ខ្លួន​របស់​ពួក​គេ​។ បុរស​ម្នាក់​ក្នុង​ចំណោម​នោះ​ អះ​អាង​ថា​ គេ​ចាប់​ជំរិត​ ហើយ​លក់​លោក​ក្នុង​តម្លៃ​ ៨ ៨០០ ដុល្លារ​អាមេរិក​ ខណៈ​ម្នាក់​​ទៀត​​បាន​​និ​យា​យ​​​ថា​លោក​ជាប់​ឃុំ​​​​​អស់​​រយៈ​​ពេល​​១​​ឆ្នាំ​ ហើយ​​បង្ខំ​​ឱ្យ​​ធ្វើ​​ការ​​រហូត​​ដល់​ ១៥ ​ម៉ោង​​ក្នុង​​មួយ​​ថ្ងៃ​។​​

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ មនុស្ស​ជាង​ ២ ៧០០ នាក់​ ​ត្រូវ​បាន​ប៉ូលិស​ចាប់​​ឃុំ​ខ្លួន​អំឡុង​ពេល​វាយ​ឆ្មក់​លើ​អគារ​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​ម៉ានីល ​ជា​កន្លែង​ដែល​​ជន​រង​គ្រោះ​នៃ​ការ​​ជួញ​ដូរ​មនុស្ស​ ត្រូវ​បា​ន​គេ​បង្ខំ​ធ្វើ​ការ​​​រក​លុយ​ ដោយ​ស្វែង​រក​អ្នក​លេង​ហ្គេម​តាម​អ៊ិនធឺណិត​៕