នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានសម្រេចផ្អាកការនាំចេញសព្វាវុធ (ភាគច្រើនផលិតនៅអាមេរិក) ទៅកាន់ប្រទេសថៃ និងទីផ្សារប្រទេសដទៃទៀតក្នុងរយៈពេល ៩០ ថ្ងៃ។ ការផ្អាកនេះធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះការផ្ដល់សព្វាវុធទៅកាន់ទីផ្សារនានា។
ការពិនិត្យឡើងវិញនេះនឹងធ្វើឡើងជាបន្ទាន់ដែលអាចឱ្យនាយកដ្ឋានវាយតម្លៃកាន់តែមានប្រសិទ្ធភាពឈានទៅកាត់បន្ថយហានិភ័យនៃអាវុធដែលត្រូវបានលក់ចេញទៅកាន់ទីផ្សារនានា ជាពិសេសធានាបាននូវការចៀសវាងការរំលោភសិទ្ធិមនុស្ស ឬបង្កសកម្មភាពឧក្រិដ្ឋកម្ម។
វិធានការនេះបានគ្របដណ្ដប់លើទីផ្សារធំៗមួយចំនួនដូចជាថៃ ប្រេស៊ីល និងប្រទេសក្វាតេម៉ាឡា ជាដើម ប៉ុន្តែយ៉ាងណាការសម្រេចនេះមិនរាប់បញ្ចូល ប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងប្រទេសប្រមាណជា ៤០ ទៀត ដែលមានកិច្ចព្រមព្រៀងត្រួតពិនិត្យការនាំចេញពហុភាគីនោះទេ។
ការផ្អាកនេះដែរក៏មានទាក់ទិនជាមួយនឹងករណីបាញ់សម្លាប់រង្គាលកាលពីឆ្នាំមុននៅពេលដែលអតីតប៉ូលិសម្នាក់បានបាញ់សម្លាប់មនុស្ស ៣៥ នាក់ក្នុងនោះមានក្មេង ២២ នាក់។
ការស៊ើបអង្កេតបានបង្ហាញថាកាំភ្លើងម៉ាក The Sig Sauer P365 ដែលត្រូវបានប្រើដោយឃាតករនាពេលនោះ គឺជាកាំភ្លើងដែលផលិត និងនាំចេញពីសហរដ្ឋអាមេរិក។
ថៃ គឺជាទីផ្សារសព្វាវុធដ៏ធំមួយរបស់សហរដ្ឋអាមេរិកបើធៀបនឹងប្រទេសផ្សេងទៀតទូទាំងពិភពលោក។ ចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០២២ ការស៊ើបអង្កេតបានបង្ហាញថា កាំភ្លើងចំនួន ៧៩៥ ០០០ ដើមត្រូវបានចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសថៃ៕