អង្គការ​វិបត្តិ​អន្តរជាតិ (ICG) បានចេញ​របាយការណ៍ ​កាលពី​ថ្ងៃទី ២៧ ខែតុលា ដោយបាន​លើកឡើងថា ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជា​ឱកាស​មួយ​ដើម្បី​បន្ត​កិច្ចសន្ទនា​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង កាត់បន្ថយ​ភាព​តានតឹង និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជម្លោះ​រវាង​ភាគី​ទាំងពីរ។

របាយការណ៍​នោះបាន​បន្ថែមថា សង្គ្រាម​លើ​កោះ​តៃវ៉ាន់​គឺជា​រឿង​ដែល​អាចជៀ​សរួច ប៉ុន្តែ​ស្ថានការណ៍​បច្ចុប្បន្ន​គឺ​កំពុង​ស្ថិតនៅក្នុង​គ្រោះថ្នាក់។

បច្ចុប្បន្ននេះ តៃវ៉ាន់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​យ៉ាង​ក្ដៅគគុក​រវាង​ចិន និង​អាមេរិក​ដែល​តែងតែ​ចេញមុខ​គាំទ្រ​ដល់​តៃវ៉ាន់។ របាយការណ៍​នេះ​ផងដែរ បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បោះជំហាន​ថយក្រោយ​ទាំងសងខាង និង​កសាង​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ។


កន្លងមក រដ្ឋាភិបាល​ចិន​ក្រោម​ការដឹកនាំ​របស់​​លោក ស៊ី ជីន​ភីង (Xi Jinping)​ បានចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន​ប៉ុណ្ណោះ ហើយ​បាន​ទទូចថា​ចិន​នឹងបង្រួបបង្រួម​គ្នា​ឡើងវិញ។ ចិន​បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​គ្រប់គ្រង​កោះ​មួយ​នេះ​ដោយ​សន្តិវិធី ប៉ុន្តែ​ចិន​ក៏បាន​អះអាងថា ខ្លួន​អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ចាំបាច់។

ដោយឡែក រដ្ឋាភិបាល​តៃវ៉ាន់​ដឹកនាំ​ដោយ​លោកស្រី សៃ អ៊ីង​វ៉េ​ន (Tsai Ing-wen)បានបញ្ជាក់​ជាច្រើន​ដង​មកហើយ​ថា តៃវ៉ាន់​មាន​ឯករាជ្យភាព ហើយ​ប្រជាជន​តៃវ៉ាន់​បាន​បដិសេធ​ការ​ចូលមក​គ្រប់គ្រង​របស់​ចិន។ ជាក់ស្ដែង ការស្ទង់មតិថ្មីៗនេះ​បាន​រកឃើញថា ៨៥,៣%នៃ​ប្រជាជន​តៃវ៉ាន់​ទាំងអស់ ប្រឆាំងនឹង​សំណើ​របស់​ចិន​ដែល​ចង់ឱ្យ​តៃវ៉ាន់​អនុវត្ត​គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធ​ពីរ»។


បន្ទាប់ពី​លោកស្រី សៃ​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦ ទីក្រុង​ប៉េកាំង​បាន​ផ្ដាច់​កិច្ចសន្ទនា​ជាមួយ​ក្រុង​តៃប៉ិ​ដោយសារតែ​ជំហរ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់លោក​ស្រី មាន​និន្នាការ​ប្រឆាំង​ចិន។ ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​ព្យាយាម​ផ្តាច់​តៃវ៉ាន់​ចេញពី​ឆាក​អន្តរជាតិ និង​គាបសង្កត់​ផ្នែក​សេដ្ឋកិច្ច។ ការណ៍​នេះ​បានធ្វើឱ្យ​ប្រជាជន​តៃវ៉ាន់​កាន់តែ​ប្រឆាំងនឹង​ការបង្រួបបង្រួម បង្ក​ឱ្យ​ភាគី​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន។

លោកស្រីប្រធានាធិបតី​នឹង​ចុះ​ចេញពី​ដំណែង​នៅ​ឆ្នាំក្រោយ ហើយ​នេះ​អាចជា​ឱកាស​សម្រាប់​តៃវ៉ាន់ និង​ចិន​អាច​បើក​កិច្ចសន្ទនា​គ្នា​ម្តងទៀត។ របាយការណ៍​របស់ ICG ខាងលើ​បានផ្ដល់​ជា​អនុសាសន៍​ថា ប្រសិនបើ​បក្ស​កាន់អំណាច​ឈ្នះ តៃវ៉ាន់ និង​ចិន​គួរតែ​រក​វិធី​ដើម្បី​សម្រុះសម្រួល​គ្នា។

ប្រសិនបើ​តៃវ៉ាន់ និង​ចិន​មិនអាច​បើក​កិច្ចសន្ទនា​គ្នា​បានភ្លាមៗទាំងស្រុង​នោះទេ តៃវ៉ាន់​អាច​ចាប់ផ្តើម​ជជែក​ជាមួយ​ចិន​អំពី​រឿង​ផ្សេងទៀត ដូចជា​ពាណិជ្ជកម្ម ឬ​បរិស្ថាន​ជាដើម។ ទន្ទឹមនឹងនោះ តៃវ៉ាន់​ត្រូវខិតខំ​ពង្រឹង​វិស័យ​យោធា​របស់ខ្លួន ដើម្បី​ឲ្យ​ចិន​ដឹងថា ការវាយប្រហារ​តៃវ៉ាន់​នឹងត្រូវ​ខាតបង់​ចំណាយ​ច្រើន​លើសលុប នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល។

អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ ប្រទេស​ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​បំពាន​ទៅលើ​តៃវ៉ាន់ រួមទាំង​បានធ្វើ​សមយុទ្ធ​របៀប​វាយប្រហារ​តៃវ៉ាន់ វាយប្រហារ​តាម​អ៊ីនធឺណិត និង​បញ្ជូន​យន្តហោះ​ចម្បាំង​ចូលទៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​ទៀតផង។ កាលពី​ថ្ងៃ​ចន្ទ ក្រសួងការពារជាតិ​តៃវ៉ាន់​បានឱ្យដឹងថា យន្តហោះ​របស់​ចិន​បាន​ហោះ​ជុំវិញ​កោះ​របស់ខ្លួន​ជាច្រើន​ដង។

របាយការណ៍​ខាងលើ​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​ដែល​ផ្តល់ជំនួយ​គ្រឿង​សព្វាវុធ​ដល់​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន ក៏ត្រូវ​ទទួលខុសត្រូវ​ផងដែរ​ចំពោះ​ការកាត់បន្ថយ​ភាព​តានតឹង ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​អំពី​របៀប​ដែល​ខ្លួន​គាំទ្រ​តៃវ៉ាន់ ព្រោះ​សកម្មភាព​របស់​អាមេរិក​អាច​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់។ របាយការណ៍​ក៏បាន​ចង្អុល​បង្ហាញថា សហរដ្ឋអាមេរិក​មិនមែនជា​ប្រទេស​តែមួយគត់​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ​ទេ ពោលគឺ​ប្រទេស​ផ្សេងទៀត​ក៏មាន​ទំនួល​ខុសត្រូវ​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​ផងដែរ។

អ្នកស្រី អា​ម៉ាន់​ដា ស៊ា​វ (Amanda Hsiao)អ្នកវិភាគ​ជាន់ខ្ពស់រ​បស់​អង្គការ​វិបត្តិ​អន្តរជាតិ បាន​លើកឡើងថា ៖ «ដើ ម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ចិន សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​បញ្ចៀស​ជម្លោះ។ ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​បង្ហាញ​ជំហរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ថា ខ្លួន​មិនមាន​គោលបំណង​បំបែក​តៃវ៉ាន់​ពី​ចិន​ជា​អចិន្ត្រៃយ៍​នោះទេ ហើយ​ក្រុង​តៃប៉ិ​គួរតែ​បង្ហាញ​ជំហរ​ប្រាប់​ទីក្រុង​ប៉េកាំង​ថា ខ្លួន​នឹងមិន​ស្វែងរក​ឯករាជ្យ​ភាពជា​ផ្លូវការ​នោះឡើយ»។

លោកស្រី​បន្តថា ៖ «រីឯ​ទីក្រុង​ប៉េកាំង​វិញ​គួរតែ​បញ្ជាក់ប្រាប់​ទីក្រុង​វ៉ាស៊ីនតោន និង​តៃប៉ិ​ឡើងវិញ​ថា ខ្លួន​នឹងមិន​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ធ្វើការ​បង្រួបបង្រួម​តៃវ៉ាន់​មកវិញ​នោះទេ»។