អតីត​មេដឹកនាំ​និស្សិត​​ ៤​ នាក់​មក​ពី​សាកលវិទ្យាល័យ​ហុង​កុង​ រង​ការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​​២ ​ឆ្នាំ​ កាល​ពី​ថ្ងៃ​ចន្ទ​ ពី​បទ​ញុះ​ញង់​​មនុស្ស​ឱ្យ​បង្ក​របួស​ស្នាម​លើ​អ្នក​ដទៃ​ ដោយ​អ្នក​ទាំង​ ៤ ​បាន​​​សរសើរ​បុរស​ម្នាក់​​ដែល​​ចាក់​សម្លាប់​មន្ត្រី​ប៉ូលិ​ស​មុន​ពេល​​ធ្វើ​អត្តឃាត​នៅ​ឆ្នាំ​ ២០២១​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

និស្សិត​ឈ្មោះ​​ Kinson Cheung ឈ្មោះ​​ Charles Kwok ឈ្មោះ​ Chris Todorovski​ និង​ឈ្មោះ​ Anthony Yung រង​ការ​កាត់​ទោស​ឱ្យ​ទទួល​ខុស​ត្រូវ​​ចំពោះ​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​​បណ្ដុះ​គំនិត​លើ​ក្រុម​ប្រឹក្សា​សហជីព​និស្សិត​។​​ ការ​បណ្ដុះ​គំនិត​នោះ​ បាន​បង្ហាញ​ពី​​ការ​​ទុក្ខ​ព្រួយ​ជា​អនេក​ និង​ការ​កើត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​លះ​បង់​ជីវិត​​បុរស​ ដែល​សម្លាប់​មន្រ្តី​ប៉ូលិស​ម្នាក់​ដោយ​កាំបិទ​នោះ​​។ ​

សេចក្ដី​សម្រេច​​ដាក់​គុក​និស្សិត​ទាំង​ ៤ ​នា​ពេល​នេះ​ ​ធ្វើ​ឡើង​ទោះ​បី​ជា​មាន​​កំហឹង​សាធារណៈ​ដែល​រីក​រាល​ដាល​ប្រឆាំង​នឹង​ប៉ូលីស​ ដែល​​គេ​ថ្កោល​ទោស​ថា​ បាន​ប្រើ​បាតដៃ​ហិង្សា​លើ​ក្រុម​បាតុករ​គាំទ្រ​​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្នាំ​ ២០១៩​។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​លោក​ស្រី​ ចៅក្រម ​Adriana Noelle TseChing​បាន​និយាយ​ថា​ ពាក្យ​ដែល​​និស្សិត​ទាំង​៤​ប្រើ​ ទំនង​ជា​ញុះ​ញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ប៉ូលីស​។​លោក​ស្រី​​បាន​​និយាយ​​​ថា ​​​​​អ្នក​ទាំង​​​៤​រង​ការ​ចោទ​ប្រកាន់​ក្នុង​​​បទ​​ល្មើស​​ធ្ងន់​ធ្ងរ​ ហើយ​​កា​រ​​កា​ត់​​ទោស​​ស្រាលៗ​​​នឹង​​ផ្ញើ​​សារ​​ខុស​​ទៅ​​សង្គម​។​


លោក​ Leung Kin-fai​ បាន​ចាក់​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់​​ម្នាក់​ ​មុន​ពេល​សម្លាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី​ ១ ខែ​កក្កដា​ ឆ្នាំ​ ២០២១​​ដែល​ជា​ខួប​នៃ​ការ​ប្រគល់​ហុងកុង​ពី​អាណា​និគម​អង់គ្លេស​ទៅ​ឱ្យ​ចិន​វិញ​​ក្នុង​ឆ្នាំ​ ១៩៩៧​។ អាជ្ញាធរទីក្រុង​ហុងកុង​ បាន​ហៅ​លោក​ Leung ថា​ជា​ភេរវករ​ក្នុង​ស្រុក​ ដែល​ក្លាយ​ជា​ជ្រុល​និយម​ដោយ​ការ​ប្រកាន់​និន្នាការ​នយោបាយ​។

ការ​លើក​សរសើរ​លោក​ Leung​ បាន​​ទាក់​ទាញ​​ការ​​រិះ​គន់​​ពី​​សាកល​វិទ្យាល័យ​ និង​​ការិយាល័យ​​សន្តិសុខ​​របស់​​ទីក្រុង​​ហុងកុង​ ដោយ​​បាន​​ជំរុ​ញ​​ឱ្យ​​លោក​Kwok ​និង​​មិត្ត​ភ័ក្តិ​​​​​សុំ​ទោស​ និង​​ដ​កពាក្យ​ចេញ​។ ​​​​មេ​​ដឹក​​នាំ​​និស្សិត​​មួយ​​ចំនួន​ ​ក៏​​ចុះ​​ចេញ​​ពី​​មុខ​​តំណែង​ផង​ដែរ​។ ​​

ប៉ុន្តែ​ការណ៍​នេះ​ មិន​បាន​បញ្ឈប់​ប៉ូលិស​ក្រុង​ហុងកុង​ពី​ការ​ចាប់​ខ្លួន​​និស្សិត​ទាំង​៤​នោះ​ទេ​។ ពួក​គេ​រង​ការ​ចោទ​ប្រកាន់​ដំបូង​ពី​បទ​គាំទ្រ​អំពើ​ភេរវកម្ម​ក្រោម​ច្បាប់​សន្តិសុខជាតិ​ ដែល​ដាក់​​ចេញ​ដោយ​ទីក្រុង​ប៉េកាំង​បន្ទាប់​ពី​ការ​តវ៉ា​ឆ្នាំ​ ២០១៩​។ ​ប៉ុន្តែ​​កា​រ​​ចោទ​​ប្រកាន់​​នោះ​ ​ត្រូវ​​បាន​​ទម្លាក់​​ចោល​វិញ​ ​បន្ទាប់​​ពី​​ពួក​​គេ​​បាន​​សារភាព​​កំហុស​ ហើយ​ជំនួស​​​មក​វិញ​នូវ​ការ​​​​​​ចោទ​​​ប្រកាន់​ពីបទ​​ញុះ​ញង់​​​ដើម្បី​បង្ក​​របួស​​ដោយ​​ចេតនា​​កាល​​​ពី​​​ខែ​​មុន​៕