​សង្គ្រាម​ដ៏​សាហាវ​ក្នុងសម័យ​បច្ចេកវិទ្យា​ជឿនលឿន​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ទំនង​ធ្វើឱ្យ​សម្ព័ន្ធ​មិត្ត​យោធា​ណា​តូ បែកខ្ញែក​គ្នា ខណៈ​តួ​ក​គី​ដែលជា​សមាជិក​សំខាន់​មួយ​ក្នុង​អង្គការ​ប្រដាប់​​អាវុធ​នេះ​បង្ហាញ​ជំហរ​គាំទ្រ​ក្រុម​ហា​ម៉ាស់ និង​ដាក់​ការ​ស្តី​បន្ទោស​ខ្លាំង​មិន​ធ្លាប់មាន​ចំពោះ​បស្ចិមប្រទេស​។​

​ក្នុង​សង្គ្រាម​រយៈពេល​ចុង​​ក្រោយនេះ ខណៈដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ដែល​ភាគច្រើន​ជា​សមាជិក​របស់​អង្គការ​ណា​តូ បាន​ហៅ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ជា ​«​ក្រុម​ភេរ​វករ​» ប្រធានាធិបតី​តួ​ក​គី លោក រេ​ស៊ី​ប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន (Recep Tayyip Erdogan) បាន​ច្រានចោល​ការហៅ​បែបនេះ ដោយ​ជំនួស​មកវិញ​ថា​«​ក្រុម​រំដោះ​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​»​។

​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ តួ​ក​គី​ត្រូវបាន​គេ​មើលឃើញថា​អនុវត្ត​ជំហរ​អព្យាក្រឹត​យ៉ាង​ល្អ ដោយ​បង្ហាញខ្លួន​ថា ជា​សម្ព័ន្ធ​​មិត្ត​របស់​ភាគី​ជម្លោះ ខណៈពេលដែល​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ពី​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​​រុស្ស៊ី​ផង និង​ប្រទេស​អ៊ុយ​ក្រែ​ន ​ជាពិសេស​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ដែល​ជួយ​ជ្រោមជ្រែង​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​។​


​ប្រទេស​តួ​ក​គី​ ដែល​ចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ក្នុង​ឆ្នាំ​ ១៩៥២ បាន​ក្លាយជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អឺរ៉ុប ព្រម​ទាំង​ចេញមុខ​ជំទាស់​បំណង​របស់​អង្គការ​ប្រដាប់អាវុធ​ធំ​បំផុត​នេះ​ទៀតផង​។

​តួ​ក​គី​តែ ​១ ​ប្រទេស​គត់​ក្នុងចំណោម ​៣០​ ប្រទេស​ ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ​កាលពី​ឆ្នាំមុន បាន​ចេញមុខ​ជំទាស់​ដោយ​ចំហ​ចំពោះ​ការស្នើ​ចូល​ជា​សមាជិក​របស់​ប្រទេស ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ដែល​នៅជាប់​ប្រទេស​រុស្ស៊ី និង​ភ័យ​ខ្លាច​ការឈ្លានពាន​ពី​សំណាក់​រុស្ស៊ី​ដូច​ករណី​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​។


​រហូតដល់​មានការ​សម្រប​សម្រួល​នយោបាយ​មួយ​ដែល​ប្រើពេល​ជិត​ ១​ ឆ្នាំ ទើប​ប្រ​ធានា​ធិបតី អេ​រ​ដូ​ហ្គែ​ន បាន​ចុះ​ហត្ថ​​លេខា​លើ​សំណើ​ទៅ​រដ្ឋសភា​តួ​ក​គី​ដើម្បី​ផ្តល់​សច្ចាប័ន​លើ​ការស្នើ​សុំចូល​សមាជិក​ណា​តូ​របស់​ស៊ុយអែត​នៅ​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២៣​ នេះ​។

​ប៉ុន្តែ​ការប្រកាន់​ជំហរ​របស់​តួ​ក​គី​លើ​ការគាំទ្រ​ក្រុម​ហា​ម៉ាស់ អាចធ្វើឱ្យ​អង្គការ​ប្រដាប់អាវុធ​ណា​តូ​ដែលមាន​ឥទ្ធិពល​បំផុត​នេះ​បែកខ្ញែក​គ្នា ហើយ ប្រទេស​តួ​ក​គី​ដែល​អាច​នឹង​ងាក​ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី​ដែលមាន​ជំហរ​គាំទ្រ​រដ្ឋ​អារ៉ាប់​ស្រាប់​នោះ ព្រមទាំង​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​។​

​កាលពី​ថ្ងៃអាទិត្យ​ប្រ​ធានា​ ធិបតី​តួ​ក​គី រេ​ស៊ី​ប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន ក្នុងពេល​បង្ហាញ​ក្បួន​កងទ័ព​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល បានបង្ហាញ​ការប្តេជ្ញាចិត្តថា​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​កង​កម្លាំង​ «​ចក្រពត្តិនិយម​» ខណៈពេលដែល​លោក បាន​ឈរ​នៅ​ជាមួយ​កងទ័ព​ហា​ម៉ាស់​ដែល​លោក​ចាត់ទុកថា ជា​ក្រុម​រំដោះខ្លួន​ប៉ុណ្ណោះ​ពី​ការជិះជាន់​របស់​អ៊ី​ស្រា​អែល​។

​យោង​សារព័ត៌មាន ​AFP លោក អេ​រ​ដូ​ហ្គែ​ន បាន​ឡើង​កណ្តាល​វេទិកា​ក្នុងអំឡុងពេល​ព្រឹត្តិ​ការណ៍​ពេញ ១​ថ្ងៃ​ដែល​ទាំង​បានផ្តល់​កិត្តិយស​ដល់​ស្ថា​ប​និក​ខាង​លោកីយ៍​របស់​សា​ធា​រណរ​ដ្ឋ និង​បង្ហាញ​ពី​សមិទ្ធផល​នៃ​គណបក្ស​អ៊ិ​ស្លាម​ដែលមាន​ឫសគល់​របស់លោក​ដែល​បាន​គ្រប់គ្រង​ប្រទេស​តួ​ក​គី​តាំងពី​ឆ្នាំ ​២០០២​។​

​លោក អេ​រ​ដូ​ហ្គែ​ន បាន​និយាយ​បន្ទាប់ពី​ដាក់​កម្រងផ្កា​នៅ​វិមាន​មេទ័ព និង​ជា​រដ្ឋបុរស​លោក Mustafa Kemal Ataturk ថា​៖ «​ប្រទេស​របស់​យើង​ស្ថិតក្នុង​ដៃ​មាន​សុវត្ថិភាព អ្នក​អាច​សម្រាក​ដោយ​សន្តិភាព​»​។

​លោកបាន​បន្ថែម​នៅក្នុង​សុន្ទរកថា​នៅ​ល្ងាច​មួយ​នៅ​ទី​ក្រុងអ៊ីស្តង់​ប៊ុល​ថា​៖ «​យើង​នឹង​ទទួលបាន​ជោគជ័យ និង​ទទួល​បាន​ជ័យជម្នះ​។ គ្មាន​អំណាច​ចក្រពត្តិនិយម​ណាមួយ​អាច​ទប់ស្កាត់​រឿងនេះ​បានទេ​» យោងតាម JEWISH NEWS SYNDICATE ប្រទេសអ៊ី​ស្រា​អែល​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​មកវិញ ក្រោយ​ការបង្ហាញ​ការគាំទ្រ​លើ​ក្រុម​ហា​ម៉ាស់​របស់​រដ្ឋាភិបាលរ​ដ្ឋ​ធានី​អ៊ីស្តង់​ប៊ុល​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​៕