នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ​នៅថ្ងៃ​អង្គារ​​នេះ បាន​​​និយាយថា សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​ម៉ាឡេស៊ី ជុំវិញ​ជំហរ​​របស់​ម៉ាឡេស៊ី​​​លើ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន-អ៊ីស្រាអែល ខណៈដែល​ម៉ាឡេស៊ី​​​បាន​​បង្ហាញ​ការគាំទ្រ​​ចំពោះ​​ភាគី​ប៉ាឡេស្ទីន។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Star ​មាន​មូលដ្ឋាន​នៅ​​ប្រទេស​ម៉ាឡេស៊ី ​នាយក​រដ្ឋ​មន្ត្រី អាន់វ៉ា បាន​និយាយ​ក្នុងអំឡុងពេលការ​សួរ​ដេញ​ដោល​​​របស់​រដ្ឋ​សភា​​​ម៉ាឡេស៊ី​ទៅ​កាន់​​នាយករដ្ឋមន្ត្រី​នៅ វិមានរដ្ឋ​សភា Dewan Rakyat កាលពី​ថ្ងៃ​អង្គា​រថា ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​​​លើក​ឡើង​ថា៖ «បេសកជន​ម៉ាឡេស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​ត្រូវបាន​ហៅ​ដោយ​អាជ្ញាធរ​អាមេរិក ដែល​បាន​ចោទសួរ​អំពី​ជំហរ​របស់​យើង​ចំពោះ​ជម្លោះ ជាពិសេស​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​អ៊ីស្រាអែល​នៅលើ​តំបន់​ហ្គា​ហ្សា»។

លោក​បាន​បន្ថែមថា៖ «ឯកអគ្គរដ្ឋទូត​រប​ស់​យើង​បញ្ជាក់​ជំហរ​របស់​យើង​យ៉ាង​ម៉ឺងម៉ាត់»។


លោក​បាន​និយាយថា ការណ៍​នេះ​កើតឡើង​ដោយសារ​ម៉ាឡេស៊ី​បដិសេធ​មិន​ថ្កោលទោស​សកម្មភាព​របស់​ក្រុម​ហា​ម៉ាស់​ និង​ចាត់ទុក​ក្រុម​នេះ​ថា​ជា​ភេរវជន ដូច​ដែល​​​បច្ចឹមលោក​​បាន​ហៅ​​ក្នុង​ពេល​កន្លង​មក​នោះទេ។​

​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​​បន្ថែម​ថា៖ «​​ក្រសួងការបរទេស​​បាន​ជូន​ដំណឹង​ខ្ញុំ​ថា ម៉ាឡេស៊ី​បានទទួល​ការ​​​ជូនដំណឹង​​ពី​ស្ថានទូត​អាមេរិក​ពីរដង​គឺ​នៅ​ថ្ងៃទី ១៣ ខែតុលា និង​ថ្ងៃទី ៣០ ខែតុលា ដែល​ម៉ាឡេស៊ី​ត្រូវបាន​ស្នើ​ឲ្យ​ប្រើ​បណ្តាញ​ការទូត​ដើម្បី​ជំរុញ​ប្រទេសមួយ​កុំ​ឲ្យ​ទាញយក​ប្រយោជន៍​ពី​ជម្លោះ​​ដោយ​ប្រើប្រាស់​អ្នក​តំណាង​​ក្នុងជម្លោះ​ដែល​ចូល​រួម​​ជម្លោះ​​​​​នៅ​ហ្គាហ្សា»។


​ទោះបី​​​លោក​មិនបាន​បញ្ជាក់​ពី​ប្រទេស​នោះ ប៉ុន្តែ​​គេ​ជឿថា​ប្រទេស​ដែល​អាមេរិក​សំដៅទៅ​គឺ​អ៊ីរ៉ង់។

លោក អាន់វ៉ា បាន​រំលឹក​ឡើងវិញ​នូវ​ជំហរ​ឯករាជ្យ​របស់​ម៉ាឡេស៊ី​ ដោយ​និយាយថា ម៉ាឡេស៊ី​នឹង​នៅតែ​រឹងមាំ​នៅក្នុង​ការពិចារណា​ផ្នែក​មនុស្សធម៌​របស់ខ្លួន និង​ថ្កោលទោស​ការកាន់កាប់​ដោយ​ខុសច្បាប់​របស់​អ៊ីស្រាអែល​លើ​ប៉ា​ឡេ​ស្ទី​ន។

លោក​បាន​កត់សម្គាល់ថា៖«នយោបាយ និង​​ភាព​គ្មាន​សណ្តាប់ធ្នាប់​​មិនមែន​ចាប់ផ្តើម​តែ​ពី​ខែ​មុន​ទេ ប៉ុន្តែ​វា​បាន​បន្ត​រាប់​ទសវត្សរ៍​ចាប់តាំងពី​ឆ្នាំ ១៩៤៨»។

លោក​បាន​បន្ថែមថា៖«ដូច្នេះ វា​ជា​រឿង​មិន​សម​ហេតុផល​ក្នុងការ​ទុក​ឱ្យ​មាន​អំពើហិង្សា ការឈ្លានពាន និង​អាណានិគម​របស់​អ៊ីស្រាអែល​នៅលើ​ទឹកដី​អារ៉ាប់​ប៉ា​ឡេ​ស្ទី​ន»។

លោក​បាន​និយាយថា ខណៈពេលដែល​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ថ្កោលទោស វា​មិនត្រូវ​បានធ្វើ​ដូចគ្នា​នៅក្នុង​ការកាន់កាប់​រប​ស់​អ៊ីស្រាអែល​លើ​ប៉ា​ឡេ​ស្ទី​ន ជាពិសេស​ដោយ​ប្រទេស​ដូចជា​សហរដ្ឋអាមេរិក ទោះបីជា​វា​បាន​បន្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ឯ​មហាសន្និបាត​ម៉ាឡេស៊ី​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​កាលពី​សប្តាហ៍​មុន លោក​ អាន់វ៉ា បាន​និយាយថា ម៉ាឡេស៊ី​បានទទួល​ការរិះគន់​ពី​បណ្តា​ប្រទេស​ដែល​គាំទ្រ​អ៊ីស្រាអែល ជាពិសេស​សហរដ្ឋអាមេរិក​ចំពោះ​ការអាណិតអាសូរ​ដល់​តំបន់​ហ្គា​ហ្សា និង​ប៉ា​ឡេ​ស្ទី​ន។

ក្រុម​ហា​ម៉ា​ស់​បាន​បើក​ការវាយប្រហារ​ដ៏​រន្ធត់​​មួយ​ពី​តំបន់​ហ្គា​ហ្សាកាលពី​ថ្ងៃទី៧​ខែតុលា ក្នុងអំឡុងពេល​វិស្សមកាល​របស់​ជនជាតិ​ជ្វី​​ហ្វ នៅ Simchat Torah ដោយ​ប្រើប្រាស់​​រ៉ុក្កែត​រាប់​ពាន់​គ្រាប់​​​បាញ់​សំដៅ​ទៅលើ​អ៊ីស្រាអែល និង​ តាមមធ្យោយ​ផ្លូវ​អាកាស​និង​ផ្លូវគោក។

ជាការ​ឆ្លើយតប អ៊ីស្រាអែល​បាន​សងសឹក​ជាមួយនឹង​ការវាយប្រហារ​តាម​អាកាស និង​ប្រតិបត្តិការ​យោធា។

យ៉ាងហោចណាស់​មាន​ជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៨​៣០៦ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សាជាង​២០ថ្ងៃ​មក​នេះ ខណៈដែល​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​មាន​លើសពី ១៤០០ នាក់៕