រដ្ឋមន្ត្រីការបរទេស​ថៃ លោក Parnpree Bahiddha-Nukara នៅ​ថ្ងៃ​អង្គារ​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជាបន្ទាន់​មួយ​ទៅកាន់​ប្រទេស​កាតា និង​អេ​ហ្ស៊ី​ប ដែលស្និទ្ធ​ជា​មួយ​ក្រុម​​ហាម៉ាស់​ ដើម្បី​ពិភាក្សា​អំពី​ជោគវាសនា​របស់​ជនជាតិ​ថៃ ២២ នាក់ ដែល​ក្រុម​ហា​ម៉ាស់ ចាប់​ធ្វើជា​ចំណាប់ខ្មាំង ក្នុងការ​វាយប្រហារ​រ​បស់​ខ្លួន លើ​​ប្រទេស​អ៊ីស្រាអែល ​​កាល​ពីថ្ងៃទី ​៧ ​ខែ​តុលា​​។ យោង​ទីភ្នាក់ងារ​ព័ត៌មា​ន​បារាំង AFP។​

តាម AFPដដែល លោកនាយក​រដ្ឋមន្ត្រីថៃ​​ ​លោក សេដ្ឋា ថា​វី​ស៊ីន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​របស់លោក​កំពុងខិតខំ​ប្រឹង​ប្រែង​​យ៉ាងខ្លាំង​ដើម្បី​យក​ពលរដ្ឋ​ថៃ​ត្រឡប់​មក​កាន់​មាតុ​ប្រទេសវិញ​​។

​នៅ​ថ្ងៃអង្គារ រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស Parnpree Bahiddha-Nukara ទៅ​ជួប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កាតា​នៅ​ថ្ងៃ​អង្គារ មុនពេល​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃ​ពុធ។


ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោករដ្ឋមន្ត្រី​ Parnpree នឹង៖«ពិភាក្សា​អំពី​ស្ថានភាព​របស់​ជនជាតិ​ថៃ​ដែល​ត្រូវបាន​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង ជា​លទ្ធផល​នៃ​អំពើហិង្សា​ដែល​កំពុង​បន្ត​នៅក្នុង​ប្រទេស​អ៊ីស្រាអែល និង​តំបន់​ហ្គា​ហ្សា»។

​រដ្ឋាភិបាល​ថៃ​​បាន​ឱ្យ​ដឹង​​ក្នុង​ពេល​កន្លង​មក​ថា ជនជាតិ​ថៃ​ប្រហែល ៣០០០០​នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ភាគច្រើន​នៅក្នុង​វិស័យ​កសិកម្ម នៅពេលដែល​ជម្លោះ​បាន​ផ្ទុះឡើង។


យោងតាម​ក្រសួង​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​ជន​ជាតិ​ថៃ​ចំនួន ៣២នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​និង ១៩ នាក់​បាន​រងរបួស។

ក្រសួងការបរទេស​នៅ​ទីក្រុង​បាងកក​បាន​និយាយថា ចំណាប់ខ្មាំង​ជាង ២៣០នាក់ ក្នុង​នោះ​មាន​​២២​នាក់​ជា​ជនជាតិ​ថៃ កំពុង​ត្រូវបាន​ក្រុម​ហា​ម៉ាស់​ចាប់​ឃុំឃាំង​នៅ​ហ្គា​ហ្សា នេះ​បើ​យោងតាម​តួលេខ​ចុងក្រោយ​របស់​អ៊ីស្រាអែល។

នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ សេដ្ឋា ថាវីស៊ីន បាន​ប្រាប់​អ្នកសារព័ត៌មាន​មុនពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ចន្ទ​ថា៖«យើង​ប្រៀបដូចជា​ជនរងគ្រោះ​នៃ​សង្គ្រាម។

យើង​ទទួលរង​ផលប៉ះពាល់​ច្រើនជាង​ព្រោះ​មាន​ពលករ​មកពី​ប្រទេស​ថៃ​ក្នុងប្រទេស​អ៊ីស្រាអែល​ច្រើនជាង​មកពី​ប្រទេស​ផ្សេងទៀត»។

ចាប់​តាំងពិ​​ជម្លោះ​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពីថ្ងៃទី​៧​រហូត​ដល់​ដល់​​ពេល​នេះ អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយថា មនុស្ស​ជាង ១៤០០​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​លើ​អ៊ីស្រាអែល​ដែល​បានធ្វើ​ឡើង​ដោយ​ក្រុម​ហា​ម៉ាស៉​ប៉ាឡេស្ទីន​។

ជាការ​ឆ្លើយតប យោធា​អ៊ីស្រាអែល​បាន​វាយលុក​តំបន់​ហ្គា​ហ្សាយ៉ាង​ចាស់ដៃ​ជា​កន្លែង​ដែល​ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ បាន​និយាយថា មនុស្ស​ជាង ៨​៣០០ នាក់​ត្រូវបាន​សម្លាប់ ក្នុងនោះ​ជាង ៣០០០ នាក់​ជា​កុមារ៕