ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀ ពូទីន​ បាន​ចោទ​ប្រកាន់​ទាំង​គ្មាន​ភ័ស្តុតាង​បង្ហាញ​​ច្បាស់​លាស់​ ថា ​​​ភ្នាក់ងារ​ចារកម្ម​បស្ចិម​លោកនៅ​ប្រទេស​អ៊ុយក្រែន​ ​ជា​អ្នក​​​នៅ​ពី​ក្រោយ​ខ្នង​នៃ​ហ្វូង​​កុបករ​គាំទ្រ​ប៉ាឡេស្ទីន​ ​​​ដែល​នាំ​គ្នា​សម្រុក​ចូល​ស្ទាក់​ជើង​ហោះ​ហើរ​ពី​អ៊ីស្រាអែល​នៅ​ព្រលាន​យន្តហោះ​ក្នុង​រដ្ឋ Dagestan តំបន់​ភាគ​ខាង​ត្បូង​រុស្ស៊ី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ ​​​

​ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​កំពូល​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​​កាល​ពី​ថ្ងៃ​ចន្ទ​ លោក ​ពូទីន ​ ហៅ​ហេតុការណ៍ ​ដែល​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ហើយ​​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ ២០ នាក់​រង​របួស​ ​​​ដោ​យ​​​​​គ្មាន​ជន​ជាតិ​អ៊ីស្រាអែលសូម្បី​ម្នាក់​ក្នុង​ចំណោម​​នោះ​ ថា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឱ្យ​​ប្រទេស​រុស្ស៊ី​ចុះ​ខ្សោយ​។

​លោក​ ពូទីន​ ​មិន​បាន​និយាយ​យ៉ាង​ណា​អំពី​​ការ​​វាយ​តម្លៃ​​​លើ​ចំណាត់​ការ​​ឆ្លើយ​តប​របស់​អាជ្ញាធរ​រុស្ស៊ី​​នៅ​ព្រលាន​យន្តហោះ​តំបន់​ ​ Dagestan ដែល​មាន​អ្នក​កាន់​សាសនា​អ៊ិស្លាម​រស់​នៅ​ភាគ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​បាន​ថ្លែង​វាយ​ប្រហារ​​សហរដ្ឋ​អាមេរិក​​​ ដោយ​បាន​បន្ទោស​​​មហាអំណាច​​មួយ​នេះ ​ចំពោះ​ការ​សាប​ព្រួស​ភាព​វឹកវ​រ​នៅ​មជ្ឈិម​បូព៌ា​ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន​។​​


លោក​​អះ​អាង​ដោយ​មិន​ផ្តល់​ភស្តុតាង​ច្បាស់​លាស់​ថា​ ភ្នាក់ងារ​​ចារកម្ម​​​​របស់​លោក​ខាង​លិច​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន បាន​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​ញុះ​ញង់​ឱ្យ​មាន​ការ​​សម្រុក​ចូល​ទៅ​ក្នុង​ព្រលាន​នៅ​តំបន់​​ Dagestan ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះ​ខ្សោយ​។​

​លោក​​បាន​​បន្ថែ​ម​​ថា​​​៖​«​​ខ្ញុំ​​មិន​​ប្រាកដ​​ថា​ ​គ្រប់​មន្រ្តី​ក្នុង​ថ្នាក់​​​​ដឹក​​នាំ​​របស់​​សហរដ្ឋ​​អាមេរិក​ ​បាន​​ដឹង​​អំពី​​រឿង​​នោះ​​ឬ​អត់​ទេ​​​»​។​​វា​នឹង​មិន​ខាត​បង់​អ្វី​ទេ​ ​បើ​សិន​ពួក​គេ​បើក​ការ​​ស៊ើប​អង្កេត​លើ​អ្វី​ដែល​ចារកម្ម​របស់​ពួក​គេ​បាន​ធ្វើ​ពី​​អ៊ុយក្រែន​ ​ដោយ​ព្យាយាម​បំផុស​គំនិត​អាក្រក់​​​ក្នុង​ប្រទេស​រុស្ស៊ី​។​ ពួក​​​គេ​​ជា​​មនុស្សគម្រក់​​​ពិត​​ប្រា​កដ​​គ្មាន​​អ្វី​ឱ្យ​ហៅ​ខុស​ពី​នេះ​បាន​ទេ​»​។


ជុំ​វិញ​បញ្ហា​នេះ​ដូច​គ្នា​ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​RIA Novosti​​ បាន​ដក​​ស្រង់​សម្តី​អភិបាល​តំបន់​​Dagestan ​លោក​Sergei Melikov​ ដោយ​និយាយ​ថា​ ភាព​ចលាចល​នេះ​ត្រូវ​បាន​សម្រប​សម្រួល​នៅ​ក្នុង​បណ្ដាញ​តេឡេក្រាម​ ​ដែល​គ្រប់​គ្រង​ដោយ​​«​ជន​ក្បត់​»​ នៅ​អ៊ុយក្រែន​​ក្នុង​គោល​ដៅ​ធ្វើ​ឱ្យ​តំបន់ ​Dagestan ​​​មាន​អស្ថិរភាព​ និង​ជំរុញ​ឱ្យ​មាន​ចលាចល​។​​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ ចន​ ឃឺរប៊ី​ ​ហៅការចោទប្រកាន់របស់លោក ពូទីន ​ដែល​ថា​អង្គភាព​លោក​ខាង​លិច​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​នេះ​ថា​ជា​ «​វោហា​សាស្ត្រ​ចាស់​គំរិល​របស់​រុស្ស៊ី​»​។

លោក​ ឃឺរប៊ី​ បាន​បន្ត​ថា​៖ «​​​លោក​ខាង​លិច​មិន​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​រឿង​នេះ​ទេ​»។ លោក​បាន​​រិះ​គន់​លោក​ ពូទីន ​ចំពោះ​ការ​មិន​ចេញ​សកម្ម​ភាព​បន្ថែម​ ​ដើម្បី​ថ្កោល​ទោស​អំពើ​ហិង្សា ​ដែល​លោក​បាន​ពិពណ៌​នា​ថា​ជា​ «​បាតុកម្ម​ដ៏​ក្តៅ​គគុក​​កើត​ចេញ​ពី​ការ​ស្អប់​ខ្ពើម​»​។

គួរ​រំឭកថា​ ហ្វូង​កុបករ​​បុរស​ៗ​​រាប់​រយ​នាក់​ ដែល​ខ្លះ​កាន់​បដា​​​មាន​ពាក្យ​ស្លោក​ប្រឆាំង​ជន​ជាតិ​ជ្វីប​ ​​បាន​សម្រុ​ក​ចូល​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​​ Makhachkala ដែល​ជា​រដ្ឋ​ធានី​នៃ​តំបន់ Dagestan​ កាល​ពី​យប់​ថ្ងៃ​អា​ទិត្យ​ ​​ដើម្បី​ស្វែង​រក​អ្នក​ដំណើរ​អ៊ីស្រាអែល​នៅ​លើ​ជើង​ហោះហើរ​ចេញ​​ពី​ទីក្រុង​តែវអាវីវ​។

​​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយ​ថា​ មន្ត្រី​ប៉ូលិស ​និង​ជន​ស៊ីវិល ​បាន​រង​របួស​ ហើយ​​ ២ ​នាក់ ​ក្នុង​ចំណោម​នោះ​​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។​ យោង​តាម​ប៉ូលិស​រុស្ស៊ី​ ​មនុស្ស​ជាង​ ៨០​ នាក់​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​ក្នុង​ភាព​ចលាចល​នេះ​។​ គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​ បាន​បើក​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​មួយ​ ក្រោម​បទ​ចោទ​ប្រកា​ន់​​រៀប​ចំ​ភាព​ចលាចល​​ទ្រង់​ទ្រាយ​ធំ។

គេ​មើល​ឃើញ​ថា​ កន្លង​មក​ រុស្ស៊ី​បាន​ចេញ​ការ​រិះ​គន់​យ៉ាង​ប្រុង​ប្រយ័ត្ន​របស់​ភាគី​ទាំង​សង​ខាង​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​របស់​ប៉ាឡេស្ទីន​ ដែល​ជា​ជម្លោះ​​​កំពុង​ផ្តល់​ឱកាស​ថ្មី​ដល់​ទីក្រុង​មូស្គូ​ដើម្បី​ជំរុញ​តួនាទី​របស់​ខ្លួន​ជា​​អ្នក​សម្រប​សម្រួល​ជម្លោះ​​ ​ខណៈ​បន្ត​ការ​ឈ្លាន​ពាន​របស់​ខ្លួន​នៅ​ប្រទេស​អ៊ុយក្រែន​។ ​

កាល​ពី​ថ្ងៃ​ចន្ទ​ដដែល​ លោក​ ពូទីន​ បាន​និយាយ​ថា​ សង្គ្រាម​អ៊ីស្រាអែល​-​ហាម៉ាស​ ​បង្ក​ឡើង​ដោយ​ «​ការ​វាយ​ប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​ពល​រដ្ឋ​អ៊ីស្រាអែល​​»​ ប៉ុន្តែ​បាន​និយាយ​ថា​ ការ​ឆ្លើយ​តប​របស់​អ៊ីស្រាអែល​ បាន​កំណត់​គោលដៅ​​លើ​ជន​ស៊ីវិល​ដោយ​គ្មាន​ការ​រើស​អើង​ ទាំង​ដែល​ពួក​គេ​គ្មាន​កន្លែង​រត់​ និង​លាក់​ខ្លួន​៕