ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៃ​របប​យោធាមី​យ៉ាន់ម៉ា Global New Light of Myanmar បាន​ផ្សព្វផ្សាយ​នៅថ្ងៃ​អង្គា​រថា រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន​ លោក Wang Xiaohong បាន​ជួបពិភាក្សា​ជាមួយ​របប​យោធា​មី​យ៉ាន់​ម៉ា​ស្តីពី​ការបង្កើត​សន្តិភាព​នៅតាម​ព្រំដែន​រួមគ្នា​របស់​ពួកគេ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ដែល​​ប្រយុទ្ធ​ដើម្បីស្វ័យភាព​ និង​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។

​​តាមការផ្សាយ​របស់ AFP មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជម្លៀសចេញ ដោយ​ខ្លះ​បាន​ឆ្លង​ចូលទៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​ក្រុម​ប្រដាប់អាវុធ​ចំនួន​បី​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​បាន​បើក​ការវាយប្រហារ​លើ​របប​យោធា​ដែល​កំពុង​ស្វែងរក​ការកាន់កាប់​ទីក្រុង​នានា។

Global New Light of Myanmar បាន​រាយការណ៍ លោក Wang Xiaohong ដែលជា​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​របស់​ប្រទេស​ចិននិង​ជា​ក្រុមប្រឹក្សារដ្ឋ​ផងដែរ​នោះ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧ​ត្ត​ម​សេនីយ៍​ឯក Yar Pyae នៅ​រដ្ឋធានីណៃពិដោរ (Naypyidaw)។


តាមសេចក្តី​រាយការណ៍​នោះ ភាគី​​ប្រដាប់អាវុធ​នៃ​ប្រទេសទាំង​ពិរ​ បាន​លើក​ឡើងថា៖«អ្នក​ទាំងពីរ​បាន​ពិភាក្សា​អំពី​សន្តិភាព និង​​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ» និង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​ច្បាប់ និង​សន្តិសុខ។

ចាប់តាំងពី​ថ្ងៃ​សុក្រ​មក ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​រដ្ឋ Shan ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​កន្លែង​ត​ភ្ជាប់​ផ្លូវដែក​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​គ្រោង​ទុកជា​ផ្នែក​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក «ខ្សែក្រវ៉ាត់​និង​ផ្លូវ (Belt and Road)» របស់​ទីក្រុង​ប៉េកាំង៕