ប៉ូលិស​ថៃ​និយាយថា ពួកគេ​បាន​ចាប់បាន​ក្រុម​ឆបោក​លើ​ការវិនិយោគ​មាស​តាមអ៊ី​ន​ធឺ​ណិ​ត​តម្លៃ ១,២​​ ពាន់​លាន​បាត (​ជាង​ ៣៣​ លាន​ដុល្លារ​) ដែល​ដំណើរការ​ដោយ​ជនជាតិ​ចិន ៤ នាក់ និង​បក្ខពួក​ថៃ ២២​ នាក់​។​


​យោងតាម​សារព័ត៌មាន​ The Nation ក្រុម​អ្នកស៊ើប​អង្កេត CIB បាន​ឆ្មក់​ចូល​ទីតាំង​ចំនួន ២១​ កន្លែង​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន ៧ ​ផ្សេងទៀត ដោយ​បានចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥០​ នាក់​។ ពួកគេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ២៦ នាក់​រួម​នឹង​ទ្រព្យសម្បត្តិ​ចំនួន ៣០,៩ លាន​បាត​។​

​ប្រធាន​ប្រតិបត្តិការ លោក​វរសេនីយ៍​​ឯក Thirapas Yungyuen បាន​និយាយថា ទីតាំង​ចំនួន​ ៨​ ត្រូវបាន​រុករក​ឃើញ​នៅ​ទីក្រុង​បាងកក​ ៦ នៅ​តាក ២​ នៅ​ផា​ធុម​ថា​នី និង​ ១ ​កន្លែង​នៅ​ខេត្ត​សាមុត​ប្រា​កាន ចន្ទ​បូរី ស៊ុ​រិ​ន និង​ឆៃ​ភូម​។​


​ប៉ូលិស​បាន​រឹបអូស​គណនី​រូបិយប័ណ្ណ​ឌីជីថល Bitkub សរុប​ចំនួន ២៨ ​លាន​បាត និង​សៀវភៅ​ធនាគារ​ចំនួន​ ២៣ ​ក្បាល​។ ក្នុងអំឡុងពេល​ចុះ​ឆ្មក់​ឆែក​ឆេរ​នោះ​សមត្ថកិច្ច​ក៏​រឹបអូស​បាន​ទូរ​ស័ព្ទ​ដៃ​ ២១​ គ្រឿង ស៊ីម​កាត​ ១៩ លុយ​ ១០ ​ម៉ឺន​បាត និង​កុំព្យូទ័រ​ ៨​ គ្រឿង​។​


​តាម​សេចក្តីរាយការណ៍​នោះ សមាជិក​ក្រុម​ឆបោក​ទាំង​នោះបាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា «Aurora Gold Trading» ក្លែងក្លាយ​ដើម្បី​បោកប្រាស់​សាធារណជន​ឱ្យ​ចូលរួម​វិនិយោគ ដោយ​ការសន្យា​ទទួលបាន​អត្រា​ចំណេញ​ខ្ពស់​ពី ២០ ​ទៅ ​៣០ ភាគរយ ប៉ុន្តែ​នៅពេលដែល​ជនរងគ្រោះ​បាន​រកឃើញថា​ពួកគេ​មិនអាច​ដក​ប្រាក់​របស់​ពួកគេ​បាន ក្រុម​ឆបោក​ទាំង​នោះបាន​ផ្ត​ល់លេ​ស​ជាច្រើន​មុនពេល​រារាំង ​(​ប្លុក​)​ អ្នកចូលរួម​វិនិយោគ​នោះ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ពួកគេ​កាន់កាប់​។​


​លោក Col Thirapas បាន​និយាយថា ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​បញ្ឆោត​ដោយ​ការ​ឆបោក​។​

​លោក​បន្តថា ក្រុម​បោកប្រាស់​បានធ្វើការ​ជា​ប្រព័ន្ធ ដោយ​បែងចែក​ទទួល​ខុសត្រូវ​ក្នុង​ការទិញ និង​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ បង្ហោះ​សារ​បោក​ប្រាស់ ជជែក និង​បោកប្រាស់​ជន​រង​គ្រោះ ទទួល​ការផ្ទេរ​ប្រាក់​ពី​ជន​រង​គ្រោះ​តាមរយៈ​គណនី​បោក​បញ្ឆោត និង​លាងលុយកខ្វក់​។​

​លោក​បាន​បន្ថែមថា ថៅកែ​ចិន​បាន​ជួល​ជនជាតិ​ថៃ​ឱ្យ​បើក​ក្រុមហ៊ុន​តំណាង​ខ្លួន​ចំនួន​៣ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​លាងលុយកខ្វក់​។​

​ក្រុម​ឆបោក​បាន​ប្រើប្រាស់​គណនី​ធនាគារ​ចំនួន​ ៣ ​ថ្នាក់​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិ​ថៃ មុននឹង​ផ្ទេរប្រាក់​ទៅ​គណនី​ដែលជា​កម្មសិទ្ធិ​របស់​ថៅកែ​ជនជាតិ​ចិន ដែល​បន្ទាប់មក​នឹង​សម្អាត​សាច់ប្រាក់​តាម​វិធី ៣​ យ៉ាង ដោយ​ទី ​១ ​ក្រុម​ឆបោក បាន​ទិញ​ទំនិញ​ដូចជា ជី ម៉ាស៊ីនត្រជាក់ និង​គ្រឿងបន្លាស់​រថយន្ត ហើយ​បាន​ប្រើប្រាស់​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ឡាវ និង​កម្ពុជា​។​

​ពួកគេ​នឹង​ប្រើប្រាស់​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ដើម្បី​ទិញ​រូបិយប័ណ្ណ​ឌីជីថល​តាមរយៈ Bitkub ដើម្បី​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ថៃ​៕