ភាគី​ជម្លោះ​ក្នុង​តំបន់​ហ្គា​ហ្សា និង​ប្រទេស​មាន​ឥទ្ធិពល​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាតឱ្យ​ជនបរទេស និង​អ្នក​ដែលមាន​របួសធ្ងន់​ចេញពី​តំបន់​ហ្គា​ហ្សា​ដែល​ហែកហួរ​ដោយសារតែ​សង្គ្រាម​អស់​រយៈ​ពេល​ជាង​ ៣​ សប្តាហ៍​។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​របស់​អង់គ្លេស​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​មួយ​ថា ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​​ឡេ​ស្ទី​ន អាជ្ញាធរ​អ៊ី​ស្រា​អែល និង​អេ​ហ្ស៊ី​ប ក្រោម​ការ​សម្រប​សម្រួល​របស់​កាតា និង​សហរដ្ឋ​​អាមេរិក បាន​ឈានដល់​កិច្ច​​ព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាតឱ្យ​ជនបរទេស និង​មនុស្ស​ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ចាកចេញ​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

​យោងតាម​ប្រភពព័ត៌មាន កិច្ច​ព្រមព្រៀង​នេះ​បញ្ជាក់ថា អ្នក​កាន់​លិខិតឆ្លងដែន​បរទេស និង​អ្នករបួស​ធ្ងន់ធ្ងរ​នឹង​អាច​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន Rafah រវាង​ប្រទេស​អេ​ហ្ស៊ី​ប និង​ហ្គា​ហ្សា​។


​យោងតាម​សារព័ត៌មាន​​បារាំង AFP ក្រោយពេល​មាន​កិច្ចព្រមព្រៀង​នោះ​ភ្លាម រថយន្ត​ដែល​ត្រៀម​ដឹក​ជនបរទេស​ចេញពី​តំបន់​ហ្គា​ហ្សា បាន​ចាប់​ផ្តើម​ដឹកជញ្ជូន​ជនបរទេស​តាម​ច្រក​ប្រទេស​អេ​ហ្ស៊ី​ប​ចាប់ពី​ថ្ងៃទី​​ ១ ខែវិច្ឆិកា​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន រ៉​យ​ទ័​រ កិច្ចព្រមព្រៀង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​របៀបវារៈ​នៃ​ការចរចា ដូចជា​ការដោះលែង​ចំណាប់ខ្មាំង​ដែល​កាន់កាប់​ដោយ​ក្រុម​ហា​ម៉ាស់ និង​ការណែនាំ​អំពី​ការផ្អាក​សង្គ្រាម​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​មនុស្ស​ធម៌​ដ៏​សែន​អាក្រក់​នោះទេ​។​


​ក្រោយ​កិច្ចព្រមព្រៀង​នោះ​ក្រុម​ហា​ម៉ាស់​បានចេញ​ផ្សាយ​បញ្ជី​មនុស្ស​ដែល​នឹង​អាច​ចាក​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប តាម​ច្រកព្រំដែន​រ៉ា​ហ្វា ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​។

​សរុប​នៅក្នុង​បញ្ជី​នោះ​មនុស្ស​យ៉ាងហោចណាស់ ៤៣០ ​នាក់​ ស្ថិតនៅក្នុង​បញ្ជី​ដែល​ត្រូវ​អនុញ្ញាតឱ្យ​ចាកចេញ​។ ពួកគេ​រួមមាន​ពលរដ្ឋ​អូស្ត្រាលី អូទ្រីស ប៊ុលហ្គារី សាធារណរដ្ឋ​ឆេ​ក ហ្វាំ​ង​ឡង់ ឥណ្ឌូនេស៊ី ជប៉ុន និង​ហ្ស៊​កដា​នី​។

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​សញ្ជាតិ​ ២ បុគ្គលិក​នៃ​គណៈ​​ក​ម្មា​ធិ​ការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម និង​អង្គការក្រៅរដ្ឋាភិបាល មួយចំនួន​ក៏​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​តំបន់​នេះ​ផងដែរ​។​

តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​ចាប់​តាំងពី​ថ្ងៃទី ​៧ ខែតុលា បន្ទាប់ពី​ក្រុម​ហា​ម៉ាស់​ប៉ាឡេ​ស្ទី​ន​កាន់កាប់​តំបន់​នេះ វាយ​ចូល​អ៊ី​ស្រា​អែល ដែល​ប្រកាសសង្គ្រាម​តែម្តង​៕