បណ្ដា​ប្រទេស​លោកខាងលិច​រួមមាន​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​ចិន បាន​ព្រមព្រៀងគ្នា​ថា បញ្ញា​សិប្ប​និមិត្ត ​(AI)​ បង្ក​ហានិភ័យ​ជា​មហន្តរាយ​ដល់​មនុស្សជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត ឌឹ ហ្គា​ដ​ឌៀ​ន​។

​រដ្ឋាភិបាល​សរុប​ចំនួន ២៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​គេ​ហៅថា «​សេចក្តីប្រកាស​ក្រុង Bletchley» នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល​សុវត្ថិភាព AI ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​។ បណ្តា​ប្រទេស​ទាំងអស់ បាន​យល់ព្រម​ធ្វើការ​រួមគ្នា​លើ​ការស្រាវជ្រាវ​សុវត្ថិភាព AI សូម្បីតែ​ចំពេល​មាន​សញ្ញា​ថា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​នាំមុខ​លើ​ការបង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​។​

​សេចក្ដីប្រកាស​ចែងថា​៖«​យើង​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​រហូតមកដល់​ពេលនេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ AI ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​រួមបញ្ចូល​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការច្នៃប្រឌិត ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន និង​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​សាធារណជន​លើ​ប្រព័ន្ធ AI ដើម្បី​ដឹង​ពី​សក្តានុពល​របស់​វា​យ៉ាង​ពេញលេញ​»​។​


​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ បាន​ស្វាគមន៍​សេចក្ដីប្រកាស​នេះ ដោយ​លើកឡើងថា វា​សម្រេចបាន​មិនគួរ​ឱ្យ​ជឿ​។

​លោក​ថ្លែងថា​៖ «​វា​នឹង​គ្មានអ្វី​ផ្លាស់ប្តូរ​សម្រាប់​អនាគត​កូនៗ និង​ចៅៗ​របស់​យើង ជាង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ដូចជា AI នោះទេ​»​។ លោក​បន្ថែមថា សេចក្ដីប្រកាស​ចុងក្រោយ​នឹង ធានាថា AI នឹង​អភិវឌ្ឍន៍​ក្នុង​វិធី​សុវត្ថិភាព និង​ដោយ​ទទួលខុសត្រូវ ដោយ​ចាប់យក​ហានិភ័យ​ដែល​វា​បង្កឡើង​ឱ្យ​ឆាប់​។


​ចំណែកឯ លោកស្រី Michelle Donelan លេខាធិការ​បច្ចេកវិជ្ជា​របស់​ចក្រភព​អង់គ្លេស បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​ជា​លើកដំបូង​ហើយ ដែលមាន​ប្រទេស​ផ្សេងទៀត​ស្របគ្នា​ថា យើង​ត្រូវការ​ឃ្លាំមើល​ហានិភ័យ​ជុំវិញ​ព្រំដែន AI រួមគ្នា​»​។

​ព្រំដែន AI ( Frontier AIs) សំដៅ​ទៅលើ​ប្រព័ន្ធ​ទំនើប​បំផុត​របស់​ម៉ូ​ដែល AI ដែលមាន​សមត្ថភាព​ខ្ពស់ អាចបំពេញ​ភារកិច្ច​ជាច្រើន និង​ពូកែ​ស្មើគ្នា ឬ​លើសពី​សមត្ថភាព​ដែលមាន​នៅក្នុង​ម៉ូ​ដែល AI ទំនើប​បំផុត​នាពេល​បច្ចុប្បន្ននេះ​។

​គេ​មើលឃើញថា សេចក្តីប្រកាស​នេះ​គឺជា​ជោគជ័យ​ផ្នែក​ការទូត​សម្រាប់​ចក្រភព​អង់គ្លេស និង​ជាពិសេស​សម្រាប់​លោក ស៊ូ​ណាក់ ដែល​សម្រេចចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​អំពី​វិធី​ដែល​ម៉ូ​ដែល AI កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។

​អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន លោក Wu Zhaohui បាន​ប្រាប់​ប្រតិភូ​រួម​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា សមភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។ គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​គិតពី​ទំហំ ឬ​វិសាលភាព​របស់​ពួកគេ មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​និង​ប្រើប្រាស់ AI»​។​

​មន្ត្រី​អង់គ្លេស​មួយចំនួន​បាន​សង្ឃឹមថា ប្រទេស​ផ្សេងទៀត នឹង​យល់ព្រម​ពង្រឹង​ក្រុមការងារ AI របស់​រដ្ឋាភិបាល ដើម្បី​ធ្វើតេស្ត​លើ​ម៉ូ​ដែល​ថ្មី​ពី​ជុំវិញ​ពិភពលោក មុនពេល​ដាក់ចេញ​ប្រើ​វា​ជា​សាធារណៈ​៕