រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន​ លោក​ នីហ្ស៊ី​មូរ៉ា យ៉ាសូតូហ្ស៊ី​ (Nishimura Yasutoshi)​​​ បាន​ជំរុញ​​វៀតណាម​ឱ្យ​​​ធ្វើ​ជា​ដៃគូ​​លើ​ការ​ផលិត​បន្ទះ​ឈីប​ ឬ​ឧបករណ៍​ពាក់​កណ្ដាល​ចម្លង​ (Semiconductor)​ ការ​ស្រាវ​ជ្រាវ​ផ្នែក​​បញ្ញា​សិប្បនិម្មិត​ និង​ការ​រុក​រ៉ែ​កម្រ​ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​VnExpress កាល​ពី​ថ្ងៃ​សៅរ៍​ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣​។ ​

លោក យ៉ាសូតូហ្ស៊ី ​បាន​ដាក់​សំណើ​ទាំង​នេះ​ទៅ​​កា​ន់​នាយករ​ដ្ឋ​មន្រ្តី​វៀតណាម លោក ផាម មិញឈិញ​​ (Pham Minh Chinh) ​ ពេល​មន្រ្តី​ទាំង​២​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បន្ថែម​ថា​ ស្ថាប័ន​រដ្ឋាភិបាល​ជប៉ុន​នឹង​សហការ​ជាមួយ​សមភាគី​វៀតណាម​ តាម​រយៈ​ក្រុម​ការងារ​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ ការ​ផ្ទេរ​បច្ចេក​វិទ្យា​ និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។​

​​នាយក​​រ​ដ្ឋ​​មន្ត្រី​​បាន​សរសើរ​គំនិត​បង្កើត​ក្រុម​ការងារ​ ដើម្បី​ពន្លឿន​ភាព​ជា​ដៃគូ​ក្នុង​គម្រោង​ជាក់​លាក់​ ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​វៀតណាម​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​។​​ លោក​​បាន​​ស្នើ​​ឲ្យ​​ជប៉ុន​ ​អនុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន​​វៀតណាម​​ចូល​​រួម​​យ៉ាង​​ស៊ី​ជម្រៅ​​ក្នុង​​សង្វា​ក់​​ផ្គត់​ផ្គង់​។​


ខណៈ​​វៀតណាម​ចង់​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​មនុស្ស​ម្នាក់​នៅ​​ឆ្នាំ​ ២០៤៥​លោក​ ឈិញ​ ​​បាន​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ​ដើម្បី​ធ្វើ​ការ​កសាង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​មួយ​នេះ​។ ជាមួ​យ​គ្នា​ផង​ដែរ​ លោក​ចង់​ឱ្យ​​ជប៉ុន​ផ្តល់​ប្រាក់​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ៗ​ ដូច​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជា​ដើម​។​

​កាល​​​ពី​​ខែ​​ឧសភា​ ប្រទេស​​វៀតណាម​ និង​​ជប៉ុន​​បាន​​ចុះ​​ហត្ថលេខា​​លើ​​គម្រោង​​ជំនួយ​​អភិវឌ្ឍន៍​​ផ្លូវ​ការ​​ចំនួន​ ៣​ ដែល​​មាន​​តម្លៃ​​រួម​​ចំនួន​ ៥០០ លាន​ដុល្លារ​។ ​បើ​តាម​ VnEpressប្រទេស​ជប៉ុន​គឺ​ជា​អ្នក​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ដ៏​ធំ​បំផុត​ដល់​ប្រទេស​វៀតណាម ​ដោយ​បាន​ផ្តល់​ប្រាក់​កម្ចី​ប្រហែល​ ២១,៦ ប៊ីលាន​ដុល្លារ​​ក្នុង​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ ​ជំនួយ​ដែល​មិន​អាច​ដក​វិញ​បាន​ និង​ជំនួយ​បច្ចេកទេស​ដល់​ប្រ​ទេ​ស​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២​ មក​៕