ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាង​ជើង KCNA បាន​​​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​រដ្ឋាភិបាល​កូរ៉េខាង​ជើ​ង​បាន​​អបអរ​សាទរគម្រប់​​ខួប​​ ១​​ ឆ្នាំ​នៃ​ការ​បាញ់​សាក​ល្បងដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផ្លោងអន្តរទ្វីប Hwasong-17 ​កាល​​ពី​ឆ្នាំ​មុន​ ដោយ​កំណត់យក​​​ថ្ងៃ​បាញ់​​សាកល្បង​នោះ​ធ្វើ​ជា​ថ្ងៃ​បុណ្យជាតិ សម្រាប់​​ឈប់​សម្រាក​​​តែម្តង​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ថ្ងៃ​ឈប់​សម្រាក​ថ្មី​មាន​ឈ្មោះ​ថា​ «​ទិវា​ឧស្សាហកម្ម​មីស៊ីល» និង​ត្រូវ​បាន​កំណត់​ឡើង​​ក្នុង​​កិច្ច​ប្រជុំ​នៃ​គណៈ​ប្រ​ធាន​នៃ​សភា​ប្រជាជន​កំពូល​​ ដោយ​ KCNA ចុះ​ផ្សាយ​​ថា​ ថ្ងៃ​កំណត់​នោះ​​ «គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​​​​ក្នុង​ដំណើរ​ដ៏​ពិសិដ្ឋ​របស់​យើង ​​លើ​​ការ​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​»។​

កូរ៉េខាង​ជើង​បាន​​បាញ់​សាក​ល្បង​ជា​លើក​ដំបូង​នូវ​មីស៊ីល​ផ្លោង​អន្តរទ្វីប​ Hwasong-17 ដែល​អ្នក​វិភាគ​ឱ្យ​ឈ្មោះ​ថា​ «មីស៊ីល​បិសាច​» ​នៅ​ថ្ងៃ​ទី ​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​មុន​។


ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA បាន​បន្ត​ថា​ ក្នុង​ការ​​​បាញ់​សាក​ល្បង​កាល​ពី​លើក​នោះ​ ​​​កូរ៉េ​ខាង​ជើង​បាន​​បង្ហាញ​ដល់​ពិភព​លោក «​នូវ​ភាព​រុង​រឿង​នៃ​មហា​អំណាច​នុយក្លេអ៊ែរ​លំដាប់​ពិភព​លោក» ​​និង​ថា​ខ្លួន​ជា​​​ប្រទេស​ដែល​មាន​​​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏​ខ្លាំង​បំផុត​។ ​


គេ​មើល​ឃើញ​ថា​ កូរ៉េ​ខាង​ជើង​តែង​តែ​ធ្វើ​តេស្ត​អាវុធ​សំខាន់​ៗ​នៅ​ថ្ងៃ​ឈប់​សម្រាក​សំខាន់​ៗ​ ហើយ​ទីភ្នា​ក់ងារ​ចារកម្ម​របស់​ទីក្រុង​សេអ៊ូលបា​ន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោ​យ​នៃ​ការ​រៀប​ចំ​​​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​លើក​ទី​​៣​ ក្រោយ​បរាជ័យ​២​លើក​រួច​មក​។​

រាប់​តាំង​ពី​ឆ្នាំ​មុន​មក​ កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​ ក្នុង​កំណត់​ត្រា​ដ៏​ញឹក​ញាប់​ និង​ច្រើន​ ដោយ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​របស់​អង្គការ​សហប្រជាជាតិ​ និង​ទណ្ឌកម្ម​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹងក្នុង​តំបន់​​ និង​ក្ដី​បារម្ភ​ជុំ​វិញ​ថា​ប្រ​ទេស​នេះ​អាច​ចាប់​ផ្ដើម​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​វិញ​៕​