សម្ព័ន្ធ​ត្រីភាគី​​​ដែល​ប្រឈម​​ខ្លាំង​ជាមួយ​កូរ៉េខាង​ជើង​​ បាន​ព្រម​ព្រៀង​គ្នា​​​បង្កើត​ក្រុម​​​ពិសេស​ពិគ្រោះ​​​យោបល់​​កម្រិត​ខ្ពស់​បំផុត​​​លើ​ការ​ងារ​បច្ចេកវិទ្យា​​​​​​ ដែល​នឹង​តាម​ឃ្លាំ​មើល​​សកម្ម​ភាព​​តាមអ៊ីនធឺណិត​​​​របស់កូរ៉េខាង​ជើង​​ដែល​រង​ការ​ចោទ​ថា បាន​បង្កើន​សកម្មភាពលួច​លុយ​ដើម្បី​​​​គាំទ្រ​​ដល់​​កម្មវិធី​​អភិវឌ្ឍន៍​​​នុយក្លេអ៊ែរ​។

​​កូរ៉េ​ខាងជើង​​ ទើប​បាន​ដាក់​​​​បាវចនា​រ​​​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់ខ្លួន ក្រោយ​ពី​ ប្រធានាធិបតី​​ គីម ជុងអ៊ុន ​ទៅទស្សនកិច្ច​នៅ​​សហព័ន្ធរុស្ស៊ី​កាល​ពី​ខែ​កញ្ញា​។​

​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សម្ព័ន្ធភាពត្រី​ភាគី​ដែល​រួម​មាន​ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ​បាន​ព្រមព្រៀងគ្នា​បង្កើត​ក្រុម​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​មួយ លើ​ការ​ប្រឆាំងនឹង​សកម្មភាព​អ៊ី​ន​ធឺ​ណេ​តរបស់​កូរ៉េខាងជើង ដែល​ពួកគេ​និយាយថា​ ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​អាវុធ​ខុសច្បាប់​របស់ខ្លួន។


លោកស្រី Anne Neuberger អនុ​ប្រធាន​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត និង​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន។ នៅ​ក្នុង​កិច្ច​ប្រជុំ​​​​នោះ ពួកគេ​បាន​យល់ព្រម​រៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ក្រោម​ក្របខណ្ឌ​ថ្មី​នេះ។

តាមរយៈសេចក្តី​ថ្លែង​ការ​ណ៍មួយ​ក្រោយ​ការប្រជុំ ការិយាល័យ​ប្រធានាធិបតី ​បាន​និយាយ​​​ថា៖«​វា​មាន​គោលបំណង​ពង្រឹងសមត្ថភាព​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ប្រទេស​ទាំងបី​ប្រឆាំងនឹង​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​ជាស​កល រួមទាំង​ការរួម​គ្នា​ប្រឆាំងនឹង​សកម្មភាព​អ៊ី​ន​ធឺ​ណេ​តរបស់​កូរ៉េខាងជើង​ដែល​ត្រូវបាន​រំលោភបំពាន​ជា​ប្រភព​សំខាន់​ដែល​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​នុយក្លេអ៊ែរ និង WMD របស់ខ្លួន»។


ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែសីហា​​ថា ​ពួកគេ​នឹង​បង្កើត​ក្រុមការងារ​ត្រីភាគី​ថ្មី​មួយ​សម្រាប់​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​របស់​កូរ៉េខាងជើង។

អ្នកឃ្លាំមើល​ការដាក់ទណ្ឌកម្ម​បាន​ចោទប្រកាន់​ប្រទេស​កូរ៉េខាងជើង​ថា​បាន​ប្រើប្រាស់​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន ហើយ​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​បាន​និយាយថា កូរ៉េខាងជើង​បាន​បង្កើន​ការ​លួច​លុយ​ឌីជីថល​របស់ខ្លួន​នៅ​ឆ្នាំ២០២២​ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ដើម្បី​លួច​​ក្នុង​ឆ្នាំ​២០២២ ច្រើនជាង​ឆ្នាំ​ដទៃ​ទៀត​​។

កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​ពី​ការ​លួច​ចូល ឬ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ផ្សេងទៀត​៕​