មន្រ្តី​ការ​ទូត​​ចិន​និយាយ​​​ពីថ្ងៃ​ចន្ទ ទី​ ៦​ ខែ​វិច្ឆិកា​ថា​ មីយ៉ាន់ម៉ា​​គួរ​តែ​សហការ​ជាមួយ​​ចិន​ ដើម្បី​រក្សា​ស្ថិរភាព​នៅ​តាម​ព្រំដែន​រួម​​នៃ​ប្រទេស​ទាំង ​២​ ​ក្រោយ​យោធា​មីយ៉ាន់ម៉ា​​​ បាញ់​ធ្លោយ​គ្រាប់​ចូល​ទឹក​ដី​ចិន​​ បង្ក​ការ​ស្លាប់​ និង​របួស​ ចំ​ពេល​ដែល​​​​ការ​​ប្រយុទ្ធ​​​គ្នា​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​កើន​ឡើង​រវាង​កង​​កម្លាំង​យោធា ​និង​ក្រុម​បះបោ​រ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​​​រ៉យទ័រ​។ ​

​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ Nong Rong​ បាន​​​​​យ៉ាង​ដូច្នេះ​​ថា​​៖ «​ចិន​​ អំពាវ​នាវ​ឱ្យ​មីយ៉ាន់ម៉ា​ចូល​រួម​សហការ​គ្នា​​​ ដើម្បី​រក្សា​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ចិន​-​មីយ៉ាន់ម៉ា​ ធានា​សុវត្ថិភាព​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រស់​នៅ​តាម​ព្រំដែន​ចិន​ ដោយ​ស្មោះ​ និង​ចាត់​វិធានការ​​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​ពង្រឹ​ង​សន្តិសុខ​របស់​​​កង​កម្លាំង​​ចិន​»​។


អ្នក​​នាំ​​ពា​ក្យ​របប​​យោធា​​​មីយ៉ាន់ម៉ា​​ មិន​​​ទាន់​ចេញ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​​។ ​

នៅសប្តាហ៍​មុន​ ក្រុម​យោធា​ដែល​កំពុង​​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា​ ​​បាន​និយាយ​ថា​ ខ្លួន​កំពុង​ព្យាយាម​ស្តារ​សណ្តាប់​ធ្នាប់​ នៅ​ជិត​ព្រំដែន​ បន្ទាប់​ពី​សម្ព័ន្ធ​មិត្ត​នៃ​កង​ទ័ព​ជន​ជាតិ​ភាគ​តិច​​ ​បាន​​បើក​ការ-​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​គោល-​ដៅ​​របស់​រដ្ឋាភិបាល​យោធា​។​


ប៉ុន្តែ​សារព័ត៌មាន​ Asia Times ​បាន​រាយការណ៍​ថា​យោធា​មីយ៉ាន់ម៉ា​បាន​បាញ់​ធ្លោយ​គ្រាប់​ហួស​គោលដៅ​ ចូល​ទៅ​ក្នុង​ព្រំដែន​ចិន​​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​​បណ្ដាល​ឱ្យ​ពលរដ្ឋ​ចិន​ម្នាក់​បាន​ស្លាប់​ និង​ជា​ច្រើន​នាក់ផ្សេង​ទៀត​​បាន​រង​របួស​។ ​

លោក ​Nong​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​ ៣-៥​ ខែ​វិច្ឆិកា ​បាន​និយាយ​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា​ ប្រទេស​មីយ៉ាន់ម៉ា​នឹង​ស្តារ​ស្ថិរភាព​ឡើង​វិញ​ ហើយ​ខ្លួន​បាន​គាំទ្រ​ភាគី​ទាំង​អស់​ក្នុង​ការ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិតគ្នា​​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​សម្រេច​បាន​នូវ​ការ​ផ្សះ​ផ្សា​តា​​ម​រយៈ​ការ​សន្ទនា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដែល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​បែប​ប្រជាធិបតេយ្យ​​របស់​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​។ ​​រដ្ឋ​ប្រ-ហា​របាន​​បង្កើត​​​ក្រុម​​បះ​បោរ​​គាំទ្រ​​លទ្ធិ- ប្រជាធិបតេយ្យ​ ដែល​បានរួម​​សហការ​គ្នា​​ជាមួយ​​ក្រុ​ម​​ទ័ព​ព្រៃ​​ជនជា​តិភា​គ​តិច​ ធ្វើ​ការ​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​យោធា​។ ​

​ខណៈ​​រដ្ឋាភិបាល​លោក​ខាង​លិច​​ថ្កោល-​ទោស​យោធា​មីយ៉ានម៉ា​ និង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ ចិន​រួម​ជាមួយ​នឹង​រុស្ស៊ី​ បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ រួម​ទាំង​ការ​ផ្គត់​ផ្គង់​អាវុធ​។ ចិន​ ថា​ ខ្លួន​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្វែង​រក​ផ្លូវ​របស់​ខ្លួន​ ហើយ​បាន​ជំរុញ​សហគមន៍​អន្តរ​ជាតិ​ឱ្យ​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​នេះ​​៕