មេដឹកនាំ​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី ​៧ ខែវិច្ឆិកា ថា រដ្ឋាភិបាល​នឹងមិន​ទទួលស្គាល់​លើ​ទណ្ឌកម្ម​ឯកតោភាគី​ពី​ប្រទេស​ណាមួយ រួមទាំង​សហរដ្ឋអាមេរិក ដែល​ប្រឆាំងនឹង​ក្រុម​អ្នកគាំទ្រ​អន្តរជាតិ​ចំពោះ​ក្រុម​ហា​ម៉ាស់ និង​ក្រុម​សកម្មប្រយុទ្ធ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប៉ា​ឡេ​ស្ទី​ន​ផ្សេងទៀត​នោះឡើយ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម បាន​និយាយ​ពេល​ថ្លែង​សុន្ទរ​កថា​មួយ ក្នុង​សភា​ម៉ាឡេស៊ី ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅតែ​ប្រកាន់​គោលជំហរ​គាំទ្រ​ក្រុម​ហា​ម៉ាស់​យ៉ាងរឹងមាំ ហើយនឹង​មិន​ចាត់​ទុក​ក្រុម​នេះ​ថា​ជា ​«​ក្រុម​ភេរ​វករ​»​ឡើយ​។

​លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិន​ទទួលស្គាល់​ទណ្ឌកម្ម​ឯកតោភាគី​ណាមួយ​ដែល​អនុម័ត​ដោយ​សហរដ្ឋអាមេរិក ឬ​ប្រទេស​ណាមួយ​ទេ​។ យើង​ទទួលស្គាល់​តែ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ដែលជា​ក្រុម​ពហុភាគី​ប៉ុណ្ណោះ​»​។​


​ការសម្ដែង​ការប្រឆាំង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សភា​តំណាង​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន បានអនុម័ត​ច្បាប់​ប្រឆាំង​ការផ្ដល់​ហិរញ្ញប្បទាន​អន្តរជាតិ​ទៅ​ហា​ម៉ាស់ ដែលមាន​គោលបំណង​កាត់ផ្តាច់​ការផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​នេះ​។ នាពេលនេះ ច្បាប់​ដដែល ត្រូវ​រង់ចាំតែ​ការបោះឆ្នោត​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក​ទៀត​ប៉ុណ្ណោះ​។​

​លោក អាន់​វ៉ា បាន​និយាយថា រដ្ឋាភិបាល របស់លោក​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការវិវឌ្ឍ​ន៍​លើ​ការអនុម័ត​ច្បាប់​នេះ ដោយ​បន្ថែមថា វា​អាច​ប៉ះពាល់​ដល់​ប្រទេស​ម៉ាឡេស៊ី ប្រសិនបើ រដ្ឋបាល​រដ្ឋាភិបាល​អាមេរិក​កំណត់​ម៉ាឡេស៊ី ថា​ជា​ប្រទេស​ផ្តល់ជំនួយ​ជា​សម្ភារ​ដល់​ក្រុម​ហា​ម៉ាស់ ឬ​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម​ប៉ា​ឡេ​ស្ទី​ន​។​


​លោក អាន់​វ៉ា បានលើកឡើង​ជាលា​យ​លក្ខណ៍​អក្សរ​ទៅកាន់​សភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គា​រថា​៖«​ទណ្ឌកម្ម​ណាមួយ​ប្រឆាំងនឹង​ម៉ាឡេស៊ី ក៏​អាច​ប៉ះពាល់​ដល់​ការវាយតម្លៃ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក និង​ក្រុម​ហ៊ុន​អាមេរិក​ចំពោះ​ម៉ាឡេស៊ី ក៏ដូចជា​ប៉ះ​ពាល់​ដល់​ឱកាស​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​»​។​

​លោក អាន់​វ៉ា បាន​បន្ថែមថា ច្បាប់​របស់​អាមេរិក​ដ​ដែល នឹង​មិនមាន​ឥទ្ធិពល​លើ​ជំហរ ឬ​គោលនយោបាយ​របស់​ម៉ាឡេស៊ី​នោះទេ ខណៈ​ថា មេដឹកនាំ​ជាច្រើន​មកពី​ប្រទេស​អ៊ិ​ស្លាម​ផ្សេងទៀត​បានប្រកាស​ជំហរ​ដូចនឹង​ម៉ាឡេស៊ី​ដែរ​។

​ម៉ាឡេស៊ី ដែលមាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លាម​ជា​ប្រទេស​គាំទ្រ​បុព្វហេតុ​របស់​ប៉ា​ឡេ​ស្ទី​ន និង​បាន​តស៊ូ​មតិ​សម្រាប់​សេចក្ដីសម្រេច​បង្កើត​រដ្ឋ​២ ចំពោះ​ជម្លោះ​រវាង​ប្រទេសអ៊ីស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​។ ម៉ាឡេស៊ី​មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ី​ស្រា​អែល​នោះទេ​។​

​មេដឹកនាំ​ក្រុម​ហា​ម៉ាស់ ដែល​គ្រប់គ្រង​នៅ​តំបន់​ហ្គា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន នាពេល​កន្លងមក តែងតែ​ធ្វើ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី និង​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រីរ​បស់​ប្រទេស​នេះ ដើម្បី​ទទួលបាន​ជំនួយ​សម្រាប់​គោលបំណង​តស៊ូ​របស់ខ្លួន​។

​ថ្មី​នេះៗ លោក អាន់​វ៉ា បាន​ច្រានចោល​ការដាក់​សម្ពាធរ​បស់​លោកខាងលិច ឱ្យ​ប្រទេស​របស់ខ្លួន​ថ្កោលទោស​ក្រុម​ហា​ម៉ាស់ ហើយ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​បង្កើន​ការព្រួយបារម្ភ​ដាក់​ម៉ាឡេស៊ី​ទាក់ទង​នឹង​ជំហរ​ចំពោះ​ប៉ា​ឡេ​ស្ទី​ន​។​

​ចាប់តាំងពី​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ​៧ ខែតុលា ប្រទេស​ជាច្រើន និង​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​មួយ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​ការស្លាប់​របស់​ជ​ន​ស៊ីវិល ប៉ុន្តែ​អ៊ីស្រា​អែល​បដិសេធ​៕