កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​​ ៦​ ខែវិច្ឆិកា​ឆ្នាំ ​២០២៣​ នេះ បាន​និយាយថា ខ្លួន​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​របស់ខ្លួន​ នៅ​ថ្ងៃទី​ ៣០​ ខែវិច្ឆិកា​ដើម្បី​មានលទ្ធភាព​ត្រួតពិនិត្យ​ឱ្យ​កាន់តែ​ប្រសើរឡើង​ទៅលើ​គូសត្រូវ​គឺ​កូរ៉េ​ខាង​ជើង ​ដែល​កំពុង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ផែនការ​របស់​កូរ៉េខាងត្បូង​ត្រូវបាន​លាតត្រដាង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បាន​បរាជ័យ​ក្នុងការ​ប៉ុន​ប៉ង​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លប​យក​​ការណ៍​របស់ខ្លួន​ជា​លើក​ទី ​៣​ កាលពី​ខែតុលា​ដោយសារតែ​បញ្ហា​បច្ចេកទេស​។​

​បើតាម​លោក Jeon Ha Gyu ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ផ្កាយរណប​ចារកម្ម​យោធា​ដំបូង​របស់ខ្លួន​នឹងត្រូវ​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​សហ​រដ្ឋ​អាមេរិក Vandenberg នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៅ​ដំណាច់ខែ​វិច្ឆិកា​នេះ​។​


​ផ្កាយរណប​នេះ​នឹងត្រូវ​ដឹកជញ្ជូន​ដោយ​គ្រាប់​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ហើយ​ក្រោម​កិច្ច​សន្យា​រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន​ដដែល​នេះ​កូរ៉េខាងត្បូង​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ចំនួន​៤​បន្ថែមទៀត​នៅ​ឆ្នាំ ​២០២៥​។ នេះ​បើ​យោងតាម​រដ្ឋបាល​កម្មវិធី​ការពារជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​។​

​បច្ចុប្បន្ន​កូរ៉េខាងត្បូង​មិនមាន​ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​របស់ខ្លួន​នោះទេ ដោយ​កន្លងមក​យោធា​កូរ៉េខាងត្បូង​ត្រូវ​ពឹង​ផ្អែកលើ​ផ្កាយរណប​ចារកម្ម​របស់​អាមេរិក​ដើម្បី​តាម​ដាន​ចលនា​របស់​កូរ៉េខាងជើង​។​


​ការ​មាន​ផ្កាយរណប​ចារកម្ម​របស់ខ្លួន​ក្រោយ​ការបាញ់​បង្ហោះ​នៅ​ចុងខែ​នេះ​នឹង​អនុ​ញ្ញា​ត្ត​ឱ្យ​កូរ៉េខាងត្បូង​មាននូវ​ប្រព័ន្ធ​ឃ្លាំមើល​លម្ហ​អាកាស​ឯករាជ្យ​មួយ​ដែល​ពួកគេ​អាច​តាមដាន​ប្រទេស​កូរ៉េខាងជើង​គ្រប់ពេលវេលា​។

​បើតាម​លោក Lee Choon Geun​ អ្នកស្រាវជ្រាវ​កិត្តិយស​នៅ​វិទ្យាស្ថាន​គោលនយោបាយ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​កូរ៉េខាងត្បូង​បានឱ្យដឹងថា នៅពេល​ផ្កាយរណប​ចារកម្ម​ដំណើរការ​រួមគ្នា​ជាមួយ​ប្រព័ន្ធ​អ័ក្ស​បី​របស់​កូរ៉េខាងត្បូង នោះ​ប្រព័ន្ធ​ការពារ​រួម​របស់​កូរ៉េខាងត្បូង​ប្រឆាំងនឹង​កូរ៉េ​ខាងជើង​នឹង​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោក Lee បានឱ្យដឹង​ដែរ​ថា​កន្លងមក​ការពឹង​ផ្អែកលើ​ផ្កាយរណប​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​ផលិត​រូបភាព​ដែលមាន​គុណភាព​ខ្ពស់ ប៉ុន្តែ​ទោះយ៉ាងណា​អ្វីៗ​ត្រូវបាន​ដំណើរការ​ក្រោម​គោលបំណង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក មិនមែន​របស់​កូរ៉េ​ខាងត្បូង​នោះទេ ហើយ​ពេលខ្លះ​សហរដ្ឋអាមេរិក​ក៏​មិនបាន​ចែករំលែក​រូបភាព​ទទួល​បាន​ពី​ផ្កាយរណប​ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​រសើប​ខ្លាំង​ដល់​កូរ៉េខាងត្បូង​ដែរ​។​

​កូរ៉េខាងត្បូង​ដែលជា​បងប្អូន​គូសត្រូវ​របស់​កូរ៉េខាងជើង​តែង​បង្ហាញ​ក្តី​​កង្វល់​ខ្លាំង​ជុំវិញ​សន្តិសុខ​របស់ខ្លួន ខណៈដែល​កូរ៉េខាងជើង​តែងតែ​ធ្វើ​ទំនើបកម្ម​កម្មវិធី​អាវុធ​និង​បច្ចេក​​វិទ្យា​យោធា តាមរយៈ​ការបាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍ និង​ការធ្វើ​តេស្ត​មី​ស៊ី​ល​អន្តរទ្វីប​៕