កាសែត​រដ្ឋ​មីយ៉ាន់ម៉ា Global New Light of Myanmar បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​​មីយ៉ាន់ម៉ា ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រុម​យោធា ​​​កំពុង​ធ្វើ​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នា​ជា​លើក​ដំបូង​​ជាមួយ​រុស្ស៊ី​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ផ្គត់​ផ្គង់​អាវុធ​​ឱ្យ​របប​យោធា​ដ៏​ធំ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​ន​​​ AP។

កាសែត​ដដែល​ចុះ​ផ្សាយ​ថា​ សម​យុទ្ធ​សន្តិសុខ​ដែន​សមុទ្រ​ជាមួយ​រុស្ស៊ី​ នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​​កំ​ពុង​ប្រព្រឹត្ត​ទៅ​នៅ​ចម្ងាយ​ ១៥៧ គីឡូម៉ែត្រ​​ ភាគ​ខាង​លិច​ទីក្រុង​ Myeik ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​។​ ​ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា​​ MRTV វិញ​ បាន​រាយការណ៍​ថា​ នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​មួយ​ចំនួន​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​យ៉ាំងហ្គោន​ ដើម្បី​ចូល​រួម​ក្នុង​សម​យុទ្ធ​នេះ​។

​សមយុទ្ធ​រួម​គ្នា​​​រយៈ​ពេល​​៣​ថ្ងៃ​ដដែល​ នឹង​ចូល​រួម​ដោយ​​យន្តហោះ​ចម្បាំង​ ​និង​នាវា​កង​ទ័ព​ជើង​ទឹក​ ហើយ​ផ្តោ​ត​លើ​ការ​ការពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពី​ផ្លូវ​អាកាស ​សមុទ្រ ​និង​ដី​ ក៏​ដូច​ជា​វិធានការ​សន្តិសុខ​ដែន​សមុទ្រ​ផ្សេង​ទៀត​​។


រុស្ស៊ី​គឺ​ជា​អ្នក​គាំទ្រ​ និង​ផ្គត់​ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ ដែល​ឡើង​កាន់​អំណាច​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូជី​។ ​កន្លង​មក​ រុស្ស៊ី​ការពារ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ផ្សេង​ៗ​ ហើយ​​ជា​ថ្នូ​រ​ទៅ​វិញ​ របប​យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​គាំទ្រ​លើ​​​របៀប​វារៈ​គោល​នយោបាយ​ការ​បរទេស​របស់​រុស្ស៊ី​​។


ក្រោយ​រដ្ឋ​ប្រហារ​​ឆ្នាំ​ ២០២១​ ​មីយ៉ាន់ម៉ា​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល​​ក្រោម​ការ​កាន់​កាប់​​របស់​ក្រោម​យោធា​ និង​​មាន​ការ​គាប​សង្កត់​យ៉ាង​ហិង្សា​​លើ​ការតវ៉ា​ប្រឆាំង​នឹង​របប​​យោធា​ ដែល​នាំ​ឱ្យ​មាន​ការ​សម្លាប់​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ ក៏​ដូច​ជា​បង្ក​ចលនា​តស៊ូ​​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​៕