អង្គការ​សហប្រជាជាតិ​​បានចាត់​ទុក ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា ​​​​​​ជាមហន្តរាយ​​ខ្លាំង​បំផុត​មិនធ្លាប់មាន​ចំពោះ​​​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​ដែល​បំពេញ​តួនាទី​ជា​​​ភ្នាក់​មនុស្សធម៌​​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស​ (Antonio Guterres) បាន​និយាយ​កាលពី​ដើមសប្តាហ៍​​ថា​ បុគ្គលិក​ចំនួន ៨៩ នាក់​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដែល​ផ្តល់ជំនួយ​ដល់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ដែល​ត្រូវបាន​គេ​ស្គាល់​ថា UNRWA ត្រូវបាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សាស្ទ្រីប​​ ក្នុង​មួយ​ខែ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់។

ប្រទេស​អ៊ីស្រាអែល ​​បាន​បង្កើន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​តំបន់ហ្គាហ្សាស្ទ្រីប​​ ដោយ​ចោទ​​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​ដែល​បាន​វាយ​ប្រហារ​​អ៊ីស្រាអែល ​ដំបូង​​នៅថ្ងៃទី​៧ ខែតុលា ​និង​បានសម្លាប់​ប្រជាជន​អ៊ីស្រាអែល ​​ជាង​ ២៤០​ ក្នុង​មួយថ្ងៃ និង​ក្រោយ​មក​តួលេខស្លាប់​ឈាន​ដល់​ជាង ​១៤០០ ​នាក់ បាន​លាក់​ខ្លួន​នៅ​តំបន់​នោះ។


​ជា​ការ​សងសឹក​វិញ ​​អីស្រាអែល ប្រកាស​កម្ទេស​តំបន់ហ្គាហ្សា​​ដែល​ជា​ជម្រក​លាក់ខ្លួន​របស់​ក្រុមហាម៉ាស់ រួច​ក៏បង្កើន​ការ​ទម្លាក់​គ្រាប់បែក ការ​បាញ់ផ្លោង​ និង​ការ​​ប្រយុទ្ធ​តាមផ្លូវ​គោក​។

លោក ​​ហ្គុយតឺរ៉េស ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក ដោយ​បន្ថែមថា បុគ្គលិក​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​ជាមួយនឹង​សមាជិកគ្រួសារ​របស់​ពួកគេ។


អង្គការសហប្រជាជាតិ​ផ្តល់​ការងារ​ដល់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​មួយចំនួនធំ​នៅ​តំបន់​ហ្គា​ហ្សា ដែល​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​ធ្វើការ​គឺ​គ្មាន​ការងារ​ធ្វើ។

កាលពី​ថ្ងៃអាទិត្យ មេដឹកនាំ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ក្រុម​មនុស្សធម៌​ផ្សេងទៀត​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ដោយនិយាយ​ថា៖​“គ្រប់គ្រាន់​គឺ​គ្រប់គ្រាន់​ហើយ។ នេះ​ត្រូវតែ​បញ្ឈប់​ឥឡូវនេះ»។

នៅក្នុង​សេចក្តីថ្លែងការណ៍ ​​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ៖«ការភ្ញាក់ផ្អើល និង​រន្ធត់» ចំពោះ​ការបាត់បង់​អាយុជីវិត និង​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាបន្ទាន់​ក្នុងអំឡុងពេល​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់នៅ​អ៊ីស្រាអែល ​កាលពី​ខែតុលា។

UN ​បាន​កត់សម្គាល់ថា៖«ការវាយប្រហារ​ជាង១០០​ទីតាំង​ ប្រឆាំងនឹង​ការថែទាំ​សុខភាព»ត្រូវបាន​រាយការណ៍ ហើយ​ថា «បុគ្គលិក​ជំនួយ​ជាច្រើន​នាក់» ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការវាយប្រហារ និង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅលើ​តំបន់​ហ្គា​ហ្សា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិរូបនេះ​ក៏ធ្លាប់​មានទំនាស់​ពាក្យសម្តី​ធ្ងន់ធ្ងរជាមួយ​ភាគី​អ៊ីស្រាអែល​ ដែល​អំពាវនាវឱ្យ​លោក​លា​​លែង​ពីតំណែង​ទៀតផង ព្រោះ​តែ​ការ​និយាយ​កាន់ជើង​​ក្រុម​ហាម៉ាស់​ ដែលថា ការ​ឈឺចាប់របស់​ប៉ាឡេស្ទីន​​ មាន​ជាង​​ ៥៦​ ឆ្នាំ​ មកហើយ។ ​