ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ផ្ដាច់មុខកាលពីថ្ងៃអង្គារ ទី ៧ ខែវិច្ឆិកា ដោយស្រង់សម្ដីប្រភព ៦ នាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន បានសម្រេចចិត្តថានឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំក្រោយ ដែលជាជំហាននយោបាយអាចឱ្យលោកបន្តគ្រប់គ្រងអំណាចកំពូលរុស្ស៊ីរហូតដល់ឆ្នាំ ២០៣០។
ប្រភពមិនបញ្ចេញឈ្មោះម្នាក់ ដែលបានដឹងពីគម្រោងរបស់លោក ពូទីន បានប្រាប់រ៉យទ័រថា៖ «មានការសម្រេចចិត្តរួចហើយថា លោកនឹងឈរឈ្មោះ»។
ស្របគ្នានេះ ប្រភពមិនបញ្ចេញឈ្មោះមួយរូបទៀត ដែលដឹងព័ត៌មានចេញពីវិមានក្រឹមឡាំងបានបញ្ជាក់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ហើយទីប្រឹក្សារបស់លោក ពូទីន កំពុងរៀបចំដំណើរការនេះ។ ប្រភព ៣ នាក់ផ្សេងទៀត ដែលមិនបញ្ចេញឈ្មោះដូចគ្នាដោយសារតែបញ្ហារសើបផ្នែកនយោបាយ ក៏បានបញ្ជាក់ពីការណ៍នេះដែរ។
បើតាមរ៉យទ័រ ទោះបីជាអ្នកការទូត អ្នកចារកិច្ច និងមន្ត្រីរុស្ស៊ីជាច្រើនរូបទៀតរំពឹងថាលោក ពូទីន នឹងបន្តកាន់អំណាចអស់ ១ ជីវិតក៏ដោយ ក៏រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយជាផ្លូវការ អំពីផែនការរបស់លោក ពូទីន ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនេះដែរ។
ចំណែកឯអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា លោក ពូទីន មិនទាន់បានថ្លែងអ្វីលើបញ្ហានេះទេ ដោយបន្ថែមថា យុទ្ធនាការឈរឈ្មោះបោះឆ្នោត មិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
គួរបញ្ជាក់ថា លោក ពូទីន ដែលមានអាយុ ៧១ ឆ្នាំ បានឡើងកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីលោក Boris Yeltsin នៅឆ្នាំ ១៩៩៩ ដោយ លោកកាន់តំណែងជាប្រធានាធិបតី យូរជាងមេដឹកនាំរុស្ស៊ីណាៗទាំងអស់។
ក្រុមអ្នកការទូតនិយាយថា គ្មានគូប្រជែងខ្លាំងៗណាអាចគំរាមកំហែងឱកាសរបស់លោក ពូទីន ក្នុងការបោះឆ្នោតខាងមុខបានទេ ប្រសិនបើលោកឈរឈ្មោះម្ដងទៀត។ អតីតចារកម្ម KGB រូបនេះ ទទួលបានអត្រាចូលចិត្តពីអ្នកគាំទ្ររហូតដល់ទៅ ៨០ ភាគរយ បូកបញ្ចូលទាំងការគាំទ្រពីរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងៗទៀត។ គេមើលឃើញថា នាពេលនេះស្ទើរតែគ្មានការប្រឆាំងជាសាធារណៈចំពោះការគ្រប់គ្រងបន្តរបស់លោកឡើយ។
ជាមួយគ្នានោះ ក្រោយពន្លត់ភ្លើងនៃការបះបោរប្រដាប់អាវុធដែលរៀបចំឡើងដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ន័រកាលពីខែមិថុនា លោក ពូទីន បានបញ្ចេញសកម្មភាពដើម្បីទាញការគាំទ្រដ៏រឹងមាំពីកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអ្នកបោះឆ្នោតមូលដ្ឋានដែលនៅខាងក្រៅទីក្រុងមូ៉ស្គូ។
វិស័យការពារជាតិ សព្វាវុធ និងការចំណាយថវិកាសរុបរបស់រុស្ស៊ីបានកើនឡើង ខណៈលោក ពូទីន បង្ហាញខ្លួនជាសាធារណៈជាច្រើនលើក រួមទាំងនៅក្នុងតំបន់ក្នុងប៉ុន្មានខែថ្មីៗនេះ។
យ៉ាងណាមិញ លោក ពូទីន ក៏នៅតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរបំផុតជាច្រើន។ សង្គ្រាមនៅអ៊ុយក្រែន បានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ហើយជាលទ្ធផល ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះទន់ខ្សោយ។
សេចក្តីព្រាងផែនការរបស់រដ្ឋាភិបាលរុស្ស៊ីបង្ហាញថា អតិផរណាបានកើនឡើង ខណៈប្រាក់រូប្លិ៍រុស្ស៊ី បានធ្លាក់ចុះចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ហើយការចំណាយលើវិស័យការពារជាតិនឹងមានចំនួនជិត ១/៣ នៃការចំណាយថវិកាសរុបរបស់រុស្ស៊ីក្នុងឆ្នាំ ២០២៤។
លោកខាងលិច បានចាត់ទុកលោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាម និងជាជនផ្តាច់ការ ដែលបានដឹកនាំរុស្ស៊ីចូលទៅក្នុងការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ដែលបានធ្វើឱ្យរុស្ស៊ីចុះខ្សោយ៕