​រដ្ឋាភិបាល​ស្រមោល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាមស៊ីវិល បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងទ័ព​ប្រឆាំង​របប​យោធា​បាន​ដណ្តើម​កាន់កាប់​តំបន់​ប្រជុំជន​មួយ​នៅ​កណ្តាល​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ទីស្នាក់ការ​កណ្តាល​រដ្ឋបាល​ស្រុក​។ យោង​សេចក្តីរាយការណ៍​របស់​ទី​ភ្នា​ក់​ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​រដ្ឋាភិបាល​រួបរួម​ជាតិ​ស្រមោល (NUG) បាន​សាទរ​ការដណ្តើម​បាន​នោះ​ថា ជា​ជ័យជម្នះ​ដ៏​សំខាន់ បើទោះបីជា​អ្នកវិភាគ​បាន​ព្រមាន​ថា អ្នក​ប្រយុទ្ធ​អាច​តស៊ូ​ដើម្បី​កាន់កាប់​តំបន់ Kawlin ដែលមាន​ប្រជាជន​ប្រហែល ​២៥ ០០០​នាក់​។​

​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​អំពើហិង្សា ខណៈដែល​កងកម្លាំង​ប្រឆាំងនឹង​ខ្លួន រួមទាំង​កងទ័ព​ជនជាតិភាគតិច បានចាប់ផ្តើម​ការវាយប្រហា​រ​ថ្មី​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០២១​។​


NUG បាន​និយាយថា កងទ័ព​ប្រឆាំង​បាន​វាយប្រហារ​ទាហាន​របប​យោធា​នៅ​តំបន់ Kawlin កាលពី​សប្តាហ៍​មុន មុនពេល​មានអំណាច​លើ​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ និង​ដណ្តើម​កាន់កាប់​តំបន់​ប្រជុំ​ជននេះ​តែម្តង​។​

​ក្រសួងការពារជាតិរ​បស់រ​ដ្ឋា​ភិ​បាល​ស្រមោល​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ទា​ហាន​ដែល​លើក​ទង់​នៃ​ក្រុម​តស៊ូ​តម្រង់​ជួរ​ជាមួយ​រដ្ឋាភិបាល​ស្រមោល​។​


​នាយករដ្ឋមន្ត្រី NUG លោក Mahn Winn Khaing Thann បាន​និយាយ​នៅលើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X ថា​ «​ទីប្រជុំ​​ជន​ថ្នាក់ស្រុក​មួយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យើង​»​។​

​រ៉​យ​ទ័​រ​ក៏បាន​បញ្ជាក់ថា ខ្លួន​បាន​ទាក់ទង​អ្នកនាំពាក្យ​របប​យោធា តែ​មិនបាន​ឆ្លើយតប​នឹង​ការហៅ​ទូរស័ព្ទ​មុនពេល​ចេញផ្សាយ​ព័ត៌មាន​ទេ​៕