ប៉ូលិស​ក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម​ បាន​ចាប់​ខ្លួន​​បុរស​ ៣ នាក់​ ដោយ​សារ​ពួកគេបាន​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​ ហើយ​ចែក​ចាយ​​វិដេអូ​លើ​បណ្ដាញ​សង្គម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​កាសែត​ VnExpress កាល​ពី​ថ្ងៃ​ពុធ។​

ប៉ូលិស​និយាយ​ថា​ បុរស​ទាំង​៣​នាក់ រួម​មាន​ឈ្មោះ​​ Duong Quoc Cuong អាយុ​ ​ ៣២ ឆ្នាំ​ ឈ្មោះ​​​Hoang Anh Trung ​អាយុ​ ២០ ឆ្នាំ​​​និង​ឈ្មោះ​​​Nguyen Thanh Xuan Truong ​អាយុ ​២៣​ ឆ្នាំ​ ពេល​នេះ​​កំពុង​ប្រឈម​មុខ​នឹង​​ការ​ចោទ​ប្រកាន់​ពី​បទ​«​រំខាន​សណ្តាប់​ធ្នាប់​សាធារណៈ​»​។

​ក្នុង​វិដេអូ​ដែល​​ចែក​ចាយលើ​បណ្ដាញ​សង្គម​ អ្នក​ទាំង​៣​ជិះ​ម៉ូតូ​តែ​មួយ​ ​ហើយ​គ្មាន​នរណា​ម្នាក់​ពាក់​មួក​សុវត្ថិភាព​នោះ​ទេ​ ដោយ​ជួន​កាលពួក​គេ​បង្ហោះ​កង់​មុខ​ ជួន​កាល​ព្រលែង​ចង្កូត​ ហើយ​ជួន​កាលអ្នក​បើក​​បញ្ឈរ​ខ្លួន​ទុក​តែ​ដៃ​ជាប់​ចង្កូត​​ជា​ដើម​។


បើ​តាម​ VnExpress ម្នាក់​​ឈ្មោះ​ Cuong ​គឺ​ជា​ម្ចាស់​យូធូប​ឆាណែល​ និង​ហ្វេសប៊ុក​ ដែល​មាន​អ្នក​តាម​ដាន​រាប់​ម៉ឺន​នាក់​។ ​

​ប៉ូលិស​បាន​និយាយ​ថា​នៅ​ពេល​បក្ស​ពួក​ទាំង​៣​នាក់​ ចែក​ចាយ​រូប​ភាព​ និង​វិដេអូ​បែប​​បង្ហោះ​ម៉ូតូ​បែប​នេះ​ ទៅ​លើ​បណ្ដាញ​សង្គម​ វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​​ដល់​​សណ្តាប់​ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​វា​ក៏​អាច​បង្កើត​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​យុវជន​ ដែល​តាម​ដាន​​ពួក​គេ​​លើ​អ៊ិនធឺណិត​ផង​ដែរ​។​


យ៉ាង​ណា​មិញ​ មិន​មាន​ការ​ចុះ​ផ្សាយ​ថា​ អ្នក​ទាំង​៣​ត្រូវ​ទទួល​ទោស​បែប​ណា​ ឬ​រង​ការ​ពិន័យ​យ៉ាង​ណា​នោះ​ទេ​៕