តុលាការ​កំពូល​ទីក្រុង​គូឡាឡាំពួ​ បាន​រក​ឃើញ​​​ថា​ អតីត​រដ្ឋ​មន្រ្តីក្រសួង​​យុវជន​ និង​កីឡាវ័យ​ក្មេង​ល្បី​ឈ្មោះ​​ និង​បច្ចុប្បន្ន​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ លោក​ ​ស៊ីយ៉ីដ ​សាឌីក ​ស៊ីយីដ​ អាប់ឌុល​ រ៉ស់ម៉ាន​ (Syed Saddiq Syed Abdul Rahman) បាន​ជាប់​ពិរុទ្ធ​​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ រួម​មាន​ទាំង​ការ​លាង​លុយ​កង្វក់​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ម៉ាឡេស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៩ខែ​វិច្ឆិកា​។ ​

លោក ស៊ីយ៉ីដ ​សាឌីក ​គឺ​ជា​​​ប្រធាន​​​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ម៉ាឡេស៊ី​ (MUDA) ​ដែល​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធ​​គណបក្សនយោបាយ​​ចម្រុះ​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី​ អាន់វ៉ា​ អ៊ីប្រាអ៊ីម កាល​ពី​ខែ​កញ្ញា​​​​ក្រោម​ហេតុ​ផល​ថា​ខ្លួន​មាន​​​ក្ដី​​ព្រួយ​បារម្ភចំពោះ​​​​អំពើ​ពុក​រលួយ​ ​បន្ទាប់​ពី​រាជ​អាជ្ញាម៉ាឡេស៊ី​ទម្លាក់​ចោល​បទ​​​​​ចោទ​ប្រកាន់​​ពុក​រលួយ​ប្រឆាំង​នឹង​ឧបនា​យក​រដ្ឋ​មន្ត្រី​​របស់​ប្រទេសនេះ​។

តុលាការ​កំពូល​ទីក្រុង​គូឡាឡាំពួ​ បាន​រក​ឃើញនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ថា​ លោក​ ស៊ីយ៉ីដ ​សាឌីក ជាប់​​ពិរុទ្ធ​​ក្នុង​​បទ​​ចោទ​​ប្រកាន់ចំនួន​៤​ រួម​មានទាំង​​​​​​​​​ឧក្រិដ្ឋកម្ម​​រំលោភ​​លើ​សេចក្ដី​ទុក​ចិត្ត​ ​​កេង​​យក​​ទ្រព្យ​​សម្បត្តិ​ និង​២​ករណី​នៃ​​​ការ​​លាង​​លុយ​កង្វក់​​។ ក្រោយ​ពិរុទ្ធ​ទាំង​នេះ​ លោក​ ស៊ីយ៉ីដ ​សាឌីក រង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​សរុប​ ៧ ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ១០ លាន​​រីងហ្គីត (២,១ លាន​ដុល្លារ​)។


មួយ​ករណី​ក្នុង​ចំណោម​នោះ​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុវជន​ និង​កីឡា​ដដែល​ ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួយ​​អតីត​មន្ត្រី​នៃ​គណបក្ស ​Bersatu ​ក្នុង​ការ​ក្លែង​បន្លំ​ថវិកា​ចំនួន​១​ លាន​រីងហ្គីត (២១៣ ៦៧៥ ដុល្លារ​) ​​ជា​មូលនិធិ​សម្រាប់​ក្រុម​យុវជន​របស់​គណបក្ស​។​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​​​នេះ​​ ​​​​​​ក្នុង​​ខែ​​មីនា ​ឆ្នាំ ​២០២០ ​​​ពេលបក្ស​​ Bersatu ​កំពុង​កាន់​​អំណាច​។​

​លោក​ ស៊ីយ៉ីដ ​សាឌីក ដែល​មាន​នេះ​មាន​វ័យ​ ៣០​ ឆ្នាំ​ ​ធ្លាប់​ជា​ប្រធាន​ក្រុម​យុវជន​របស់​បក្ស​ Bersatu ​ប៉ុន្តែ​​លោក​បាន​ដក​ខ្លួន​ ហើយ​ទៅ​បង្កើត​​គណបក្ស​ផ្ទាល់​ខ្លួន​របស់​​លោក​ គឺ​គណបក្ស​ MUDA ​នៅ​ឆ្នាំ​ ២០២០​។ ​


ចៅ​ក្រម​តុលាការ​កំពូល​ម៉ាឡេស៊ី​ លោក​Azhar Abdul Hamid ​បាន​និយាយ​ថា​ មេធាវី​ការពារ​ក្តី​ បាន​បរាជ័យ​ក្នុង​ការ​លើក​​ភស្តុតាង​​ណា​មួ​យ​ ដើម្បី​​ជម្រះ​ការ​ចោទ​ប្រកាន់​ទាំង​​​៤​​ ​ដែល​​លោក​ ស៊ីយ៉ីដ ​សាឌីក ​កំពុង​ប្រឈម​មុខ​។​

បើ​តាម​ការ​ចុះ​ផ្សាយ​ផ្សេង​ៗ​ សាក្សី​​តំណាង​​អយ្យការ​​សរុប​ ​៣០​ ​នាក់​ ​បាន​​ផ្តល់​​សក្ខីកម្ម​​ក្នុង​​សវនាការ​​ពាក់​ព័ន្ធ​នឹងលោក​​​ ស៊ីយ៉ីដ ​សាឌីក ​ដែល​ចាប់​ផ្ដើ​ម​នៅ​​ថ្ងៃ​​ទី​​២១ ​ខែ​​មិថុនា ​ឆ្នាំ​​២០២២​។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ តុលាការ​ជាន់​ខ្ពស់​បាន​អនុញ្ញាត​ឱ្យ​លោក​​នៅ​ក្រៅ​ទោស​សិន​ ដោយ​រង់​ចាំ​ការ​ប្តឹង​ឧទ្ធរណ៍​បន្ត​។

លោក​ ស៊ីយ៉ីដ ​សាឌីក ក៏ដូច​ជា​មេធាវី​ មិន​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​​ភ្លាម​ៗ​នោះ​​ទេ​ ក្រោយ​ការ​រក​ឃើញ​របស់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕