អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​ ៨ ​ខែ​វិច្ឆិកា​ ឆ្នាំ ២០២៤​ បានប្រកាសថា​ បាតុភូត​អាកាសធាតុ​អែលនីណូ (El Nino) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បាតុភូត​ដែល​បង្កឱ្យមាន​សីតុណ្ហភាព​ពិភពលោក​កើនឡើង​ខ្ពស់​ត្រូវបាន​គេ​ព្យាករណ៍​ថា​ នឹង​បន្ត​កើតមាន​រហូតដល់​យ៉ាងហោចណាស់​ខែមេសា​ឆ្នាំ ២០២៤ ខាងមុខនេះ។ បាតុភូត​អែលនីណូ​ជា​បាតុភូត​ដែល​នាំមក​នូវ​កម្ដៅ​កើនឡើង​ខ្ពស់​នៅ​ទូទាំង​ពិភពលោក ហើយ​បង្កឱ្យមាន​គ្រោះរាំងស្ងួត​នៅ​តំបន់​មួយចំនួន​និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ខ្លះ។

បាតុភូតអែលនីណូ​បច្ចុប្បន្ន​បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​ខែកក្កដា​ ដល់​ខែសីហា​ ហើយ​ត្រូវបាន​គេ​រំពឹងថា ​នឹង​ឈានដល់​កម្រិត​កំពូល​បំផុត​នៅ​ចន្លោះ​ពេលនេះ​ដល់​ខែមករា ឆ្នាំ២០២៤។ នេះ​បើ​យោងតាម​ស្ថាប័ន​ឧតុនិយម​ពិភពលោក​របស់​អង្គការសហប្រជាជាតិ។

ស្ថាប័ន​ឧតុនិយម​ពិភពលោក​បានបង្ហាញ​ថា៖ «ភាព​អាចទៅរួច​គឺមាន​រហូតដល់​ទៅ ៩០% ដែលថា ​បាតុភូត​នេះ​នឹង​បន្ត​រហូតដល់​ហួស​រដូវរងា​នៅ​អឌ្ឍគោល​ខាងជើង​ និង​រដូវក្តៅ​នៅ​អឌ្ឍគោល​ខាងត្បូង ហើយនឹង​បន្ត​រហូតដល់​ខែមេសា»។


ជាទូទៅ បាតុភូត​អែលនីណូកើតឡើង​រៀងរាល់២ទៅ៧ឆ្នាំ​ម្តង​ហើយ​វា​នឹង​នាំមក​នូវ​ទំនោរ​កើនឡើង​សីតុណ្ហភាព​សកល​ក្នុង​ឆ្នាំ​បន្ទាប់ពី​ការវិវត្ត​របស់​វា។បើទោះបីជា​ផលប៉ះពាល់​ភាគច្រើន​របស់​វា​នឹងមិន​ត្រូវបាន​កត់សម្គាល់​រហូតដល់​ឆ្នាំ២០២៤ក៏ដោយ​ប៉ុន្តែ​ស្ថាប័ន​ឧតុនិយម​ពិភពលោក​បានចង្អុលបង្ហាញ​ថា ព្រឹត្តិការណ៍​នេះ​កំពុង​កើតឡើង​ចំពេល​ដែលមាន​ការប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស។

គិត​រហូត​មកទល់ពេលនេះ ឆ្នាំ​ដែលមាន​សីតុណ្ហភាព​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​គឺ​ឆ្នាំ២០១៦ ពោលគឺ​បន្ទាប់ពី​បាតុភូត​អែលនីណូបាន​កើតឡើង​ចាប់ពី​ឆ្នាំ២០១៤ ដល់​ដើមឆ្នាំ២០១៦។យ៉ាងណាមិញ​ស្ថានភាព​អាកាសធាតុ​ពិភពលោក​បច្ចុប្បន្ន​ហាក់​កំពុង​ឈានទៅរក​កម្រិត​ខ្ពស់ជាង​កំណត់ត្រា​ឆ្នាំ២០១៦ ទៅទៀត។


ប្រធាន​ស្ថាប័ន​ឧតុនិយម​ពិភពលោក​លោក​ផេ​ថឺ​រី តា​ឡាស (Petteri Taalas)បាន​និយាយថា «ដោយសារតែ​សីតុណ្ហភាព​ខ្ពស់​ខ្លាំង​នៅលើ​ដីគោក​និង​ទឹកសមុទ្រ​ចាប់តាំងពី​ខែមិថុនា​មក ឆ្នាំ២០២៣នេះ​អាច​កំណត់ថា​ជា​ឆ្នាំ​ដែល​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន ហើយ​ឆ្នាំក្រោយ​អាច​នឹង​កាន់តែ​ក្តៅ​ថែម​ខ្លាំង​ជាងនេះទៀត»។

លោក​បាន​បញ្ជាក់ថា«នេះ​គឺ​ដោយសារតែ​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បង្កឡើង​ពី​សកម្មភាព​មនុស្ស»។លោក​ក៏បាន​ព្រមាន​ផងដែរ​ថា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ដូចជា​រលក​កំដៅ​គ្រោះរាំងស្ងួត​ភ្លើង​ឆេះ​ព្រៃ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​នឹង​កើតឡើង​កាន់តែ​អាក្រក់ទៅៗនៅ​តំបន់​មួយចំនួន។ លោក​ក៏បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ប្រព័ន្ធ​ប្រកាសអាសន្ន​ដែលមាន​ប្រសិទ្ធភាព​ផងដែរ។

បាតុភូត​អែលនីណូ​ចុងក្រោយ​បង្អស់​បានកើត​ឡើង​ក្នុង​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩បន្ទាប់មក​គឺ​បាតុភូត​ឡា​នីណា(La Nina)ដែល​វែង​ខុសពី​ធម្មតា។ គួរ​បញ្ជាក់ថា បាតុភូត​ឡា​នីណាគឺជា​បាតុភូត​អាកាសធាតុ​ដែល​នាំមក​នូវ​ភាព​ត្រជាក់ ផ្ទុយទៅនឹង​បាតុភូត​អែលនីណូ។បាតុភូត​ឡា​នីណា​នេះ​បានបញ្ចប់​ទៅហើយ​នៅ​ដើមឆ្នាំ​នេះ។យោងតាម​ស្ថាប័ន​ឧតុនិយម​ពិភពលោក​ដែល​បានធ្វើការ​ព្យាករណ៍​ចុងក្រោយ​បំផុត​បាន​បង្ហាញថា សម្រាប់​បាតុភូត​អែលនីណូ​បច្ចុប្បន្ន នឹង​បណ្ដាលឱ្យមាន​ការឡើង​កំដៅ​ផែនដី​នៅក្នុង​តំបន់​អេក្វាទ័រ​ភាគ​កណ្តាល​ប៉ាស៊ីហ្វិក​រហូតដល់​ខែមេសា​ឆ្នាំក្រោយ។

សីតុណ្ហភាព​នៅលើ​ផ្ទៃសមុទ្រ​ដែល​ក្តៅ​ជាង​ធម្មតា នឹង​កើតមានឡើង​នៅក្នុង​សមុទ្រ​ភាគច្រើន​របស់​ពិភពលោក​រួមជាមួយ​នឹង​សីតុណ្ហភាព​លើសពី​មធ្យម​នៅលើ​ផ្ទៃ​ដីគោក​ស្ទើរតែ​ទាំងអស់​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការកើនឡើង​ទឹកភ្លៀង​នៅ​តំបន់​ភាគ​ខាងកើត​បំផុត​នៃ​ទ្វីបអាហ្វ្រិក(Horn of Africa)និង​តំបន់​ជុំវិញ​កោះ​ផ្លា​តា (Plata) ប្រទេស​អេក្វាទ័រ នៅ​អាមេរិក​ខាងត្បូង​ភាគ​អាគ្នេយ៍​នៃ​អាមេរិក​ខាងជើង​ផ្នែក​ខ្លះ​នៃ​អាស៊ី​កណ្តាល​និង​អាស៊ី​ខាងកើត៕