ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ ដែល​លើក​បន្តុប​ដោយ​​របប​យោធា​​បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​​កាល​ពីថ្ងៃទី​១កុម្ភៈ​ ឆ្នាំ​២០២១​ បាន​និយាយថា ប្រទេស​នេះ​មាន​ហានិភ័យ​នៃ​ការបែកបាក់​គ្នា​និង​ការ​បំបែក​រដ្ឋ​ ដោយសារតែ​ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព​នៃ​អំពើហិង្សា​នាពេលថ្មីៗនេះ នៅក្នុង​តំបន់​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន។

​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋ​ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម​​​​ស៊ីវិល​អស់រយៈពេល​​​ជិត​ ៣ ឆ្នាំ​ ​បន្ទាប់​ពី​ក្រុម​តស៊ូ​​តាមតំបន់​​​ដណ្តើម​​បាន​ស្រុក​មួយ​​​នៅ​ជាប់​ព្រំដែ​ន​ជាមួយ​ចិនកាល​ពី​ពីរថ្ងៃមុន។ ​

ប្រទេស​មីយ៉ាន់ ​មាន​បាន​ធ្លាក់​ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​​​ជាមួយ​រដ្ឋាភិបាល​​កណ្តាល​ពី​ក្រុម​អ្នក​តស៊ូ​តាម​តំបន់​​ បន្ទាប់​ពី​ប្រមុខ​​​យោធា​​មីយ៉ាន់​ម៉ា​​​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​រដ្ឋាភិបាល​​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ក្រោយ​ការ​បោះឆ្នោត​​ឈ្នះ​ភ្លូកទឹកភ្លូកដី​​កាល​ពី​ខែ​មករា​​ឆ្នាំ​២០២១។


ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍ថា របប​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈមមុខ​នឹង​ការ​ប្រឈម​ដ៏​ធំ​បំផុត​ចំពោះ​អាជ្ញាធរ​របស់ខ្លួន​ចាប់តាំងពី​ខ្លួន​ទទួលបាន​អំណាច​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ២០២១​ជាមួយនឹង​ការវាយប្រហារ​ដោយ​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍ និង​ជនជាតិភាគតិច​លើ​មូលដ្ឋាន​យោធា​រាប់រយ​នៅ​ភាគ​ខាងជើង ភាគ​ឦសាន ភាគ​ពាយព្យ និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស។

លោក Myint Swe ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខ​ថា៖«ប្រសិនបើ​រដ្ឋាភិបាល​មិន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ឧប្បត្តិ​ហេតុដែល​កើតឡើង​នៅក្នុង​តំបន់​ព្រំដែន​នោះ ប្រទេស​នឹងត្រូវ​បែងចែក​ជា​ច្រើន​ផ្នែក​ផ្សេង​ៗ​»។


«វា​ចាំបាច់​ក្នុងការ​គ្រប់គ្រង​បញ្ហា​នេះ​ដោយ​ប្រុងប្រយ័ត្ន។ ព្រោះ​ពេលនេះ​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​រដ្ឋ ប្រជាជន​ទាំងមូល​ត្រូវតែ​គាំទ្រ​កងទ័ព (របបយោធា)»។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ យោធា​បាន​ទទូចថា វា​គឺជា​ស្ថាប័ន​តែមួយគត់​ដែលមាន​សមត្ថភាព​គ្រប់គ្រង​អតីត​អាណានិគម​អង់គ្លេស​ចម្រុះ​ជាតិ​សាសន៍​ជាមួយគ្នា ដោយ​ប្រើប្រាស់​អំណះអំណាង​នោះ​ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការ​ក្តាប់​អំណាច​របស់ខ្លួន និង​ដើម្បី​កម្ទេច​ក្រុមប្រឆាំង៕​