កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ក្រោម​ការសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ ​និង​ប្រទេស​តួ​ក​គី ដែល​បាន​ងាប់​កាលពី​ខែកក្កដា ក្រោយ​រុស្ស៊ី​ប្រកាស​ដកខ្លួន​ចេញ​ជា​ឯកតោភាគី​នោះ ទំនង​មិនអាច​រស់​ឡើងវិញ​នោះទេ ទោះបីជា​ពិភពលោក​ប្រឈម​ការខ្វះ​ខាត​និង​ការស្រេកឃ្លាន​។

​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ កាលពី​ថ្ងៃ​ពុធ​ ទី​ ​៨ ​​ខែវិច្ឆិកាថា វា​នឹង​ពិបាក​ក្នុងការ​ស្តារឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​នេះ ដែល​អនុញ្ញាតឱ្យ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​តាម​សមុទ្រ​ខ្មៅ​ប្រកប ទៅដោយ​សុវត្ថិភាព ក្រោយ​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​កាលពី​ខែកក្កដា​។

​លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​នឹង​ពិបាក​។ យើង​កំពុង​បន្ត​ខិតខំ​ប្រឹងប្រែង​ប៉ុន្តែ​វា​នឹងមាន​ការលំបាក​»​។​


​លោក​បន្តថា គោលដៅ​ចម្បង​គឺ​ធ្វើឱ្យ​ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន យល់ព្រម​គ្នា​អនុញ្ញាត​ឱ្យមាន​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​សម្រាប់​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ការណ៍​នេះ​ទំនងជា​មិនអាច​ទៅរួច​នោះទេ​។​

​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ទូទាំងប្រទេស​កាលពី​ចុងខែ​កុម្ភៈ ​ឆ្នាំមុន​។ ប្រទេស​លោកខាងលិច ហើយ​អង្គការសហប្រជាជាតិ បាន​ស្ដីបន្ទោស​ការឈ្លានពាន​នេះថា ​ធ្វើឱ្យ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​កាន់តែ​ដុនដាប​ទៅៗ ដោយសារតែ​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​នាំចេញ​ផលិតផល​ស្បៀង​ធញ្ញជាតិ​សំខាន់ៗ ហើយ​សហព័ន្ធរុស្ស៊ី​ក៏​ជា​អ្នក​នាំចេញ​ជី​កសិកម្ម​ដ៏​ធំ​របស់​ពិភពលោក​។


​នាពេលនេះ មន្ត្រី​អង្គការសហប្រជាជាតិ​កំពុងធ្វើការ​ដើម្បី​ព្យាយាម​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ដែល​រុស្ស៊ី​ដកខ្លួន​ចេញ​កាលពី​ខែកក្កដា ក្រោយ​កិច្ចព្រមព្រៀង​នេះ​សម្រេចបាន​មួយឆ្នាំ​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជាជាតិ និង​តួ​ក​គី​។

​រុស្ស៊ី​បាន​ត្អូញត្អែរថា​ការនាំ​ចេញ​ផលិតផល​ស្បៀងអាហារ និង​ជី​របស់ខ្លួន​ជួបនឹង​ឧបសគ្គ​ដែល​ខុសពី​អ្វីដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង ហើយ​ចោទ​ទៀតថា អ៊ុយ​ក្រែ​ន​នាំចេញ​ស្បៀង​ធញ្ញជាតិ​ភាគច្រើន​ទៅ​ប្រទេស​លោកខាងលិច ជាជាង​ទៅកាន់​ប្រទេស​ក្រីក្រ​ដែល​ជួប​បញ្ហា​ស្បៀង​ធ្ងន់ធ្ងរ ជាពិសេស​តំបន់​អ្រា​ហ្វិ​ក​និង​ប្រទេស​ក្រីក្រ​នៅ​មជ្ឈិមបូព៌ា​។ ការណ៍​នេះ ត្រូវបាន​លោកខាងលិច និង​អ៊ុយ​ក្រែ​ន​ច្រានចោល ហើយ​និយាយថា ភាគី​រុស្ស៊ី យក​បញ្ហា​ស្បៀង​ធ្វើជា​អាវុធ​៕​