​ថ្នាក់ដឹកនាំ​ប្រទេស​តួ​ក​គី​ដែល​ទើប​បរិហារ​ប​ច្ចឹ​ម​ប្រទេស​លើ​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​ដោយសារ​ការ​លម្អៀង​ទៅរក​អ៊ីស្រា​អែល ពេលនេះ​បានចេញ​មុខ​បរិហារ​សហភាប​អឺរ៉ុប​ថា​ មាន​ភាពលម្អៀង​និង​អយុត្តិធម៌​លើ​ការស្នើ​ចូល​ជា​សមាជិកភាព​របស់​តួ​ក​គី​ក្នុង​សហភាព​អឺរ៉ុប​តាំងពី​ឆ្នាំ​ ​២០០៥​។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​នរាយ​ការណ៍​ថា ក្រសួងការបរទេស​តួ​ក​គី​បាន​និយាយថា របាយការណ៍​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​អឺរ៉ុប​ស្តីពី​ការស្នើ​ចូល​ជា​សមាជិកភាព​សហភាព​អឺរ៉ុប​ដែល​ជាប់គាំង​ជា​យូរ​របស់​ប្រទេស​តួ​ក​គី​គឺ ​«​អយុត្តិធម៌ និង​លម្អៀង​»​។​

​តួ​ក​គី​ដែលមាន​ភូមិសាស្ត្រ​នៅ​ដើម​បូព៌ា​ចន្លោះ​ទ្វីបអាស៊ី​និង​អឺរ៉ុប បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​តាំងពី​ឆ្នាំ​ ១៩៥២ ប៉ុន្តែ​ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​ប្រដាប់អាវុធ​មួយ​នេះ តួ​ក​គី​ក៏​តែង​ជំទាស់​បំណង​រួម​របស់​អង្គការ​ណា​តូ ជាពិសេស​ក្នុងដំណាក់កាល​ចុងក្រោយ តួ​ក​គី​បាន​ប្រើ​សិទ្ធិ​វេតូ​មិន​គាំទ្រ​លើ​ការស្នើ​សុំចូល​ជា​សមាជិកភាព​របស់​ប្រទេស​ស៊ុយអែត​ និង​ប្រទេស​ហ្វាំ​ង​ឡង់​ ដែល​ភ័យខ្លាច​ការរំលោភបំពាន​ពី​សំណាក់​រុស្ស៊ី​ដូច​ករណី​ប្រទេស​អ៊ុយ​ក្រែ​ន​។


​របាយការណ៍​របស់​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់ថា «​មាន​ការដើរថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​»​ របស់​ប្រទេស​តួ​ក​គី​លើ​ស្តង់ដា ប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស​និង​ឯករាជ្យភាព​របស់​តុលាការ​។ បើតាម​សេចក្តីរាយការណ៍​របស់​រ៉​យ​ទ័​រ​។​

​ក្រសួងការបរទេស​តួ​ក​គី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​ច្រានចោល​ទាំងស្រុង​នូវ​ការទាមទារ​ដែល​គ្មាន​មូលដ្ឋាន និង​ការរិះគន់​ដោយ​អយុត្តិធម៌ ជាពិសេស​លើ​លក្ខណៈវិនិច្ឆ័យ​នយោបាយ​និង​ជំពូក​ស្តីពី​សិទ្ធិ​តុលាការ និង​សិទ្ធិ​ជា​មូលដ្ឋាន​»​។​


​គណៈកម្មាការ​អឺរ៉ុប​ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​តួ​ក​គី​មិនបាន​គោរព​តាម​គោលការណ៍​នីតិរដ្ឋ សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​នោះទេ​។​

​ប្រទេស​តួ​ក​គី​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​គោរព​សាសនា​អ៊ីស្លាម ហាក់​មាន​ជំហរ​មិន​ស្របគ្នា​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អឺរ៉ុប ហើយ​ក្នុង​ជម្លោះ​អ៊ីស្រា​អែល​-​ប៉ាឡេ​ស្ទី​ន តួ​ក​គី​បាន​ចេញមុខ​បរិហារ​អាមេរិក​ និង​អឺរ៉ុប​ដែលជា​អ្នកគាំទ្រ​​អ៊ីស្រា​អែល​ថា ជា​ចក្រ​ព័ន្ធ​និយម​ទៀតផង​។​

​ក្រសួង​តួ​ក​គី​បាន​និយាយថា ការចោទប្រកាន់​របស់​អឺរ៉ុប​គឺ​អយុត្តិធម៌ ហើយ​បាន​គូសបញ្ជាក់​ពី «​ភាពមិនស្មោះត្រង់​នៃ​វិធីសាស្ត្រ​របស់​អឺរ៉ុប និង​ស្តង់ដា ២​​ យ៉ាងច្បាស់​លាស់​» ដោយ​បន្ថែមថា​បញ្ហា​សិទ្ធិ​ជា​មូលដ្ឋាន​មានការ​ឈ្លោះប្រកែក​គ្នា​សូម្បីតែ​ក្នុងចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ក៏ដោយ​។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​នេះ​ គឺមាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​របស់​ប្រទេស​តួ​ក​គី​ ឆ្ពោះទៅរក​ស្តង់ដា​សម្រាប់​ស​មា​ជិ​ក​ភាព​សហភាព​អឺរ៉ុប ហើយ​អាចធ្វើឱ្យ​ទំនាក់ទំនង​ដែល​កំពុងមាន​បញ្ហា​រួចទៅហើយ​លើ​ជនអន្តោប្រវេសន៍ ហើយ​ថ្មីៗ​នេះ សង្គ្រាម​រវាង​អ៊ីស្រា​អែល និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​៕